នៅពេលដែលអ៊ុយក្រែនឈានចូលដល់ឆ្នាំទី៣ នៃសង្រ្គាមនាថ្ងៃនេះ មេដឹកនាំទូទាំងពិភពលោកបានប្តេជ្ញាបន្តឈរជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ហើយកំពុងជំរុញឱ្យប្រទេសនានា បន្តការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការជួយអ៊ុយក្រែន ប្រយុទ្ធប្រឆាំងនឹងប្រទេសរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នាថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។

ទន្ទឹមនឹងនោះ លោកប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានស្នើសុំជំនួយប្រមាណ ៦០ពាន់លានដុល្លារបន្ថែមទៀតទៅឲ្យអ៊ុយក្រែន ប៉ុន្តែសំណើរនេះត្រូវរាំងស្ទះពីការអនុម័តដោយសភា ដោយសារតែប្រធានសភាបច្ចុប្បន្ន គឺលោក Mike Johnson គឺជាអ្នកប្រឆាំងអ៊ុយក្រែន ហើយប្រសិនបើកញ្ចប់ជំនួយយោធានៅតែនឹងនៅថ្កល់បែបនេះទៀតនោះ ច្បាស់ណាស់ថា ទីក្រុងរបស់អ៊ុយក្រែនជាបន្តបន្ទាប់ទៀតនឹងធ្លាក់ចូលក្នុងកណ្ដាប់ដៃរុស្ស៊ី ហើយអ៊ុយក្រែននឹងដុនដាបកាន់តែជ្រៅក្នុងសង្គ្រាមមួយនេះ ។ 

ទាំងនេះ គឺជាចំណាត់ការចុងក្រោយថ្មីៗនៃសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន៖

កញ្ចប់អាវុធរបស់ចក្រភពអង់គ្លេស៖ ចក្រភពអង់គ្លេសបានប្រកាសផ្ដល់កញ្ចប់គ្រាប់រំសេវ ២៤៥លានផោន ដើម្បីបង្កើនទុនបម្រុងកាំភ្លើងធំរបស់អ៊ុយក្រែន ក្នុងឱកាសប្រារព្ធខួប២ឆ្នាំ នៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

ការហាមឃាត់ការនាំចេញរបស់កាណាដា៖ ប្រទេសកាណាដា បានណែនាំការហាមឃាត់លើការនាំចេញទំនិញទៅកាន់ប្រទេសរុស្ស៊ីដែល «អាចប្រើដើម្បីធ្វើអាវុធ» ដែលការហាមឃាត់នេះអនុវត្តចំពោះគ្រឿងផ្ទុះ រួមទាំងឧបករណ៍បំផ្ទុះ ដែលប្រើប្រាស់ក្នុងឧស្សាហកម្មរុករករ៉ែ និងសំណង់។ លោក Joly បាននិយាយថា ប្រទេសកាណាដាកំពុងដាក់ទណ្ឌកម្មបន្ថែមលើបុគ្គលចំនួន ១០រូប និងអង្គភាពចំនួន ១៥៣បន្ថែមទៀត។

អ៊ុយក្រែន និងប៉ូឡូញ៖ អ៊ុយក្រែនបានផ្តល់ផែនការដល់ប្រទេសប៉ូឡូញ ដើម្បីបញ្ចប់ការបិទព្រំដែន នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់គណៈរដ្ឋមន្ត្រីអ៊ុយក្រែន។

មីស៊ីលថ្មី៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ីបានចាប់ផ្តើមផលិតស៊េរីមីស៊ីលល្បឿនលឿន Zircon ថ្មី ដែលអ្នកជំនាញនិយាយថា ស្ទើរតែមិនអាចបាញ់ទម្លាក់បាន។ លោកពូទីនបន្ដថា បន្ថែមពីលើមីស៊ីល ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សហគ្រាសឧស្សាហកម្មការពារជាតិរុស្ស៊ីបានបង្កើនការផលិត និងការផ្គត់ផ្គង់អាវុធផ្សេងទៀត។

របាយការណ៍អំពីមីស៊ីលពីប្រទេសអ៊ីរ៉ង់៖ អ៊ីរ៉ង់បានបដិសេធមិនបញ្ជូនមីស៊ីលផ្លោងទៅកាន់ប្រទេសរុស្ស៊ី នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់បេសកកម្មអចិន្ត្រៃយ៍នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ទៅកាន់អង្គការសហប្រជាជាតិ។ សេចក្តីថ្លែងការណ៍បាននិយាយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ដើម្បីបដិសេធពីការរួមចំណែកដល់ការបន្តនៃសង្រ្គាម។ កាលពីខែមុន មន្ត្រីអាមេរិកម្នាក់បានប្រាប់ CNN ថា ការចរចាររបស់រុស្ស៊ី ដើម្បីទទួលបានកាំជ្រួចផ្លោងរយៈចម្ងាយជិតពីប្រទេសអ៊ីរ៉ង់ កំពុងឈានទៅមុខយ៉ាងសកម្ម។

មេដឹកនាំបក្សប្រឆាំងរុស្ស៊ី Navalny៖ ម្តាយរបស់ Alexey Navalny ដែលជាមេដឹកនាំបក្សប្រឆាំងរបស់រុស្ស៊ី បានទុកពេលឱ្យស៊ើបអង្កេតពីការស្លាប់របស់ Navalny ទាក់ទិននឹងបញ្ហានេះក្រុម​របស់ Navalny ក៏​កំពុង​ផ្តល់​រង្វាន់​សម្រាប់​ការផ្ដល់ព័ត៌មាន​អំពី​ការ​ស្លាប់​ និង​ជន​ល្មើស​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ផង​ដែរ។

យោធាអ៊ុយក្រែន៖ មេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន លោក Mykola Oleshchuk បាននិយាយថា អ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះចារកម្មរុស្ស៊ី។ មន្ត្រីចារកម្មអ៊ុយក្រែនបាននិយាយថា យន្តហោះដែលបានទម្លាក់នេះ ត្រូវបានប្រើប្រាស់ដោយប្រទេសរុស្ស៊ី ដើម្បីគ្រប់គ្រង និងដឹកនាំការវាយប្រហារដោយមីស៊ីលទៅលើទីក្រុងនានារបស់អ៊ុយក្រែន។ យ៉ាងណាម៉ិញ CNN មិនអាចផ្ទៀងផ្ទាត់ការអះអាងរបស់ភាគីទាំង២ បាននៅឡើយទេ។

សូមជម្រាបថា សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានកើតឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បើគិតមកដល់ពេលនេះសង្រ្គាមនេះមានរយៈពេល ២ឆ្នាំហើយ កាលពីខែសីហា ឆ្នាំ២០២៣ កាសែត New York Times បានស្រង់សំដីមន្រ្តីអាមេរិកម្នាក់ថា កងទ័ពអ៊ុយក្រែនប្រមាណជា ៧០,០០០នាក់ បានស្លាប់ និងប្រហែល ១០០,០០០នាក់ ដល់១២០,០០០នាក់បានរងរបួស ខណៈព័ត៌មានសម្ងាត់របស់សហរដ្ឋអាមេរិក ដែលបានបែកធ្លាយកាលពីខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា កងទ័ពរុស្ស៉ីរហូតដល់ ៣១៥,០០០នាក់បានស្លាប់ និងរងរបួស៕

ប្រភព៖ CNN

Share.