សហព័ន្ធ​កីឡា​បាល់ទាត់​ហ្វីលីពីន (PFF)​ សមាជិក​ក្នុង​សមាគម​អាស៊ាន បាន​ប្រកាស​តែងតាំង​គ្រូ​បង្វឹក​បាល់ទាត់​ជម្រើស​ជាតិ​បុរស​របស់​ខ្លួន​ថ្មី នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ​គឺជាជនជាតិ​បែលហ្សិក ដើម្បី​ត្រៀម​ជម្រុះ​ World Cup ប្រចាំ​ទ្វីប បន្ទាប់​ពី​ចែក​ផ្លូវ​ជាមួយ​គ្រូ​បង្វឹក​ចាស់​​ជនជាតិ​អាល្លឺម៉ង់។

លោក Tom Saintfiet នឹង​ដឹកនាំ​ក្រុម​ហ្វីលីពីន បន្ត​ពី​​Michael Weiß ជនជាតិ​អាល្លឺម៉ង់ ដែល​ដឹកនាំ​ក្រុម​បាន​មួយ​រយៈ​គិត​​ពី​​ខែ​មិថុនា ឆ្នាំ​២០២៣ មក ខណៈ​បេសកម្ម​បន្ត​របស់​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន គឺ​ត្រូវ​ចូលរួម​ប្រកួត​ជម្រុះ 2026 FIFA World Cup qualification – AFC second round ប្រចាំ​ទ្វីប​អាស៊ី ដោយ​ស្ថិត​ក្នុង​ពូល F ជាមួយ​អ៊ីរ៉ាក់, វៀតណាម និង​ឥណ្ឌូណេស៊ី។ មិន​តែ​ប៉ុណ្ណោះ​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន នៅ​សល់​បេសកកម្ម​ប្រកួត​ជើង​ឯក​តំបន់​អាស៊ាន AFF Championship ឆ្នាំ​២០២៤ ចុង​ឆ្នាំ​ផង​ដែរ។​

លោក Tom Saintfiet

សម្រាប់​លោក Tom Saintfiet មាន​វ័យ​៥០​ឆ្នាំ​ហើយ ដោយ​លោក​ធ្លាប់​​លេង​ជា​ខ្សែ​បម្រើ កាល​នៅ​ជា​កីឡាករ ខណៈ​ពេល​ដែល​បន្ត​អាជីព​ជា​គ្រូ​បង្វឹក លោក​ធ្លាប់​ដឹកនាំ​ក្លិប​មួយ​ចំនួន​នៅ​ទ្វីប​អឺរ៉ុប និង​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ​១៧​ឆ្នាំ​របស់​កាតារ, ជម្រើស​ជាតិ​ឡាំប៊ី, ហ្ស៊ីមបាវ៉េ, អេត្យូពី, យេមែន, ម៉ាឡាវី, កុងហ្គោ, បង់ក្លាដេស, ទ្រីណាដាតនិងតូបាកូ, ម៉ាល់តា, ហ្សំប៊ី។

កៅអី​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន នេះ​គឺ​ក្រោយ​រយៈ​ពេល​១ខែ​ដែល​លោក​បាន​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ហ្សំប៊ី ក្នុង​ពានរង្វាន់​ជើង​ឯក​ទ្វីប​អាហ្វ្រិក Africa Cup of Nations ដោយ​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ចែក​ពូល៕

Share.