ព្រឹត្តិការណ៍ពានរង្វាន់ប្រចាំតំបន់អាស៊ាន (AFF Futsal Championship) ដែលប្រទេសថៃ ទទួលសិទ្ធធ្វើម្ចាស់ផ្ទះ នឹងចាប់ផ្តើមផ្លូវការនៅថ្ងៃទី១១ ដលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ នេះបើយោងតាមការបញ្ជាក់ពីផេក Asean Futsal ។

សម្រាប់ការប្រកួតពានរង្វាន់ AFF Futsal Championship ឆ្នាំ២០២២ កន្លងទៅដែលប្រទេសថៃ បានរៀបចំជាម្ចាស់នោះ ឃើញថា ក្រុមជម្រើសជាតិកម្ពុជា គឺស្លឹតនៅពូល A ជាមួយក្រុមខ្លាំងឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ប៊្រុណេ, និងម្ចាស់ផ្ទះថៃ។ គ្រានោះកម្ពុជា បានត្រឹមឈរនៅលេខរៀងទី៤ ក្រោយឆ្លងកាត់៤ប្រកួត ចាញ់៣ប្រកួត ស្មើរ១ មាន១ពិន្ទុក្នុងដៃ។

ម្ចាស់ជើងឯកបានលើក្រុមជម្រើសជាតិថៃ ក្រោយយកឈ្នះលើក្រុមជម្រើសជាតិឥណ្ឌូណេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ ដោយបាល់កាត់ក្តីប៉េណាទី ៥-៣ ក្រោយស្មើគ្នា ២-២ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ កន្លងទៅក្នុងសាលបាល់ទាត់ Indoor Stadium Huamark ក្នុងរាជធានីបាងកក ប្រទេសថៃ។

គួរឱ្យដឹងថាពានរង្វាន់ហ្វូតសាលជើងឯកតំបន់អាស៊ាន (AFF Futsal Championship) បង្កើតឡើងដំបូងនៅឆ្នាំ២០០១ ពោលគឺមានអាយុកាល២៣ឆ្នាំហើយ ស្របពេលដែលក្រុមជម្រើសជាតិថៃ ប្រទេសដែលរៀបចំជាម្ចាស់ផ្ទះច្រើនជាងគេ សរុប១១លើក និងជាក្រុមដែលឈ្នះជើងឯកច្រើនជាងគេសរុប ១៦លើកច្រើនជាងគេ៕

Share.