សិល្បៈជាតិ៖ ថ្លែង​នៅ​ក្នុង​កម្មវិធី​សន្និសីទ​សារព័ត៌មាន​ ​ស្ដីពី​ព្រឹត្តិការណ៍ប្រកួត​បាល់ទាត់​មិត្តភាព​និង​សប្បុរស​ធម៌ មូលបទ​ «មាតាអស្ចារ្យ ដើម្បី​ស្នាម​ញញឹម​កុមារ​» កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០២៤ លោក​ ប៉ុន សុណារិន ឬ​ដែល​ប្រិយមិត្ត​អ្នក​គាំទ្រ​ស្គាល់​ថា​តារា​ចម្រៀង​ ខេម បាន​ធានាអះអាង​យ៉ាង​មុតមាំ​នៅ​ចំពោះ​មុខ​អ្នកសារព័ត៌មាន​ ពី​តម្លា​ភាព​នៃ​ទឹក​ប្រាក់​គ្រប់​កាក់គ្រប់​សេន ដែល​ឧបត្ថម្ភ​​នឹង​ផ្ដល់​ជា​ប្រយោជន៍​ ក៏ដូចជា​ជួយ​ដល់​កុមារ​កម្ពុជា ដោយ​មិន​បាត់បង់​សូម្បីមួយ​កាក់​ឬ​មួយ​សេន​នោះ​ឡើយ។

ប៉ុន្តែ​លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា​ការ​លើក​ឡើង​របស់​លោក​មិន​មាន​ចេតនា​វាយប្រហារ​ឬ​សម្ដៅទៅ​ដល់ភាគីណានោះ​ឡើយ គឺ​លោក​និយាយ​នៅ​ក្នុង​ក្របខណ្ឌ​ក្រុម​រប​ស់​លោក​ប៉ុណ្ណោះ​ រី​ឯ​មាន​ការ​លើក​ឡើង​ថា​លោក​ធ្វើ​ដើម្បី​ល្បី​នោះ​លោក​សូម​បដិសេធ​ព្រោះ​លោក​ល្បី​ស្រាប់​ហើយ ប៉ុន្តែ​សកម្មភាព​របស់​លោក​នេះ​គឺ​ទាន់ពេល​លោក​មាន​ឈ្មោះ​បោះសំឡេង ពួក​លោក​ចង់​តបស្នង​សងគុណទឹក​ដី​​កំណើត​ដែល​ពួក​លោក​បាន​កើត។​

បន្ថែម​លើ​អ្វី​ដែល​ខេម បាន​លើក​ឡើង លោក​គូម៉ា ដែល​ជា​សមាជិក​ស្នូល​និង​សំខាន់​មួយ​រូប​នៃ​ក្រុម​បាល់ទាត់​ទើប​បង្កើត​ថ្មោងថ្មី តែ​សមត្ថភាព​និង​ថ្វីជើង​មិន​ធម្មតា បាន​គូស​បញ្ជាក់​ដែរ​ថា​ក្រុម​លោក​បង្កើត​ក្រុម​បាល់ទាត់​នេះ​ឡើង​ដោយ​ផ្តោត​ជា​​សំខាន់​ទៅលើ​គោលដៅ​ចំនួន​៤​ចំណុចផងដែរ។

បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​បាល់ទាត់​ Cambodia Football Super Stars មិន​ទាន់​ដល់​កាល​បរិច្ឆេទ​ប្រកួត​ផង​ ទឹក​ប្រាក់ដែល​ទទួល​បាន​​ពី​ការ​បរិច្ចាគថវិកាលើគម្រោងមនុស្សធម៌នេះ បានកើនឡើងដល់ជាង ៧០លានរៀលហើយ ដោយ​គិត​ត្រឹម​ថ្ងៃ​ទី​១ ខែមីនា ក្នុង​នោះ​ទឹក​ប្រាក់​បរិច្ចាគ​ពី​សម្ដេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន មាន​ចំនួន​៥០លាន​រៀន​ ព្រម​ទាំង​អ្នក​ឧបត្ថម្ភ​ជា​ច្រើន​រូប​ទៀត​ ខណៈ​ដែល​សមាជិក​ក្រុម Cambodia Football Super stars បាន​ចូលរួម​ឧបត្ថម្ភ​ចំនួន ​៥​លាន​រៀល​ផងដែរ​។

សូម​ជំរាបជូន​ថា​ ព្រឹត្តិការណ៍​ប្រកួតាបល់ទាត់​មិត្ត​ភាព​ និង​សប្បុរសធម៌រឹត​ចំណង​មិត្តភាព​រវាង​ក្រុម​បាល់ទាត់ Cambodia Football Super Stars នឹង​ថ្នាក់ដឹកនាំ​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​៦ ខែ​មីនា​ ឆ្នាំ​២០២៤ ​ខាង​មុខ​នេះ​​នា​កីឡដ្ឋាន​ខេត្ត​កំពង់​ស្ពឺ៕

Share.