ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូទៅយកកូនសោ ត្រូវបានជនសង្ស័យមួយក្រុមគ្នា៦នាក់ ជិះម៉ូតូ២គ្រឿងតាមធាក់ផ្តួលម៉ូតូ ហើយកា.ប់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្តិភាព។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅមុខច្រកចូលបុរី វីអាយភី ភូមិមុឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ អុិន រ៉ូសា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ម៉ូតូដែលជនសង្ស័យធាក់ប្លន់យកទៅបាត់ ម៉ាកហុងដាឌ្រីម សេរី២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KG-7339 ។

តាមបណ្តឹងជនរងគ្រោះ បានឱ្យដឹងថា មុនកើតហេតុ កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ជនរងគ្រោះ បានជិះម៉ូតូទៅផ្ទះឈ្មោះ ហៃ លី ភេទប្រុស អាយុ២៥ឆ្នាំ នៅក្នុងបុរីវី អាយ ភី ផឹកសុី ហើយដេកសម្រាក រហូតដល់វេលាទៀបភ្លឺ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជនរងគ្រោះក៏ងើបជិះម៉ូតូវិលមកផ្ទះវិញ បានពាក់កណ្តាលផ្លូវ នឹកឃើញភ្លេចកូនសោចាក់ផ្ទះ ក៏ជិះម៉ូតូវិលទៅយកកូនសោ នៅផ្ទះ ហៃ លី គ្រាន់តែទៅដល់ច្រកចូលបុរី ស្រាប់តែលេចមយខជនសង្ស័យគ្នា៦នាក់ ជិះម៉ូតូ២គ្រឿង តាមដល់ធ្វើសកម្មភាពធាក់ផ្តួលម៉ូតូ ហើយប្រើកាំបិតកាប់ រងរបួសកដៃឆ្វេង គម្រាម យកម៉ូតូបានសម្រេច គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ ជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវ តាមចាប់ខ្លួនក្រុមជនសង្ស័យខាងលើ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.