សិល្បៈជាតិ៖ ក្រោយ​មាន​ឱកាស​បាន​រួម​ការងារ​ និង​បាន​ស្គាល់​ពីអត្តចរិត​ពិត​របស់​អាយដល​​លំដាប់​ប្រទេស​ដែល​ខ្លួន​បាន​គាំទ្រ​កន្លង​មក តារា​សម្ដែង​ នៅ ដាណា បាន​បង្ហោះ​សារ​រៀបរាប់​យ៉ាង​លម្អិត​ពី​ក្ដី​រំភើប​និង​អារម្មណ៍​ចំពោះ​អ្នក​នាង​ មាស សុខសោភា ដែល​ទាំង​នេះ​គឺជា​ទទ្ហីករណ៍​យ៉ាងសំខាន់​បង្ហាញ​ថា​ហេតុ​អ្វីទើប​ Super Star លំដាប់​ប្រទេស​រូប​នេះ​អាច​រក្សា​កៅអី​ជារាជិនី​ចម្រៀង​លំដាប់​ប្រទេស​រហូត​មក​ដល់បច្ចុប្បន្ន​។

យោង​តាម​ការ​លើក​ឡើង​របស់​កញ្ញា នៅ ដាណា បាន​រៀបរាប់​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤ កន្លង​ទៅ​កញ្ញា បាន​រៀបរាប់​ខ្ទេចខ្ទី​ឥតមាន​លាក់លៀម​ថា​៖ My #1 (Number one) idol Meas Soksophea គាត់​ពិត​ជាគួរ​អោយ​គោរព​និង​ស្រលាញ់​ណាស់។​ ​និយាយមែន គ្រប់ពេលដែលរួមការងារជាមួយគាត់ ខ្ញុំតែងតែមានអារម្មណ៍រំភើបជានិច្ច អារម្មណ៍នៅពេលដែលគាត់មើលមកខ្ញុំ និយាយជាមួយខ្ញុំ លេងសើចជាមួយខ្ញុំ ខ្ញុំមានអារម្មណ៍ថាដូចជាការយល់សប្តិចឹង ការងារគ្រប់យ៉ាងរបស់ខ្ញុំ ខ្ញុំលះណាស់ តែគ្រាន់តែសុំគាត់ថតប៉ុណ្ណឹង ខ្ញុំភ័យចង់ឡាប់ អង្គុយក្រវេក្រវិលពីរបីជុំទំរាំដាច់ចិត្តសុំគត់ថតព្រោះខ្លាចចិត្តគាត់ ខ្លាចរំខានគាត់ព្រោះគាត់ទើបច្រៀងចប់ តែដល់ពេលបានថតជាមួយគាត់ មើលគាត់ធ្វើឬកចុះ ចឹងៗអីអ្នកណាមិនកាន់តែស្រឡាញ់លោក….!

ការ​បង្ហោះ​របស់​កញ្ញា មិន​ត្រូវ​បាន​អ្នក​នាង មាស សុខសោភា មើល​រំលង​នោះ​ឡើយ​ ដោយ​អ្នក​នាង​ បាន​ចូល​មក​ថ្លែងអំណរ​គុណ​​ជា​រូប​ emoji បេះដូង​និង​ដៃ​សំពះ​។ ខណៈ​ដែល​អ្នក​គាំទ្រ​ផ្សេងៗ​ទៀត​សុទ្ធតែ​យល់​ស្រប​និង​ទទួល​ស្គាល់​ថា​ អ្នក​នាង មាស សុខសោភា ពិតជា​កំពូល​តារា​ដែល​មិន​ចេះ​ប្រកាន់​ឬក លេង​ចរិត ឬ​មាន​ជំងឺ​តួឯក ដោយ​អ្នក​នាង​ តែងតែ​ផ្ដល់​ស្នាម​ញញឹម និង​ភាពរួសរាយ​រាក់ទាក់​ចំពោះ​មនុស្ស​គ្រប់​គ្នា​ មិន​ថាជា​ហ្វេន​​អ្នក​គាំទ្រ​អ្នក​នាង​ឬ​មិន​មែន​ក្ដី។

បច្ចុប្បន្ន​កំពូល​តារា​ចម្រៀង​ មាស សុខសោភា នៅតែ​រក្សា​បាន​នៅប្រជាប្រិយភាព និង​ការ​និយម​គាំទ្រ​ពី​សំណាក់​អ្នក​និយម​ចូលចិត្ត​ស្ដាប់​ចម្រៀង ​មិន​ត្រឹម​តែ​លេចធ្លោ​លើ​ផ្នែក​សិល្បៈ​នោះ​ឡើយ​ ហើយ​អ្នក​នាង​ ក៏​​សម្បូរ​សកម្មភាព​​ជួយ​លើ​កិច្ច​ការងារ​សង្គម​ច្រើន​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​៕

Share.