សិល្បៈជាតិ៖ ដូចដែលអ្នកគាំទ្របានដឹងមកហើយថា តារាសម្ដែងថៃកញ្ញា Pooklook បានបោះជំហានចូលសិល្បៈតាំងពីឆ្នាំ ២០១០ មកម្ល៉េះ តាមរយៈការប្រកួតបវរកញ្ញា Miss Universe Thailand ហើយក៏បានឈ្នះមកុដរួចចូលប្រកួតលើឆាកអន្តរជាតិ ក្រោយមកនាងក៏បានក្លាយជាតារាសម្តែង ហើយទទួលដំណែងជាតួឯកស្រីរហូតដល់បច្ចុប្បន្ន។

មកកម្ពុជាលើកទី ២ នេះ កញ្ញា Pooklook Fonthip បាននិយាយទាំងស្នាមញញឹមទៅកាន់អ្នកគាំទ្រកម្ពុជាថា កញ្ញារីករាយនៅពេលបានដល់កម្ពុជា និងទទួលបានការស្វាគមន៍ពីសំណាក់ហ្វេនអ្នកគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី។ កញ្ញាបានលើកឡើងដែរថា ប្រឡូកលើវិថីសិល្បៈថៃជាង ១០ ឆ្នាំមកនេះ កញ្ញាទទួលការស្រឡាញ់ពីអ្នកគាំទ្រកម្ពុជាយ៉ាងលើសលប់ រហូតកញ្ញាហ៊ានប្រកាសថា កញ្ញាព្រមបើកឱកាសរួមការងារជាមួយតារាកម្ពុជា និងព្រមទទួលធ្វើ BA ឱ្យផលិតផលកូនខ្មែរ។

សូមជម្រាបថា  កញ្ញា Pooklook មានថ្ងៃកំណើថ្ងៃទី 19 ខែ​កក្កដា ឆ្នាំ 1990 ហើយធំដឹងក្តីនៅ Bang Bo , Samut Prakan ។ នៅពេលចូលប្រឡូកសិល្បៈដំបូង កញ្ញាបានគ្រងមកុដ Miss Thailand Universe 2010 នៅថ្ងៃទី 20 ខែមីនា ឆ្នាំ 2010។ នៅអំឡុងខែសីហា ឆ្នាំ 2010 កញ្ញាតំណាងឱ្យប្រទេសថៃនៅចូលរួមប្រកួត Miss Universe 2010 នៅទីក្រុង Las Vegas ដោយឈ្នះពានរង្វាន់ពិសេសចំនួនពីរគឺ Miss Photogenic និង Best National Costume ។ ក្រោយចប់ការប្រកួត កញ្ញា Pooklook វិវឌ្ឍខ្លួនជាតារាសម្ដែង និងទទួលឱកាសជាតួឯកស្រី ដែលមានរឿងភាគល្បីបំផុតប្រចាំ ២០២៣ គឺរឿង VIPรักซ่อนชู้ របស់ទូរទស្សន៍ OneD ៕

Share.