ទីក្រុងវ៉ាស៊ីនតោន៖ សេតវិមានបាននិយាយកាលពីថ្ងៃអង្គារ នេះថា សហរដ្ឋអាមេរិកនឹងមិនបញ្ជូនកងទ័ពទៅប្រយុទ្ធនៅអ៊ុយក្រែនទេ បន្ទាប់ពីប្រធានាធិបតីបារាំងលោក Emmanuel Macron បានបដិសេធមិនព្រមច្រានចោលការបញ្ជូនកងកម្លាំងរបស់លោកខាងលិចទៅជួយអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Barron News នាថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោកស្រី Adrienne Watson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានច្បាស់ថា សហរដ្ឋអាមេរិកនឹងមិនបញ្ជូនកងទ័ពទៅប្រយុទ្ធនៅអ៊ុយក្រែនទេ»។

ស្របពេលជាមួយគ្នា អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក John Kirby បានប្រាប់អ្នកយកព័ត៌មានថា «បុគ្គលិកយោធាអាមេរិក ដែលស្ថិតនៅអ៊ុយក្រែន គឺគ្រាន់តែដើម្បីធ្វើការជាមួយស្ថានទូតអាមេរិកលើការទទួលខុសត្រូវផ្ដល់អាវុធឱ្យអ៊ុយក្រែនតែប៉ុណ្ណោះ»។

លោក Kirby បន្ដថា កងទ័ពអាមេរិកនឹងមិនត្រូវបានបញ្ជូនសម្រាប់ការដោះមីន ការផលិតអាវុធ ឬក៏ដឹកនាំប្រតិបត្តិការតាមអ៉ីនធឺណិតនោះទេ ស្របពេលរដ្ឋមន្រ្តីការបរទេសបារាំង លោក Stephane Sejourne បានលើកឡើងថា កងទ័ពលោកខាងលិចគួរតែធ្វើប្រតិបត្តិការទាំងអស់នេះ។ លោក Sejourne បន្ថែមថា «វានឹងក្លាយជាការសម្រេចចិត្តអធិបតេយ្យ សម្រាប់ប្រទេសបារាំង ឬប្រទេសណាតូផ្សេងទៀត ថាតើត្រូវបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែនឬយ៉ាងណា»។

យ៉ាងណាម៉ិញ ទាំងសេតវិមាន និងក្រសួងការបរទេសបាននិយាយថា រឿងសំខាន់ជាងគេនៅពេលនេះ គឺត្រូវធ្វើយ៉ាងណាជំរុញឱ្យរដ្ឋសភាអាមេរិកអនុម័តកញ្ចប់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន។ ប៉ុន្ដែ ប្រធានសភាលោក Mike Johnson ដែលជាសម្ព័ន្ធមិត្តរបស់អតីតប្រធានាធិបតីអាមេរិក លោក Donald Trump និងជាប្រមុខនៃគណបក្សសាធារណរដ្ឋដែលមានសំឡេងភាគច្រើន បានបដិសេធមិនអនុញ្ញាតឱ្យមានការបោះឆ្នោតលើសំណើរបស់លោក Biden សម្រាប់ទឹកប្រាក់ប្រហែល ៦០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនទេ។

សូមជម្រាបថា បើតាមលោក John Kirby ការសម្រេចចិត្តបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន ឬក៏យ៉ាងណានោះ វាគឺជាសិទ្ធិអធិបតេយ្យរបស់បារាំង ឬក៏សមាជិកអង្គការ NATO ណាមួយ៕

ប្រភព៖ Barron News

Share.