កីឡករ គួន ម៉ុម សមាជិតរបស់សមាគមបាល់ទះវិសាខា បានប្រាប់ថា ខ្លួន​នឹង​ត្រូវ​ចេញ​ទៅ​លេង​ ឱ្យក្លិប​ចាស់​ Long An នៅ​ប្រទេស​វៀតណាម បន្ទាប់ពី​ចុះ​កុងត្រា​រួច​រាល់ ដោយ​ត្រូវ​ចាកចេញទៅ​អំឡុង​ដើម​ខែមីនា ខាង​មុខ​នេះ។

គួន ម៉ុម ថាចប់​តេជោលីគ រូប​គេ​ពុំ​មាន​ពេល​ច្រើន​ឡើង​ដោយ​ត្រូវ​ចេញ​ទៅ​ប្រកប​អាជីព​នៅ​ប្រទេស​វៀតណាម ជា​ថ្មី ដែល​មាន​រយ:​មិនដល់ ១ខែ សម្រាប់​ជើងទី១ ខណ:ការ​ប្រកួត​នៅ​ជើង​ទី២ ទើប​មាន​ការ​ចុះ​កុងត្រា​ជាថ្មី។

ជុំ​វិញការ​ចុះ​កុងត្រា​រយ:​ពេល​ថ្មី​នៅ​វៀតណាមនេះ​ដែរ កីឡាករ មានវ័យ​២៦ឆ្នាំ បាន​បង្ហើប​ប្រាប់​ទៀត​ថា រូប​គេ​ត្រូវ​មាន​គោល​ដៅ​ទៅ​លេង​នៅ​ប្រទេស​ថ្មី​មួយ​ទៀត តែ​ជា​ប្រទេស​មួយ​ណា​នេះ​រូប​គេ​សុំ​លាក
​សិន។​

ងាក​មក​ការប្រកួត​បាល់ទះ តេជោលីគវិញ កីឡករ គួន ម៉ុម បាន​រួម​ចំណែក​ជួប​ក្រុមវិសាខា ​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ ឈ្នះគ្រប់ការប្រកួត​ តែត្រូវ​បាន​ភ្លាត់​ចាញ់​ក្រុម​អង្គរក្ស​នៅ​វគ្គផ្ដាច់​ព្រ័ត្រ ក្នុង​លទ្ធផល ៣សិតទល់និង១ បាន​ត្រឹម​ជើងឯក​រង និងឈ្នះពានឯកត្តជន ២ម្នាក់ឯង។

រំលឹកថា កីឡាករ មានវ័យ​២៦ឆ្នាំ ​ដែល​មាន​បទពិសោធន៍​ខ្លាំង​របស់​កម្ពុជា ដោយ​​រូប​គេ​ធ្លាប់​បាន​ចេញ​ទៅ​ប្រកប​អាជីព​នៅ​ប្រទេស​​ឥណ្ឌូណេស៊ី នៅ​ឆ្នាំ​២០២០ ​កន្លង​ទៅ​ជាមួយ​ក្រុម Garuda Jakarta ក្នុង​រដ្ឋធានី​ហ្សាកាតា។

ត្រឡប់​មក​ពី​ឥណ្ឌូណេស៊ី វិញ​​ គួន ម៉ុម បាន​បន្ត​ចូលរួម​ជា​មួយ​ក្រុម​វិសាខា វិញ រហូត​ដល់​ចុង​ឆ្នាំ២០២៣ រូប​គេ​បាន​ផ្ទេរទៅចូលរួមជាមួយក្លិបបាល់ទះ Long An នៅប្រទេសវៀតណាម ជើង​ទី២ (ក្នុងលក្ខខណ្ឌខ្ចីជើង) កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។

ចាប​តាំង​ពី​ឆ្នាំ​២០១៩ ដល់​បច្ចុប្បន្ន ស្រប​ពេល​ដែល​គេ​ក៏​ជា​តួរ​អង្គ​ដ៏សំខាន់​ជួយ​ឱ្យ​បាល់ទះ​បុរស​ក្នុង​សាល​របស់​កម្ពុជា ឈ្នះ​មេដាយ​សំរឹទ្ធិ ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម និង​មេដាយ​ប្រាក់​ស៊ីហ្គេម លើក​ទី​៣២ ក្នុង​រាជធានី​ភ្នំពេញ។

កីឡាករ ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ មាន​កម្ពស់​១ម៉ែត្រ ៩៨​សង់ទីម៉ែត ​សមាជិករបស់​សមា​គម​បាល់ទះវិសាខា និងក្រុម​ជម្រើស​​ជាតិ​កម្ពុជា គឺជាកីឡាករខ្មែរទី២ បន្ទាប់ពី វឿន វាសនា ដែល​បច្ចុប្បន្ន​​កំពុង​ចូល​រួម​ជា​មួយ​ក្លិបបាល់ទះ Win Streak នៅលីគ​បាល់ទះ​តៃវ៉ាន់ Enterprise Volleyball League ៕

Share.