ខេត្តព្រះសីហនុ៖  នាវាកងស្វ័យការពារជើងទឹកជប៉ុនចំនួន២គ្រឿង បានចូលចតដល់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដោយសុវត្ថិភាព នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ក្នុងដំណើរទស្សនកិច្ចរបស់នាវាស្វ័យការពារជើងទឹកជប៉ុននេះ មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដោយលោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម និងនាយនាវីកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម និងមានការចូលរួមរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូននាវាដោយកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគបាលផងដែរ។

ជាមួយគ្នានេះដែរលោកមេបញ្ជាការរងក៏បានលើកឡើងថា សូមឲ្យដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ នាវាកងស្វ័យការពារជើងទឹកជប៉ុន នៅក្នុងព្រះរាជាណាចក្រកម្ពុជា រយៈពេល៣ថ្ងៃ ទទួលបានលទ្ធផលល្អ និងជោគជ័យគ្រប់ភារកិច្ចក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំង២ កម្ពុជា-ជប៉ុន មានឱកាសនេះ។

ក្នុងដំណើរទស្សនកិច្ចគណៈប្រតិភូនាវាកងស្វ័យការពារជើងទឹកជប៉ុន បានចូលជួបសំដែងការគួរសមជាមួយថ្នាក់ដឹកនាំអាជ្ញាធរខេត្ត មេបញ្ជាការមូលដ្ឋានសមុទ្ររាម  ប្រធានប្រតិភូ ដឹកនាំដោយ លោក វរ:នាវីឯក យូណាជីហារ៉ ម៉ាកូតូ មេបញ្ជាការកងពលធំទី១ ហ្វឹកហ្វឺន ស្វ័យការពារជប៉ុន មានលក្ខណៈបច្ចេកទេសនាវាកងស្វ័យការពារជើងទឹកជប៉ុន នាវាទី១ ឈ្មោះ (DDG-172) TV-3521 SHIMAKAZE និងនាវាទី២ មានឈ្មោះថា DD-114 SUZUNAMI។

សូមជម្រាបថា នាវាទី១ នេះមានទម្ងន់ផ្ទុក ៤,៦៥០តោន មានបណ្ដោយ ១៥០ម៉ែត្រ ទទឹង ១៦.៤ម៉ែត្រ ចូលចតក្នុងជម្រៅទឹក ៤.៨ម៉ែត្រ មាននាវិកសរុបចំនួន ២៦០នាក់ ដឹកនាំដោយមេបញ្ជាការ លោក វរនាវីទោ នីម៉ារូ រីយូហៃ ខណៈនាវាទី២ ឈ្មោះ DD-114 SUZUNAMI ដឹកនាំដោយមេបញ្ជាការ លោក វរនាវីទោ គីណូហ្សីតា យូតាកា នាវានេះមានទម្ងន់ ៤,៦៥០តោន មានបណ្ដោយ ១៥១ម៉ែត្រ ទទឹង ១៧.៤ម៉ែត្រ ចូលចតក្នុងជម្រៅទឹក ៥.៣ម៉ែត្រ មាននាវិកសរុបចំនួន ១៧៥នាក់៕

អត្ថបទ៖ ព្រះសីហនុ

Share.