ទីក្រុងប៉ារីស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron នឹងត្រូវធ្វើជាម្ចាស់ផ្ទះស្វាគមន៍មេដឹកនាំអឺរ៉ុប នៅថ្ងៃចន្ទ ទី២៦ ខែកុម្ភៈនេះ តាមរយៈការរៀបចំសន្និសីទមួយដែលមានគោលបំណងពង្រឹងការគាំទ្ររបស់លោកខាងលិចសម្រាប់អ៊ុយក្រែន ដែលរងការឈ្លានពានពីរុស្ស៊ី អស់រយៈពេល២ឆ្នាំ និងឈានចូលឆ្នាំទី៣ នៃសង្រ្គាម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។

ប្រធានាធិបតីបារាំងបាននិយាយថា កិច្ចប្រជុំនៅទីក្រុងប៉ារីសនឹងក្លាយជាឱកាសមួយសម្រាប់អ្នកចូលរួមទាំងអស់ ដើម្បីបញ្ជាក់ឡើងវិញនូវសាមគ្គីភាពរបស់ពួកគេ ក៏ដូចជាការប្តេជ្ញាចិត្តរបស់ពួកគេ ដើម្បីយកឈ្នះលើសង្រ្គាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។

កិច្ចប្រជុំនេះ ក៏ជាឱកាសមួយ ដើម្បីឱ្យលោក Macron លើកកម្ពស់ខ្លួនឯងក្នុងនាមជាមេដឹកនាំលោកខាងលិចមួយរូប ដែលគិតគូពីបុព្វហេតុអ៊ុយក្រែន ចំពេលមានការបារម្ភកាន់តែខ្លាំងឡើងថា ការគាំទ្ររបស់សហរដ្ឋអាមេរិកអាចនឹងធ្លាក់ចុះខ្សោយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

សម្រាប់លោក Macron សន្និសីទនេះ ក៏ជាឱកាសមួយដើម្បីបង្ហាញពីស្វ័យភាពរបស់អឺរ៉ុបក្នុងបញ្ហាសន្តិសុខ ដែលលោកបានអំពាវនាវ សូម្បីតែមុនពេលការឈ្លានពានបានកើតឡើងក៏ដោយ។

ទាក់ទិននឹងបញ្ហានេះ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និងប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda នឹងស្ថិតក្នុងចំណោមប្រមុខរដ្ឋអឺរ៉ុប និងតំណាងរដ្ឋាភិបាលអឺរ៉ុបទាំង២០រូប ដែលត្រូវបានរំពឹងថា នឹងមានវត្តមាននៅក្នុងសន្និសីទនេះ ដែលលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងថ្លែងសុន្ទរកថាតាមរយៈវីដេអូ ដោយប្រទេសដែលនឹងបញ្ជូនតំណាងរបស់ខ្លួនមកចូលរួម គឺចាប់ពីថ្នាក់រដ្ឋមន្រ្តី ក្នុងនោះក៏មានចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងកាណាដា ផងដែរ៕

ប្រភព៖ CNA

Share.