ភ្នំពេញ ៖ យុវជន យុវតី ៣នាក់បងប្អូន ខណៈដែលជិះម៉ូតូមួយគ្រឿងឌុបគ្នា វិលទៅផ្ទះ ត្រូវបានក្មេងស្ទាវមួយក្រុម គ្នាជាង២០នាក់ ជិះម៉ូតូជាង១០គ្រឿង ប្រដេញតាម ស្ទាក់វាយ គម្រាម យកលុយ ទ្រព្យសម្បត្តិ អស់ពីខ្លួន សរុបជាង២ពាន់ដុល្លារ ហើយរត់គេចបាត់អស់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវតាកន ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង៣នាក់ ៖ ទី១ ឈ្មោះ ឃុន រតនៈ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានទីលំនៅ សង្កាត់ចតុមុខ ខណ្ឌដូនពេញ អស់ទូរស័ព្ទដៃ I phone 12 pro max ។ ទី២ ឈ្មោះ អឿន រាជមង្គល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ដឹកម្ហូប អស់កងដៃ ខ្សែក និងចិញ្ចៀន មានទីលំនៅ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។ ទី៣ ឈ្មោះ លំ វណ្ណី ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានទីលំនៅ សង្កាត់ចតុមុខ ខណ្ឌដូនពេញ អស់ទូរស័ព្ទដៃ 13 pro និងលុយ៣០ដុល្លារ ។

តាមសម្តីជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុ ខណៈដែលជិះម៉ូតូឌុបប្អូនៗ គ្នា៣នាក់ ធ្វើដំណើរចេញពីផ្ទះ នៅសង្កាត់ចតុមុខ ឆ្ពោះទៅផ្ទះជួល នៅភូមិព្រៃទា២ តាមផ្លូវសហព័ន្ធរុស្សុី បត់ចូលតាមផ្លូវតាកន ពីកើតទៅលិច ជិតដល់ផ្ទះជួលទៅហើយ ស្រាប់តែលេចមុខក្រុមក្មេងស្ទាវ ប្រមាណជាង២០នាក់ ជិះម៉ូតូជាង១០គ្រឿង ចេញពីម្តុំ របងព្រលាន ផ្លូវសហព័ន្ធរុស្សុី ដេញតាម ស្ទាក់ យកមួកសុវត្តិភាពវាយ គម្រាម យកលុយបាក់ ទ្រព្យសម្បត្តិ អស់ពីខ្លួនរលីង សរុបជាង២ពាន់ដុល្លារ ហើយក្រុមជនសង្ស័យគេចខ្លួនបាត់អស់ ។

តាមសម្តីជនរងគ្រោះ ឈ្មោះ អឿន រាជមង្គល បានឱ្យដឹងថា បានជាឌុបជូនប្អូនៗវិលទៅផ្ទះជួល វេលាជិតភ្លឺ ព្រោះប្រញាប់ ឱ្យទាន់ចូលរៀនផង ហើយខ្លួនប្រញាប់ឱ្យទាន់ វិលទៅធ្វើការងារវិញផង បែជាជួបរឿងបែបនេះ ។

ក្រោយកើតហេតុ មិនទាន់បានទៅដាក់ពាក្យបណ្តឹងភ្លាមទេ រហូតដល់វេលាម៉ោង៧ព្រឹក ថ្ងៃដដែលទើបហៅបងប្អូន ឱ្យឌុបជូនទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.