មាន​ការ​ផ្សព្វផ្សាយ​ក្រៅ​ផ្លូវការ​​ថា​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ ហៅ​កាត់​ថា FIFA បាន​បង្កើត​ពានរង្វាន់​បាល់ទាត់​ខ្នាត​តូច​ៗ​មួយ​ចំនួន​សម្រាប់​ប្រទេស​ជា​សមាជិក​របស់​ខ្លួន​​មួយ​ចំនួន ប្រកួត​ប្រជែង​ ដោយ​ហៅ​ឈ្មោះ​ថា​FIFA Series ស្រប​ពេល​ដែល​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា មាន​ឈ្មោះ​​ប្រកួត​ទល់​នឹង​ប្រទេស​ចំនួន​៣​ដែល​មិន​សូវ​លឺ​ឈ្មោះ។

យោង​តាម​គណនី​ The International Window លើ​បណ្តេញ​សង្គម X បាន​បញ្ជាក់​ថា​​ការប្រកួត FIFA Series សម្រាប់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ស្ថិត​នៅ​ជាមួយ​​ក្រុម​ជម្រើស​ជាតិ កាប់វែរ (Cape Verde), ប្រទេស​ (គុយយ៉ាន) Guyana និង​ប្រទេស (គីនេអេក្វាទ័រ) Equatorial Guinea។

ប្រភព​ព័ត៌មាន​បញ្ជាក់​​ទៀត​ថា ការ​ប្រកួត​រវាង​ក្រុម​ទាំង​៤​នេះ​នឹង​ធ្វើ​ឡើង​​នៅ​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត ក្នុង​ខែ​មីនា ខាង​មុខ​ដោយ​មាន​កាល​វិភាគ​ប្រកួត​ដូចជា៖

  • ថ្ងៃ​ទី​២១ មីនា ២០២៤ ប្រទេស​កាប់វែរ Vs ប្រទេស​គុយយ៉ាន
  • ថ្ងៃ​ទី​២២ មីនា ២០២៤ ប្រទេស​គីនេអេក្វាទ័រ Vs ប្រទេស​កម្ពុជា
  • ថ្ងៃ​ទី​២៥ មីនា ២០២៤ ប្រទេស​កាប់វែរ Vs ប្រទេស​គីនេអេក្វាទ័រ
  • ថ្ងៃ​ទី​២៦ មីនា ២០២៤ ប្រទេស​កម្ពុជា Vs ប្រទេស​គុយយ៉ាន

សូម​បញ្ជាក់​ថា បើ​យោង​តាម​តារាង​ចំណាត់ថ្នាក់ FIFA World Ranking ដែល​កំណត់​ដោយ FIFA ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ​ឃើញ​ថា​៖

  • ប្រទេស​កម្ពុជា មាន​មូលដ្ឋាន​នៅ​ទ្វីប​អាស៊ី​ ភាគ​អាគ្នេយ៍ ឈរ​លេខ​១៧៩​ពិភពលោក
  • ប្រទេស​កាប់វែរ ស្ថិត​នៅ​ខាង​កើត​ទ្វីប​អាហ្វ្រិក ក្នុង​​មហាសមុទ្រ​អាត្លង់ទិច ឈរ​លេខ​៦៥​ពិភពលោក
  • ប្រទេស​គុយយ៉ាន ស្ថិត​នៅ​​ខាង​ជើង​ទ្វីប​អាមេរិក​ខាង​ជើង ក្នុង​មហាសមុទ្រ​អាត្លង់ទិច​ ឈរ​លេខ​១៥៧​ពិភពលោក
  • ប្រទេស​គីនេអេក្វាទ័រ ស្ថិត​នៅ​អាហ្វ្រិក​កណ្តាល ឈរ​លេខ​៧៩​ពិភពលោក

ក្រៅ​ពី​​នោះ​ពានរង្វាន់ FIFA Series ក៏​មាន​បែង​ចែក​ជា​៤​ក្រុម​តូច​ៗ​ផ្សេង​ទៀត​ដូចជា៖

  • ប្រកួតនៅ​អារ៉ាប៊ីសាអ៊ូឌីត៖ មាន​ប្រ៊ុយណេ, ហ្គីណេ, វ៉ានូអាទូ, គូរ៉ាសៅ
  • ប្រកួតនៅ​អាល់ហ្សេរី៖ មាន​អាហ្វ្រិកខាងត្បូង, អង់ដូរ៉ា, ប៊ូឡាវី, អាល់ហ្សេរី
  • ប្រកួតនៅ​ស្រីលង្កា៖ មាន​ស្រីលង្កា, អាហ្រ្វិក​កណ្តាល, ប៊ូតាន់, ប៉ាពូញូវហ្គីណេ
  • ប្រកួតនៅ​អាហ្សេបៃហ្សង់៖ មាន​អាហ្សេបៃហ្សង់, ម៉ុងហ្គោលី, តង់ហ្សានី, ប៊ុលហ្គារី

លោក ឈូក ពិសិដ្ឋ អ្នកចាត់ការ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ត្រយង ថា​លោក​ក៏​បាន​ឃើញ​ព័ត៌មាន​ក្រៅផ្លូវការ​នេះ​ដែរ ប៉ុន្តែ​លោក​រង់ចាំ​ឯកសារ​ផ្លូវការ​ជាក់​លាក់​ពី FIFA ជា​មុន​សិន ទើប​​អាច​ចាត់​ទុក​ជា​ដំណឹង​ច្បាស់​លាស់។

សូម​បញ្ជាក់​ថា​ចាប់​តាំង​ពី​បង្កើត​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា មក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ធ្លាប់​ប្រកួត​ទល់​ក្រុម​ហ្គីណេ តែ​មួយ​គត់​ដែល​នៅ​ក្រៅ​ទ្វីប​អាស៊ី ក្នុង​ឆ្នាំ​១៩៦៦ គ្រា​ដែល​កម្ពុជា ទទួល​សិទ្ធិ​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា GANEFO ក្រៅ​ពី​នោះ​ការប្រកួត​ផ្លូវការ​របស់​ក្រុម​ជម្រើស​ជាតិ​គឺ​​សុទ្ធ​សឹង​តែ​ប៉ះ​ជាមួយ​ក្រុម​បណ្តា​ប្រទេស​ក្នុង​ទ្វីប​អាស៊ី ទាំង​អស់។

ប្រសិន​បើ​នេះ​ជា​ព័ត៌មាន​ពិត​មែន ​នោះ​​គឺ​ជា​លើក​ទី២​ហើយ​ក្នុង​ប្រវត្តិសាស្រ្ត​ដែល​បាល់ទាត់​​ជម្រើសជាតិ​បុរស​កម្ពុជា ត្រូវ​​ប្រកួត​ទល់​នឹង​​ក្រុម​នៅ​ក្រៅ​ទ្វីប​អាស៊ី៕

Share.