រតនគិរី ៖ ជនដៃដល់ម្នាក់ ដោយទំនាស់ក្នុងគ្រួសារ ប្រដាប់ដោយពូថៅ កាប់ទៅលើបងស្រីបង្កើត និងបងថ្លៃ បណ្តាលឱ្យស្លាប់ទាំង២នាក់ ហើយព្យាយាមរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនបានមកវិញ នៅរសៀលថ្ងៃនេះ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី ។

ជនដៃដល់មានឈ្មោះ យិន សុធារិទ្ធ ហៅ ពៅ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិឃុំកើតហេតុ មានស្រុកកំណើតភូមិច័ន្ទនិមិត្ត ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ចំណែកជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ឈ្មោះ ហាន ហន ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងប្រពន្ធឈ្មោះ ណែម សុខជា អាយុ៥៧ឆ្នាំ មុខរបរ កសិករ ត្រូវជាបងស្រីបង្កើតរបស់ជនសង្ស័យ រស់នៅភូមិឃុំកើតហេតុ មានស្រុកកំណើត ភូមិច័ន្ទនិមិត្ត ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ដោយសារកើតមានទំនាស់ក្នុងគ្រួសារ ជនសង្ស័យប្រើប្រាស់ពូថៅ កាប់លើបងថ្លៃ ហើយកាប់បងស្រីរបស់ខ្លួន បណ្តាលឱ្យស្លាប់ទាំង២នាក់ រួចរត់គេចខ្លួន ។

ក្រោយពីទទួលបានព័ត៌មានខាងលើកម្លាំងសមត្ថកិច្ចចុះទៅពិនិត្យកោសល្យវិច័យ ហើយប្រគល់សពជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី និងធ្វើការស្រាវជ្រាវ ស្វែងរកជនដៃដល់ រហូតដល់វេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សមត្ថកិច្ចតាមចាប់ខ្លួនបានជនសង្ស័យ កំពុងសង្ងំខ្លួននៅចំណុចអូរកញ្ជាន់ ស្ថិតនៅក្នុងភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី នាំយកទៅសាកសួរនៅការិយាល័យជំនាញស្នងការខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

Share.