អ្នកប្រដាល់គុនខ្មែរ លេងចិត្តសាស្ត្រ បឺត សង្ឃឹម និងត្រូវជួបប្រកួតជើងខ្លាំងថៃ យោ ធីន នៅថ្ងៃសៅរ៍ ទី១៧ ខែកុម្ភ: ឆ្នាំ២០២៤ ដើម្បីដណ្ដើមខ្សែក្រវាត់ស្ថាប័នពិភព WBC នៅប្រទេសអូស្រ្តាលី។

បឺត សង្ឃឹម បានថ្លែងថា៖«គ្រាន់តែទទួលដំណឹងថាខ្លួនត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ស្ថាប័នពិភព WBC នៅប្រទេសអូស្រ្តាលីភ្លាម រូបគេបានប្រាប់លោកគ្រូ សេន ប៊ុនថេន បដិសេធការប្រកួតទាំងអស់នៅស្រុក ដើម្បីត្រៀមខ្លួនឲ្យល្អបំផុតមុនប៉ះជើងខ្លាំងថៃ យោ ធីន»។

បឺត សង្ឃឹម បន្តទៀតថា៖«បើសិនរូបគេចង់បានលុយ រូបគេមិនចេញទៅប្រកួតដណ្ដើមខ្សែក្រវាត់ស្ថាប័នពិភព WBC នៅប្រទេសអូស្រ្តាលីនោះទេ ដោយសារការប្រកួតនៅកម្ពុជាបច្ចុប្បន្ន រូបគេទទួលបានតម្លៃខ្លួនច្រើនគួរសម លើសការប្រកួតក្រៅប្រទេសទៀតផង។ ប៉ុន្តែដោយសារដើម្បីមុខមាត់ជាតិ, ដើម្បីគុនខ្មែរ ចង់ឲ្យបរទេសស្គាល់ពីគុនខ្មែរកាន់តែច្រើន ជាពិសេសរូបគេចង់បន្សល់ទុកស្នាដៃជូនក្មេងជំនាន់ក្រោយ និងជាស្ពានសម្រាប់កីឡាករក្រោយៗទៀត»។

ជាចុងក្រោយកីឡាករ បឺត សង្ឃឹម ថាខ្លួនរំភើបខ្លាំងណាស់ពេលបងប្អូនខ្មែរដែលរស់នៅប្រទេសអូស្រ្តាលី ទទួលស្វាគមន៍យ៉ាងកក់ក្តៅទាំងការស្នាក់នៅ និងម្ហូបអាហារខ្មែរជាច្រើនមុខ ជាពិសេសឧបករណ៍ហាត់ ដើម្បីត្រៀមប្រកួតថែមទៀតផង៕

Share.