សល់​ពេល​ប្រមាណ​៣ខែ​ទៀត​ទើប​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2023-24 បញ្ចប់​រដូវកាល​របស់​ខ្លួន​ខណៈ​​កីឡាករ​ជប៉ុន ម្នាក់​របស់​ក្រុម​ព្រៃវែងអេហ្វស៊ី បាន​សុំ​បញ្ចប់​កុងត្រា​មុន ក្រោម​ហេតុ​ផល​​បញ្ហា​គ្រួសារ ឯ​ស្រុក​កំណើត ខណៈ​មិន​បាន​ប៉ុន្មាន​ផង​រូប​គេ​ត្រូវ​បាន​ក្លិប​មួយ​ នៅ​ប្រទេស​ហ្វីលីពីន ប្រកាស​​ថា​បាន​ចុះ​បញ្ជី​ជា​សមាជិក​ក្លិប​ខ្លួន​ទៅ​វិញ។

កីឡាករ​នោះ​ជា​ប្រធាន​ក្រុម និង​កម្លាំង​សំខាន់​របស់​ព្រៃវែងអែហ្វស៊ី គឺ So Omae ដែល​​បង្ហាញ​ខ្លួន​បាន​១៥១៣នាទី និង​រក​គ្រាប់​បាល់​បាន​៤គ្រាប់​ឱ្យ​ក្រុម ព្រម​ទាំង​ឈ្នះ​ពានរង្វាន់ Man Of The Match ចំនួន​១លើក​ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា។ ក្រៅ​ពី​នោះ​ម្ចាស់​អាវ​លេខ​១៥​រូប​នេះ ក៏​ធ្លាប់​ជួយ​ក្រុម​ក្នុង​ពានរង្វាន់ Cambodian League Cup និង​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ឆ្នាំ​២០២៣-២៤ កន្លង​​ទៅ​ផង​ដែរ។

បើតាម​ប្រភពគួរ​អោយ​ទុកចិត្ត​បាន​មួយ​បញ្ជាក់​ថា​រូបគេ​ស្នើសុំ​បញ្ចប់​កិច្ចសន្យាជាមួយ​ក្រុម​ព្រៃវែងអែហ្វស៊ី ព្រោះ​ខ្លួន​មាន​បញ្ហា​ក្នុង​គ្រួសារ នៅ​ឯ​ប្រទេស​ជប៉ុន ដែល​ចាំបាច់​ត្រូវ​ដោះស្រាយ។ ប៉ុន្តែ​ក្រោយចាកចេញ​ពី​កម្ពុជា រូប​គេ​ទៅ​បន្ត​អាជីព​នៅ​ប្រទេស​ហ្វីលីពី​ន វិញ ដោយ​ប្រកាស​ផ្លូវការនៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ។

ក្លិប​ថ្មី​របស់ So Omae មាន​ឈ្មោះ​ថា Davao Aguilas F.C ជា​សមាជិក​លីគ​កំពូល​នៃ​ប្រទេស​ហ្វីលីពីន ខណៈ​ក្រុម​នេះ​ទើប​តែ​បង្កើត​បាន​៦ឆ្នាំ​ប៉ុណ្ណោះ ពោល​នៅ​ឆ្នាំ​២០១៧ ឈរ​លេខ​៧ ហើយ​ឆ្នាំ​២០១៨ ឈរ​ចំណាត់​ថ្នាក់​លេខ៣ ហើយ​ក៏​ផ្អាក​សកម្មភាព​​មួយ​រយៈ​រហូត​ដល់​​រដូវកាល​២០២៣ កន្លង​ទៅ​ទើប​ចូលរួម​ប្រកួត​ប្រជែង​ឡើង​វិញ។

ក្លិប Davao Aguilas F.C មាន​លោក Aber Ruzgal ជា​គ្រូ​បង្វឹក មាន​លោក Jefferson Cheng ជា​ប្រធាន​ក្លិប ដែល​លោក​ក៏​ជា​សហប្រធាន​នៃ​ក្លិប​បាល់ទាត់ Western Sydney Wanderers សមាជិក​លីគ​កំពូល​នៃ​ប្រទេស​អូស្រ្តាលី ផង​ដែរ។ លោក Jefferson Cheng ត្រូវ​បាន​គេ​ដឹង​ថា​ជា​បុគ្គល​សំខាន់​ជួយ​​ទំនុកបំរុង ក្រុម​បាល់ទាត់​ U-19 និង U23 របស់​ហ្វីលីពីន ស្រប​ពេល​ដែល​លោក​ក៏​ជា​ផ្នែក​ក្នុង​បេសកកម្ម​នាំ​ក្រុម​​នារី​ហ្វីលីពីន ឡើង​ទៅ​ប្រកួត ជើង​ឯក​ពិភពលោក 2023 FIFA Women’s World Cup នៅ​អូស្ត្រាលី និង​នូវែលហ្សេឡង់ ថ្មីៗនេះ​ផង​ដែរ។ កូន​ប្រុស​លោកJefferson Cheng ឈ្មោះ​ថា Enzo ក៏​ជា​សមាជិក​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន U19 និង U22 ទៀត​ផង។

លោក Jefferson Cheng ជា​នាយក​ប្រតិបត្តិ របស់ Sabre Sports United, International Goalkeeping Academy of Jimmy Fraser និង​ជា​ប្រធាន​ Philippine Airport Ground Support Solutions។

ក្រៅពីនាំចូល So Omae ក្លិប Davao Aguilas F.C បាន​ចុះ​បញ្ជី​កីឡាករ​បរទេស​៧រូប​ផ្សេង​ទៀត មាន​ដូចជា Yohann Fofana, Dosso Lancine, Coast Dini Ouattara ជនជាតិ​កូឌីវ័រ Mun Jun-su និង Mun Te-su ជនជាតិ​កូរ៉េខាងត្បូង Ibrahima Ndour ជនជាតិ​សេណាហ្គាល់ និង​Shoma Sato ជនជាតិ​ជប៉ុន៕

Share.