មនុស្សម្នាក់​បានស្លាប់ និង​មនុស្ស​២២​នាក់​ផ្សេង​ទៀត​រងរបួស ដោយ​ក្នុង​នោះ​មាន​កុមារ​ចំនួន ១១​នាក់ ក្រោយ​ហេតុការណ៍​បាញ់រះមួយ​បាន​កើត​ឡើង​នៅ​ក្បែរ​​កម្មវិធី​អបអរសាទរ​ជ័យ​ជំនះ​មួយ​របស់​ក្រុម​បាល់ឱប​ដែល​​មាន​សង្សារ​ថ្មី​របស់​ Taylor Swift ជា​សមាជិក​ក្រុម​។

ការ​បាញ់​ប្រហារ​​ដ៏អាក្រក់​នេះ​បាន​កើត​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ចំទិវា​នៃ​ក្ដី​ស្រលាញ់​ ក្បែរ​វិថី​ដង្ហែ​ក្បួន​អបអរសាទរពាន Super Bowl នៅក្នុង​ក្រុង Kansas។ បើតាម​សម្ដី​របស់​ប៉ូលិសបាន​ទម្លាយ​ឱ្យ​ដឹង​ថា គេ​ចាប់​បាន​ជនសង្ស័យ​ចំនួន​៣​រូប ដើម្បី​​យក​ទៅ​សាកសួរចម្លើយ​។

ងាក​មក​ស្ត្រី​រងគ្រោះ​ដែល​ជួប​រឿង​អកុសល​នេះ ត្រូវ​បាន​គេ​ដឹង​អត្តសញ្ញាណហើយ លោក​ស្រីមាន​ឈ្មោះ​ថា​ Lisa Galvan-Lopez ​ គឺជា​អ្នក​ម្ដាយ​កូន​២​ ដែល​ជា​អ្នក​គាំទ្រ​ដ៏ពេញ​ទំហឹង​របស់​ក្រុម​បាល់ឱប​នេះ​​។ លោក​ស្រី​​មាន​វ័យ​ខ្ទង់​ ៤៤​ឆ្នាំ​ គឺជា​ ឌីជេវិទ្យុ​ក្នុង​តំបន់​ និង​ជា​ពិធីករ​នៅ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍ មនុស្ស​ក្នុង​តំបន់​ស្គាល់​លោក​ស្រី​​ស្ទើតែ​គ្រប់​គ្នា​។

បើ​តាម​សម្ដី​របស់​មិត្ត​ភ័ក្តិ​លោកស្រី​ បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ នៅពេល​ដែល​គ្រូពេទ្យ​កំពុង​តែ​វះកាត់​ជួយ​សង្គ្រោះ​អាយុជីវិត​ ដោយ​សារតែ​ត្រូវ​របួស​ត្រង់​ក្បាលពោះ​។ មិត្ត​ភក្ដិលោក​ស្រី​បាន​បន្ថែម​ថា​ កូន​ប្រុស​ច្បង​របស់​លោក​ស្រី​ Lisa ក៏រងរបួសដោយ​សារ​គ្រាប់​កាំភ្លើង និង​កំពុង​សំរាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​​ដូច​គ្នា​ផង​ដែរ។

សូម​ជំរាបជូន​ថា ជនរងគ្រោះ និង​ស្វាមី​ ព្រម​ទាំង​កូន​ប្រុស​ទាំង​ពីរ​ រស់​នៅ​ក្បែរ​ទីតាំង​កើត​ហេតុ ដោយ​គ្រាន់​តែ​ចំណាយពេល​បើក​បរ​ពី​ផ្ទះ​ទៅ​ទីតាំង​នោះ​ត្រឹម​តែ​១​ម៉ោង​ប៉ុណ្ណោះ​៕

Share.