ឯក​ឧត្តម​នាយឧត្តមសេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ បាន​ប្រកាស​នឹង​ចូលរួម​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រកួត​កីឡា​បាល់ទាត់​ជើង​ឯក​អាស៊ី​អាគ្នេយ៍ ឆ្នាំ២០២០ (AFF Suzuki Cup 2020) ដោយ​ស្នើ​សុំ​រៀបចំការប្រកួតផ្ទាល់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

នេះ​ជា​ការ​លើក​ឡើង​របស់​ប្រធាន​សហព័ន្ធ នៅ​ក្នុង​សន្និបាត​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិស​ដៅ​បន្ដ​ការងារ​ឆមាស​ទី​២ ឆ្នាំ២០២១ របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើកទី៣២ ឆ្នាំ​២០២៣ (CAMSOC) នៅ​ព្រឹក​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។

ឯកឧត្តម សៅ សុខា បញ្ជាក់​ថា​ការ​ស្នើ​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះ​នេះ​ ធ្វើ​ឡើង​ក្នុង​គោល​បំណង​សំខាន់ៗ​មួយ​ចំនួន ដូចជា​ដើម្បី​អបអរសាទរ​សមិទ្ធផល​ដ៏​អស្ចារ្យ នៃ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ និង​ផ្សព្វផ្សាយសំណង់​ដ៏​មហាសាល​ទៅ​លើ​ឆាក​អន្ដរជាតិ។ មួយ​វិញទៀត​ ក៏​ដើម្បី​ផ្ដល់​នូវ​ចំណី​ចក្ខុ​ដល់​ប្រជាពល​រដ្ឋក្នុងបរិបទកូវីដ-១៩ ពិសេស​បញ្ជាក់​ពី​ការ​ប្រយុទ្ធប្រឆាំងជំងឺកូវីដ ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ក្រោម​ការ​ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ម្យ៉ាង​ក៏​ដើម្បីសាកល្បង​ និង​ពង្រឹង​សមត្ថភាព​កីឡាករ​ត្រៀម​ការ​ប្រកួត​កីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។

បើ​តាម​ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បាន​បន្ថែម​ថា​ ប្រសិន​បើ​ដេញ​ថ្លៃ​ទទួល​បាន​ជោគជ័យ យ៉ាង​ហោច​មាន​កីឡាករ និង​មន្ដ្រី​ប្រមាណ ៥០០នាក់ ត្រូវ​ស្នាក់​នៅ​កម្ពុជា រយៈ​ពេល​ជិត​ ១ខែ ដោយ​សហព័ន្ធ​ត្រូវ​រៀប​ចំសណ្ឋាគារ​យ៉ាង​ហោច ៣ ដើម្បី​ក្រុម​ជម្រើសជាតិ ដែល​ត្រូវ​ចូលរួម​ព្រឹត្តិការណ៍ ២ឆ្នាំម្ដងនេះ។

សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធាន​គណៈកម្មាធិការ​ជាតិ CAMSOC និង​ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្រ្ដៃយ៍​និង​អង្គសន្និបាតទាំងមូល ​បាន​ឯកភាព និង​ជំរុញ​ឲ្យ​ធ្វើការ​រួមគ្នា​ក្នុង​ការ​រៀបចំ​ការ​ប្រកួត នៅពហុកីឡដ្ឋានជាតិមរតកតេជោ បន្ទាប់​ពី​​កីឡដ្ឋាន​ត្រូវ​បាន​ប្រគល់​ឲ្យ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា គ្រប់គ្រងនាពេលឆាប់ៗខាងមុខ។

ពានរង្វាន់ AFF Suzuki Cup 2020បានពន្យារពេលពីឆ្នាំ២០២០ មកឆ្នាំ២០២១ ដោយ​សារ​វិបត្តិកូវីដ-១៩ ដោយ​គ្រោង​ចាប់​ផ្ដើម​ការ​ប្រកួតពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២។ ប៉ុន្ដែ​ការ​ចាប់ឆ្នោត មិនទាន់រៀបចំនោះទេ ក្រោយ​សិង្ហបុរី ប្រកាស​ថា​មិន​អាច​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​ការ​ចាប់​ឆ្នោត​នេះ​បាន៕

Telegram-Troryorng
Share.