សិល្បៈជាតិ៖ ប្រធានបទអ្នកឈរឈ្មោះជ្រើសតាំងជាប្រធានសមាគមសិល្បករខ្មែរសម្រាប់ការបោះឆ្នោតនាអណត្តិថ្មីនេះ កំពុងតែក្លាយជាប្រធានបទដែលអ្នកលេងបណ្ដាញសង្គម ក៏ដូចជាមជ្ឈដ្ឋានមហាជនទូទៅនាំគ្នាជជែក​វែក​ញែក​មិន​ដាច់​ពី​មាត់​។

ក្រៅពីបុគ្គលជាសិល្បករសិល្បការិនីជើងចាស់ ផលិតករ និងអ្នកដឹកនាំតារាសិល្បៈតាមស្ថាប័ននានា ដែលអ្នកគាំទ្រមួយចំនួនសម្លឹងឃើញថាពួកគេគួរតែជាបេក្ខភាពដែលអាចឈរឈ្មោះតំណាងឱ្យប្រធានសិល្បករហើយនោះ កញ្ញា ឡូរ៉ា ម៉ម ក៏ជាបុគ្គលមួយរូបទៀតដែលត្រូវបានអ្នកគាំទ្រទទូចសុំឱ្យឈរឈ្មោះជាបេក្ខភាពដែលគួរទទួលបានសំឡេងឆ្នោតដូចគ្នា។

ផ្ដើមចេញពីអ្នកគាំទ្រម្នាក់ដែលមានឈ្មោះថា Mario Pro បានចេញមកបង្ហោះរៀបរាប់ពីគោលជំហរគាំទ្រចំពោះកញ្ញា ឡូរ៉ា ម៉ម ៖ «ប្រធានសមាគមសិល្បៈ បើឱ្យគាត់ធ្វើវិញ ធានាថាសិល្បៈខ្មែរនឹងអភិវឌ្ឍន៍កាន់តែធំទូលំទូលាយ ល្បីរន្ទឺ សុសសាយ ដល់ពិភពលោកយ៉ាងឆាប់រហ័សបំផុត 100% ។ ថែររក្សារវប្បធម៌បុរាណ ហើយអភិវឌ្ឃន៍វប្បធ៌មសម័យថ្មីក្នុងសិល្បៈ ខ្ញុំជឿថាបង ឡូរ៉ា មានសមត្ថភាពយ៉ាងពេញលេញ ភ្នែកអ្នកណាមិនដឹងទេ តែភ្នែកខ្ញុំមើលឃើញគាត់យ៉ាងជឿជាក់ សាកឱ្យគាត់ឈរឈ្មោះបោះឆ្នោតមើល បើមិនគាំទ្រផ្អើលស្រុកខ្មែរ និងពេញចិត្តស្តូកគ្រប់គ្នា »។

បន្ទាប់ពីការបង្ហោះនោះហើយ គេមើលឃើញថា អ្នកគាំទ្របានចេញមកបញ្ចេញមតិស្របយ៉ាងពេញទំហឹង ដោយពួកគេលើកឡើងស្រដៀងគ្នាថា ៖ «ជំនាន់ថ្មីឡើងក៏ល្បឿន សន្ទុះអភិវឌ្ឍលឿនដែរ ខួរក្បាលថ្មី ម្យ៉ាងដែរតើ» «Support 100% ម៉ងបង » «ខ្ញុំក៏គាំទ្រដែល ព្រោះគាត់ពូកែហើយតែងលើកស្ទួយម៉ង» «គាត់ជាមនុស្សមានសមត្ថភាពពិត ធ្វើពិតច្រើនជាងនិយាយ» និងខ្លះទៀតថា «ខ្ញុំក៏ចូលរួមបោះឆ្នោតជូនគាត់ដែរបើអាច ខ្ញុំមើលឃើញភាពជាអ្នកដឹកនាំគាត់និងចំណេះដឹងទូលំទូលាយគាត់យូរមកហើយ​ ហើយស្នាដៃដែលគាត់សាងឡើងមកកន្លងមកនេះ​ពិតជាអស្ចារ្យច្រើន​ Support 1000% »  ជាដើម។

បើទោះបីជាមានមតិគាំទ្រមួយចំនួនបានផុសផុលឡើងក៏ដោយ យ៉ាងណាមិញក៏នៅមានមតិមួយចំនួនដែលសម្លឹងឃើញពីភាពខ្លះខាតដែលកញ្ញា ឡូរ៉ា ម៉ម នៅមិនទាន់បានបង្ហាញដល់ពួកគេបានឃើញ។ ដោយអ្នកមានមតិផ្ទុយបានលើកឡើងពីចំណុចទាំងអស់នេះថា ៖ «សម្រាប់ខ្ញុំ No ព្រោះគាត់មិនទាន់ចេះ អ្វីហៅថាការសម្របសម្រួល រវាងជម្លោះ គូរបដិបក្ស គាត់បណ្ដោយតាមទូក មិនដែលចេះហាម មិនដែលចេញជាសារទៅកាន់អ្នកគាំទ្រ ពុំគួរមានជំលោះទេ តែបើធ្វើទីផ្សារ បទចម្រៀងគាត់ខ្លាំង តែបើហៅមកអោយរៀបចំ ជូនចាស់ៗមានការងារធ្វើក្នុងសិល្បៈគឺពិបាក គាត់នៅខ្វះខាតច្រើនណាស់ ការដឹកនាំសិល្បៈ មិនមែន ចម្រៀងតែមួយមុខទេ ទានជ្រាប 1/របាំ 2/ល្ខោន 3/អាយៃ ចាប៉ី 4/ ការសម្ដែងភាពយន្ត 5/ម៉ូឌែល ………..នៅមានច្រើនទៀត ដែលត្រូវគ្រប់គ្រងនិងកែតម្រូវ ក្នុងវិស័យអ្នកសិល្បៈ»  «គាំ​ទ្រ​គាត់ តែទុក​អោយបង​ឡូរ៉ាគាត់​រស់នៅ​ស្ងប់សុខជាមួយ​បារមី​វិញ» «ទុកឱ្យគាត់បណ្តុះបណ្តាលថ្នាលសិល្បៈយុវវ័យវិញទៅល្អជា​ង​ ព្រោះថ្នាលសិល្បៈយុវចាស់សព្វថ្ងៃ​ ពិបាកទប់ទល់ណាស់ (មួយចំនួន)» និងខ្លះថា «តែគាត់ជា​អនិកជន​មិនអាចទេ»​។

ជារួមមកវិញ បើទោះបីជានាពេលនេះមានការគាំទ្រចេញពីសំឡេងអ្នកលេងបណ្ដាញសង្គមទទូចឱ្យមានវត្តមានកញ្ញា ឡួរ៉ា ម៉ម ក្លាយជាបេក្ខភាពប្រកាសឈរឈ្មោះបោះឆ្នោតជ្រើសតាំងប្រធានសមាគនសិល្បករខ្មែរនាអណត្តិថ្មីនេះយ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ នៅមិនទាន់បានឆ្លើយតបពីសាមីខ្លួនកញ្ញា ឡួរ៉ា ម៉ម នៅឡើយទេថា ព្រម ឬមិនព្រម តាមសំណើររបស់អ្នកគាំទ្រ។ ប៉ុន្តែមកទល់ពេលនេះ គេសង្កេតឃើញមានបុគ្គលសំខាន់ៗចេញមកប្រកាសឈរជាបណ្ដើរៗហើយដូចជា អ្នកនាង ខាត់ សុឃីម លោក គួច ឃេវិន លោក ឡេង ណាវ៉ាត្រា លោកជំទាវ ម៉ៅ ចំណាន ឬស្រីតូច ចំណាន ជាដើមនោះល្គឹកណាបើមានសន្ទុះនៃកម្លាំងគាំទ្រច្រើន៕

Share.