ទីក្រុងឡាអេ៖ អ៊ីស្រាអែលបានស្នើឱ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ច្រានចោលសំណើរបស់អាហ្រ្វិកខាងត្បូង ដើម្បីចេញវិធានការបន្ទាន់បន្ថែមទៀតដោយសារតែផែនការរបស់អ៊ីស្រាអែល ក្នុងការពង្រីកការវាយលុករបស់ខ្លួននៅតំបន់ហ្គាហ្សាចូលទៅក្នុងទីក្រុងរ៉ាហ្វា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។

នៅក្នុងឯកសារដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ដោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលត្រូវបានគេស្គាល់ថា ជាតុលាការពិភពលោក អ៊ីស្រាអែលបានប្រកែកថា វិធានការគ្រាអាសន្នដែលបានចេញកាលពី ៣សប្តាហ៍មុន បានគ្របដណ្តប់ស្ថានភាពនៃអរិភាពនៅក្នុងតំបន់ហ្គាហ្សាទាំងមូល ហើយតុលាការគួរតែបដិសេធសំណើរបស់អាហ្វ្រិកខាងត្បូង។

អ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងរៀបចំផែនការពង្រីកការវាយលុកលើដីរបស់ខ្លួនទៅកាន់ទីក្រុង Rafah ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីន ជាង១លាននាក់ បានស្វែងរកការជ្រកកោន ភៀសខ្លួនពីការវាយលុកនៅតំបន់ហ្គាហ្សា ចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាសបានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។

កាលពីដើមសប្តាហ៍នេះ អាហ្រ្វិកខាងត្បូងបានស្នើឱ្យតុលាការចេញវិធានការបន្ទាន់បន្ថែមទៀត ដើម្បីការពារសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន នៅទីក្រុងរ៉ាហ្វា។

ICJ កាលពីខែមុនបានបញ្ជាឱ្យអ៊ីស្រាអែល ចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ដើម្បីការពារកងទ័ពរបស់ខ្លួនពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។

ទាក់ទិននឹងបញ្ហានេះ អ៊ីស្រាអែល​បាន​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​នៃ​អំពើ​ប្រល័យ​ពូជសាសន៍ ​ទាក់ទិន​នឹង​សង្រ្គាម​ប្រឆាំង​នឹង​ក្រុម​ប្រដាប់​អាវុធ​អ៊ីស្លាម​ហាម៉ាស។ ប៉ុន្ដែវាមិនច្បាស់ទេថា នៅពេលណាដែលចៅក្រមនឹងសម្រេចលើសំណើចុងក្រោយរបស់អាហ្វ្រិកខាងត្បូង ឬថាតើពួកគេនឹងត្រូវសវនាការកោះហៅបន្ថែម ដើម្បីពិចារណាឬយ៉ាងណានោះទេ៕

ប្រភព៖ Reuters

Share.