ទីក្រុងមូស្គូ៖ អ្នកនាំពាក្យប្រធានាធិបតីវ៉្លាឌីមៀ ពូទីន លោក Dmitry Peskov បាននិយាយកាលពីថ្ងៃទី២៧ ខែកុម្ភៈ នេះថា វិមានក្រឹមឡាំងបានព្រមានថា សង្រ្គាមលោកលើកទី៣ (WWIII) នឹងក្លាយទៅជាហេតុការណ៍ដែលមិនអាចជៀសផុត ប្រសិនបើបណ្តាប្រទេសលោកខាងលិច បញ្ជូនកងទ័ពទៅប្រយុទ្ធនៅអ៊ុយក្រែន ។ នេះបើយោងតាមការចេញផ្សាយដោយកាសែត Bne Intellinews នាថ្ងៃពុធ​ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។

បើតាមសារព័ត៌មាន TASS បានដកស្រង់សម្តីលោក Peskov ថា «ក្នុងករណីនោះ វាមិនទាន់សំដៅពីរឿងដែលអាចកើតមាននៅឡើយទេ ប៉ុន្តែវាអាចជាភាពដែលជៀសមិនរួច ប្រសិនបើមានជម្លោះដោយផ្ទាល់ជាមួយអង្គការ NATO ឬ មានការបញ្ជូនកងទ័ពទៅឱ្យអ៊ុយក្រែម»។

លោក Peskov បានព្រមានថា «ប្រទេសជាសមាជិកណាតូ ក៏គួរតែប៉ាន់ប្រមាណពីផលវិបាកនៃសកម្មភាពបែបនេះ ហើយត្រូវដឹងច្បាស់ពីវា»។ លោកបន្ដថា «ពួកគេគួរតែសួរខ្លួនឯងថា តើវាទាក់ទងទៅនឹងផលប្រយោជន៍របស់ពួកគេ ហើយសំខាន់បំផុតគឺ ចំពោះផលប្រយោជន៍របស់ប្រជាជននៃប្រទេសរបស់ពួកគេដែរទេ»។

ការលើកឡើងរបស់លោក Peskov បានឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron អំឡុងកិច្ចប្រជុំកំពូល EU ស្ដីពីអ៊ុយក្រែន នៅទីក្រុងប៉ារីស កាលពីថ្ងៃអង្គារ ដែលលោក Macron ថា ការបញ្ជូនទាហានលោកខាងលិចទៅអ៊ុយក្រែន មិនគួរត្រូវបានច្រានចោលទេ ទោះបីជាមិនទាន់មានការឯកភាពគ្នាលើរឿងនេះក៏ដោយ។ ប៉ុន្ដែការអត្ថាធិប្បាយរបស់លោក Macron ហាក់បីដូចជាខុសពីគោលនយោបាយមុនរបស់ណាតូ ដើម្បីជៀសវាងការបង្ករឿងដល់រុស្ស៊ី ដោយការពារហានិភ័យណាមួយ ដែលបារម្ភខ្លាចផ្ទុះសង្រ្គាមលោកមួយទៀត។

យ៉ាងណាម៉ិញ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយតាំងពីដើមដំបូងនៃជម្លោះថា គោលដៅដំបូងរបស់ណាតូ គឺដើម្បីទប់ស្កាត់សង្រ្គាមលោកលើកទី៣ ហើយវានឹងមិនត្រូវបានចូលរួមដោយផ្ទាល់នៅក្នុងសង្រ្គាមនៅអ៊ុយក្រែនទេ ដោយបន្ថែមថា វាមានហានិភ័យ ដោយសង្រ្គាមអាចនឹងហូរចូលទៅក្នុងអឺរ៉ុបខាងលិច។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតកាលពីថ្ងៃទី១០ ខែកុម្ភៈ លោក Stoltenberg បានព្រមានថា លោកខាងលិចត្រូវតែត្រៀមខ្លួនសម្រាប់ការប្រឈមមុខដាក់គ្នាជាច្រើនទសវត្សរ៍ ជាមួយប្រទេសរុស្ស៊ី។

បើតាមមន្រ្តីណាតូម្នាក់ ដែលមិនបញ្ចេញឈ្មោះ បានប្រាប់កាសែត Financial Times ថា មិនមានផែនការសម្រាប់សម្ព័នភាពក្នុងការបញ្ជូនកងទ័ពប្រយុទ្ធទៅអ៊ុយក្រែនទេ។ សំណើររបស់លោក Macron ក្នុងការបញ្ជូនទ័ពក៏ត្រូវបានបដិសេធភ្លាមៗដោយប្រទេសអាល្លឺម៉ង់ផងដែរ ដោយអធិការបតីរងអាល្លឺម៉ង់ លោក Robert Habeck ថា ទីក្រុងប៉ារីស គួរតែផ្គត់ផ្គង់សព្វាវុធឱ្យទីក្រុងកៀវ បន្ថែមវិញ៕

ប្រភព៖ Bne Intellinews

Share.