ចុង​សប្ដាហ៍នេះ វិសាខា នឹង​បើ​ទ្វាកីឡដ្ឋាន ព្រីនស៍​ ដើម្បី​ទទួល​ក្រុម​ អាយ អេស​ អាយ ដង្កោ​សែន​ជ័យ ក្នុង​ជំនួប​សប្ដាហ៍ទី២១ ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤។

មុនជំនួន​មក​ដល់ កែវ សុខ​សិលា អ្នក​ចាំទី​របស់វិសាខា បាន​បង្ហាញ​ចំណាប់​អារម្មណ៍​​ថា៖ «ពួកយើង​បាន​ត្រៀម​ខ្លួន ក៏ដូចជារៀបចំបានល្អ សម្រាប់ការប្រកួតនាចុងសប្តាហ៍នេះ ។ យើង​បាន​ដឹង​ហើយ​ថា ការប្រកួត ២ជើងកន្លងមក ជាមួយក្រុម អាយ អេស អាយ ដង្កោសែនជ័យពួក​យើង​ឈ្នះម្ដង និង​ស្មើម្ដង។ ដូច្នេះវាមិនមែនជាការប្រកួតដែលងាយស្រួលនោះទេ។ ប៉ុន្តែពួកខ្ញុំប្តេជ្ញា នឹង​ធ្វើ​ឲ្យ​បាន​ល្អ​ជាង ការប្រកួតមុនៗ ដើម្បីដណ្តើម ៣ពិន្ទុក្នុងផ្ទះរបស់ពួកយើង»។

កែវ សុខ​សិលា បន្ថែម​ថា៖ ចុងក្រោយខ្ញុំថ្លែងអំណរគុណបងប្អូនអ្នកគាំទ្រ ដែលតែងផ្តល់កម្លាំងចិត្ត និងគាំទ្រពួកយើង ទោះ​បី​លទ្ធផល​យ៉ាង​ណាក្តី ហើយខ្ញុំសង្ឃឹមថា ការប្រកួត​នៅ​កីឡ​ដ្ឋាន​ព្រីនស៍​ចុង​សប្តាហ៍នេះ បង​ប្អូន​នឹង​អញ្ជើញចូលរួមទស្សនាឲ្យបានច្រើនកុះករ។ សូមអរគុណ!

សូម​រំលឹក​ថា ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​លីគកំពូល​កម្ពុជា វិសាខា ធ្លាប់​ប៉ះ​គ្នា​ជា​មួយ អាយ អេស អាយ ដង្កោ​សែនជ័យ ២ដងរួម​មក​ហើយ​ ដោយ​ជំនួប​ទី១ នៅសប្ដាហ៍ទី៣ វិសាខា បាន​យក​ឈ្នះ​ក្នុង​លទ្ធ​ផល ៤-០ ជំនួបទី២ នៅសប្ដាហ៍ទី១២ បាន​ត្រឹម​ស្មើគ្នា ១-១។ ខណ:​ជំនួប​លើកទី៣ នឹង​ជួប​គ្នា​នៅ​ថ្ងៃអាទិត្យ ទី១៨ ខែកុម្ភ: ចុង​សប្ដាហ៍នេះ៕

Share.