កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម ទុកពេលឱ្យម្ចាស់ភាគី ដែលបានធ្វើសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ស្ថិតនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបញ្ឃប់សកម្មភាពភ្លាមខ្លួន និងត្រូវកាយថ្មនោះចេញវិញឱ្យអស់យ៉ាងយូររយៈពេល៧០ថ្ងៃ។ នេះបើតាមយោងតាមសេចក្តីជូនដំណឹងរបស់​រដ្ឋបាល​ខេត្តកំពង់ចាម​នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ​។

តាមការបញ្ជាក់របស់រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា ​សកម្មភាពចាក់ថ្មចូលក្នុងទន្លេនេះ គឺមានច្បាប់អនុញ្ញាតនោះទេ ​ដោយភាគីម្ចាស់ទីតាំងបានដំណើរចាប់តាំងពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤មកម្លះ ដែលការចាក់ថ្មចូលផ្ទៃទន្លេប្រវែង៥៥ម៉ែត្រ ​ដោយគោលបំណងម្ចាស់ទីតាំង គ្រោងចាក់តាមបណ្តោយទន្លេឱ្យបានប្រវែង ២៩៥.៦ម៉ែត្រ។ ប៉ុន្តែបច្ចុប្បន្ន ទើបចាក់បានប្រមានជា១៣០ម៉ែត្រ តែប៉ុណ្ណោះទេ។

ក្រោយពីពិនិត្យឃើញសកម្មភាពរបស់ម្ចាស់ទីតាំង​ ថាពិតជាបានចាក់ថ្មលប់ចូលក្នុងទន្លេដោយពុំមានច្បាប់អនុញ្ញាតហើយនោះ ទើបរដ្ឋបាលខេត្ត បានដាក់បញ្ជាឱ្យម្ចាស់ទីតាំង​បញ្ឍប់សកម្មភាពរបស់ខ្លួន ទោះបីជានៅក្នុងហេតុផលណាក៏ដោយ​ និងតម្រូវឱ្យយកគ្រឿងចក្រ កាយថ្មនោះចេញពីទន្លេវិញឱ្យអស់ត្រឹមរយៈពេល៧០ថ្ងៃជាកំណត់ ​ដោយមិនត្រូវកាយទំលាក់ថ្មនោះចូលទៅក្នុងទឹកទន្លេឡើយ ព្រោះដើម្បីបញ្ជៀសផលប៉ះពាល់ទៅថ្ងៃក្រោយ សម្រាប់ការធ្វើចរាចរណ៍តាមផ្លូវទឹក។ មួយវិញទៀតនោះម្ចាស់ទីតាំង ត្រូវតែជូនដំណឹងអំពីដំណើរការសកម្មភាពនៃការកាយថ្មនេះ មករដ្ឋបាលខេត្តកំពង់ចាម ១ខែម្តង​ៗ នៅរាងរាល់ចុងខែនីមួយៗ។

ជាមួយគ្នានោះ រដ្ឋបាលខត្តកំពង់ចាម ក៏បានអគុណដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារពត៌មានទាំងអស់ ដែលបានផ្តល់ព័ត៌មានពិតប្រាកដ​ និងទាន់ពេលវេលា ដើម្បីមានវិធានការទប់ស្កាត់នូវបទល្មើសនានានៅក្នុងខេត្តទាំងមូល៕

អត្ថបទ៖ តាតុងសែនជ័យ

Share.