យោងតាមការបញ្ជាក់ពីគណៈកម្មការប្រដាល់សកលអាជីពកម្ពុជា (CPBC) អមសហព័ន្ធ កីឡាប្រដាល់សកលកម្ពុជា នឹងរៀបចំកម្មវិធីប្រកួតប្រដាល់សកលអាជីព នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ២:០០ រសៀលតទៅ ក្នុងពហុកីឡដ្ឋានជាតិ(អូឡាំពិក) ដែលមានចំនួន៨គូរ ខណៈតម្រូវឱ្យប្រកួតស្របតាមបទបញ្ជាការប្រកួត និងបទប្បញ្ញត្តិ របស់ក្រុមប្រឹក្សាប្រដាល់ពិភពលោក (WBC)។

គណៈកម្មការប្រដាល់សកលអាជីពកម្ពុជា (CPBC) អមសហព័ន្ធ កីឡាប្រដាល់សកលកម្ពុជា បានបន្ថែមថា «កម្មវិធីប្រកួតនេះរៀបចំឡើងក្នុងគោលបំណងបំពេញនូវលក្ខខណ្ឌដើម្បីសុំចូលជាសមាជិក របស់ស្ថាប័ន ប្រដាល់សកលអាជីពពិភពលោក (World Boxing Council-WBC) ដោយមានថ្នាក់ដឹកនាំរបស់ស្ថាប័ន ប្រដាល់សកលអាជីព WBC មកពីប្រទេសជប៉ុន នឹងមកពិនិត្យ និងវាយតម្លៃដោយផ្ទាល់ថែមទៀតផងដែរ»។

កម្មវីធីប្រកួត

សម្រាប់អត្ថប្រយោជន៍នៃការចូលជាសមាជិករបស់ក្រុមប្រឹក្សាប្រដាល់ពិភពលោក-WBC គឺកីឡាករ-ការិនី ប្រដាល់ សកលអាជីពកម្ពុជា ទាំងអស់នឹងមានសិទ្ធិចូលរួមការប្រកួតប្រដាល់សកលអាជីពដែលស្ថិតក្រោមការគ្រប់គ្រង និងរៀបចំឡើងដោយស្ថាប័នប្រដាល់សកលអាជីព WBC៕

Share.