សែន ច័ន្ធរិទ្ធីគុន ឬ Thiago Teixeira គឺជាកីឡាករប្រដាល់ដើមកំណើតមកពីប្រទេសប្រេស៊ីល ហើយរូបគេត្រូវបានសម្តេច​តេជោ ​ស្នើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​ផ្តល់​សញ្ជាតិ​ខ្មែរ​ ជូននៅឆ្នាំ២០២៣។

ក្រោយទទួលបានបានសញ្ជាតិខ្មែរ កីឡាករ សែន ច័ន្ធរិទ្ធីគុន បានសម្រេចចិត្តបិទក្លិបប្រដាល់ អាហារដ្ឋាន និងអ្វីគ្រប់យ៉ាងនៅប្រទេសថៃ ដើម្បីផ្លាស់មករស់នៅប្រទេសកម្ពុជា ដូច្នេះរូបគេត្រូវខាតបង់ថវិកាសរុប ៥០ម៉ឺនដុល្លារ។

សែន ចន្ទឬទ្ធីគុន បានថ្លែងថា៖«ជម្រាបសួរអ្នកទាំងអស់គ្នា! ថ្ងៃនេះខ្ញុំចង់បញ្ចេញនូវអារម្មណ៍របស់ខ្ញុំប្រាប់អ្នកទាំងអស់គ្នា។ ចំពោះមួយរយ:កន្លងមក ខ្ញុំបានជំនះគ្រប់យ៉ាងដើម្បីជួយគុនខ្មែរ ប៉ុន្តែទទឹមនោះខ្ញុំក៏បានខាតបង់ លុយចំនួន 500,000 ម៉ឺនដុល្លារ ជាមួយនឹងក្លិប អាហារដ្ឋាន ហាងរបស់ខ្ញុំ និងអ្វីគ្រប់យ៉ាងនៅប្រទេសថៃ ហើយខ្ញុំបានមកប្រទេសកម្ពុជា»។

សែន ចន្ទឬទ្ធីគុន បន្ត៖«ខ្ញុំនៅតែជំនះមកទីនេះ ព្រោះខ្ញុំមានមោទនភាពខ្លាំងណាស់ចំពោះប្រទេសកម្ពុជា និង កីឡានៅទីនេះ។ ពួកយើងបានទទួលការឧបត្ថមពីមនុស្សជាង2000នាក់ដែលបានផ្ញើរលុយមក 1$ ឬច្រើនជាងនេះ ទឹកប្រាក់បានប្រហែលជាង 2000$ ។ ខ្ញុំពិតជាអរគុណបងប្អូនជាខ្លាំង ប៉ុន្តែលុយទាំងអស់នេះវានៅតែមិនគ្រប់គ្រាន់ទេក្នុងការចំណាយនានា។ ខ្ញុំមើលឃើញថា មានក្រុមហ៊ុនជាច្រើនដែលកំពុងតែចង់លើកស្ទួយវិស័យគុនខ្មែរអោយរីកចំរើន និងចង់ឃើញគុនខ្មែរ មានមុខមាត់លើឆាកអន្តរជាតិ។ វាជាក្តីសុបិន្តមួយរបស់បងប្អូនទាំងអស់គ្នា ក៏ដូចជាខ្ញុំផងដែរ ។ ប៉ុន្តែក្តីសុបិន្តនេះមានអារម្មណ៍ថា ខ្ញុំកំពុងសុបន្តិម្នាក់ឯង»។

Thiago Teixeira លម្អិតបន្ថែមទៀត៖«ខ្ញុំគ្រាន់តែចង់បង្ហាញពីអារម្មណ៍របស់ខ្ញុំតែប៉ុណ្ណេះ ដែលកន្លងទៅ ពួកយើងព្យាយាមប្រាប់ពិភពលោកពីវប្បធម៌ របស់យើង។ វាមិនសម្រាប់ខ្ញុំទេ គឺសម្រាប់បងប្អូនទាំងអស់គ្នា ព្រោះតែឥឡូវខ្ញុំជាប្រជាជនកម្ពជាមួយរូបទៅហើយ ។ ខ្ញុំបានបើកកន្លែងហាត់ប្រាណមួយ ដែលនៅតែត្រូវការការឧបត្ថមពីបងប្អូន 1$ ឬ2$ វាក៏មិនអាចគ្រប់គ្រាន់ លើការចំណាយថ្លៃទីតាំងដែរ តែវាជាទឹកចិត្តនិងសេចក្តីគោរពរបស់អ្នកទាំងគ្នាជាមួយខ្ញុំដែលបានបង្ហាញមក»។

កីឡាករវ័យ៣៦ឆ្នាំខាងលើថ្លែងបន្ត៖«ខ្ញុំពិតជាមិនដឹងថានឹងធ្វើបានរឿងអ្វីជាច្រើនទៀតទេ តែខ្ញុំកំពុងជំនះវា ហើយពួកយើងបានខ្ចីលុយធនាគារ ដើម្បីបន្តណើរទៅមុខ ដោយមិនចុះចាញ់ ឬរុញរារអ្វីឡើយ ។ យើងនឹងមិនបោះបង់ទេ! សូមអ្នកជួយឧបត្ថមដែលស្រលាញ់គុនខ្មែរ សូមជឿជាក់លើខ្ញុំ និងគាំទ្រខ្ញុំ ខ្ញុំនឹងធ្វើវាបាន ។ ខ្ញុំស្រលាញ់គុនខ្មែរ ហើយក៏មិនមែនមកធ្វើជំនួញអីដែរ គឺមកដើម្បីជំរុញរឿងនេះអោយវាកាន់តែល្អទៅមុខ ។ សូមអរគុណបងប្អូនទាំងអស់គ្នា»៕

Share.