សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅ​ព្រឹក​ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២៤នេះ បាននាំយកប្រាក់រង្វាន់លើកទឹកចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់ជូនគ្រូបង្វឹក គ្រូជំនួយ និង​អត្តព​លិក​ដណ្ដើម​បានជយលាភី ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេស​ឥណ្ឌូនេស៊ី កាលពីឆ្នាំ២០២២ ដែលធ្វើឡើងនៅទីស្ដីការក្រសួងការពារជាតិ។

រំលឹកថា សម្រាប់​ព្រឹត្តិការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ កម្ពុជា បញ្ជូន ១១ប្រភេទកីឡា ទៅចូលរួមប្រកួតរួមមាន កីឡាអត្តពលកម្ម, ហែលទឹក, បាល់ទះ​អង្គុយបុរស និងនារី, បាល់​បោះ​រទេះ​បុរស និងនារី, បាល់បោះជនពិការភ្នែក, បាល់ទាត់៧ម្ខាង (ចលករខួរក្បាល), វាយកូនឃ្លីលើតុ, វាយសី, លើកទម្ងន់, អុក និងប៊ូស្យា

​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម លើកទី១១ នៅ​ទីក្រុង​សូឡូ ប្រទេសឥណ្ឌូនេស៊ី ចាប់ផ្ដើមពីថ្ងៃទី៣០ ខែកក្កដា ដល់​ថ្ងៃទី​០៦ ខែ​សីហា ឆ្នាំ២០២២ ដោយ​មាន​កីឡា ១៤​ប្រភេទ​ដាក់​ឲ្យប្រកួត។ កាលនេះ កម្ពុជា​ដណ្តើម​បាន​មេដាយ​សរុប​ចំនួន ២៨គ្រឿង រួមមានមាស ៧ ប្រាក់ ១០ និងសំរឹទ្ធ ១១ ក្នុង​វិញ្ញា​សារ បូស៊ីយ៉ា បាល់ទះអង្គុយបុរស បាល់បោះរទេះរុញនារី វាយកូនឃ្លីលើតុ អុក អត្តពលកម្ម និងហែលទឹក៕

Share.