បុរស​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​ក្នុង​ចង្កោម​អ្នក​សិល្បៈ​ លោក ខាំ ភូរិ ក៏​មិនខុស​ពី​មហាជន​ដែល​កំពុង​តែតាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ករណី​ចម្រូងចម្រាស និងធ្វើពហិការ​រៀងខ្លួន​រវាង​ភាគី​ខ្មែរ និង​ភាគីថៃ​ រឿង​មិន​គាំទ្រ​ឬ​ទៅ​ទស្សនា​ភាពយន្ត​រៀងខ្លួន​។ យ៉ាងណា​មិញ​ លោក​ ខាំ​ ភូរិ បន្ទាប់​ពី​បាន​តាមដាន​ស្ថានការណ៍​ដែល​កាន់​តែ​រីកធំឡើង​ៗ ​ពី​មួយ​ថ្ងៃ​ទៅមួយ​ នៅលើ​បណ្ដាញ​សង្គម​ លោក​បាន​បញ្ចេញ​មតិ​យោបល់​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា៖

ដំបូង​គិត​ថា​ខ្ជិល​និយាយ​ ​តែ​ពេល​ចង់​និយាយ​អាច​វែង​បន្តិច​

ខ្មែរ​ ​សៀម​ ​និង​រឿង​ជាតិ​និយម​

នៅក្នុងបេះដូងនៃប្រជាជាតិនានាក្នុងលោក តែងមានជាតិនិយមក្នុងខ្លួន តិចឬច្រើនបានបង្ហាញអោយឃើញដោយចំហរ និងមិនចំពោះ។

ក្នុងបេះដូងនៃប្រជាជនខ្មែរសៀម មានភាពខុសគ្នាបន្តិច ជនជាតិខ្មែរយល់ឃើញថា សៀមជាជាតិមួយបាន លួចវប្បធម៌ ប្លន់ទឹកដី ។ល។ ជនជាតិសៀមបានយល់ថាខ្លួនមានវប្បធម៌ និងសង្គមមួយខ្ពង់ខ្ពស់ជាងខ្មែរ សៀមយល់ថាខ្មែរមិនមែនជាអ្នកកសាងអង្គរទេ គឺគ្រាន់តែជាជនជាតិមួយដែលបានបន្តរស់លេីដែនដីនេះ ក្រោយសង្គ្រាមដណ្តើមដែនដីគ្នាក្នុងតំបន់។

តាមការអានឯកសារស្រាវជ្រាវជាច្រើន បានបង្ហាញថា សិល្បៈ វប្បធម៌ អរិយធម៌សៀម គឺទទួលឥទ្ធិពលពីអាណាចក្រអង្គរ និងសម័យលង្វែក ក្រោយពួកគេទទួលបានជោគជ័យលើសង្គ្រាមឈ្លានពាន ហើយបានប្រមូលយកនូវ អ្នកប្រាជ្ញបណ្ឌិត គម្ពីរក្បួនខ្នាតនានាពីនគរខ្មែរ យកធ្វើជារបស់ខ្លួន។

សៀមនៅបន្តប្រើប្រាស់ភាសាខ្មែរ ក្នុងការកត់ត្រានានា រហូតដល់កំលុងឆ្នាំ ១៨០០ជាង ទើបមានការផ្លាស់ប្តូរ ដោយខ្លាចមានការដកហូតនូវដែនដីមួយចំនួនមកអោយខ្មែរវិញ ពីអាណាព្យាបាលនៃបារាំងសេសតាមរយៈភាសា នៃប្រជាជនដើម។

ខ្មែរបានបាត់បង់កិត្យានុភាពខ្លួនតាំងក្រោយបែកបាក់អង្គរ និងបន្ទាយលង្វែក អ្នកស្រាវជ្រាវបរទេសបានហៅយុគនោះថា Dark Ages ។ គម្ពីក្បួនច្បាប់នានាត្រូវសៀមយកទៅអស់ ទឹកដីមួយភាគធំត្រូវគ្រប់គ្រងដោយសៀម។ មហាក្សត្រជំនាន់ក្រោយៗមក ក៏ត្រូវទទួលការទំនុកបម្រុងពីរាជវង្សសៀម រហូតមានការដាក់អាណានិគមរបស់បារាំង ទើបយើងអាចងើបឡើងវិញបានបន្តិច រហូតដល់មានសង្គ្រាមហែកហួរគ្នាជាថ្មីដោយរបបខ្មៅងងឹត បំផ្លាញខ្ទេចគ្មានសល់។

លោកអាដេម៉ាដ៍ ឡឺក្លែរ បានបញ្ជាក់ក្នុងសៀវភៅគាត់ដែរថា ចាប់ពីក្រោយសម័យអង្គរ និងលង្វែក ទោះសៀមមានឥទ្ធិពលលើខ្មែរមែន តែអរិយធម៌សៀមមិនដែលមានភាពរុងរឿងជាងខ្មែរនោះទេ។ យើងអាចមើលឃើញជាឧទាហរណ៍ ក្នុងសម័យសង្គមរាស្ត្រនិយម សៀម និងខ្មែរ មានសង្គមវប្បធម៌ភាពប្រហែលគ្នាប៉ុណ្ណោះ ស្តាយណាស់ដែលយើងជួបសង្គ្រាមបន្តទៀត ទើបធ្វើអោយយើងដួលម្តងហើយម្តងទៀត។

មកដល់ពេលនេះស្ទើរគ្រប់វិស័យ យើងមានភាពអន់ថយជាងថៃឆ្ងាយណាស់ គេបានដើរមុនយើងរាប់ពាន់ជំហាន គេពូកែ គេឆ្លាត កុំថាឡើយតែរឿងភាពយន្តតែមួយមុខ។

រឿងភាពយន្តថៃ

កន្លងទៅធ្លាប់មានការហាមមិនអោយមានការចាក់បញ្ចាំងរឿងថៃតាមទូរទស្សន៍បានជាងដប់ឆ្នាំដែរ ពេលនោះអាចជាឱកាសដល់ផលិតករក្នុងស្រុក ចាប់ផ្តើមផលិតភាពយន្ត និងភាពយន្តភាគ ឡើងវិញ។ តែជាអកុសល ទាំងសមត្ថភាពផលិត ទាំងថវិកា ទាំងការគាំទ្រពីស្ថាប័នរដ្ឋនៅមានកម្រិត ធ្វើអោយឱកាសមួយនោះ រសាត់បាត់ទៅវិញ។

ការមិនអោយរឿងថៃបញ្ចាំងនៅខ្មែរចំណេញឬខាត?

ពីរបីថ្ងៃមកនេះ មានកម្សួលខ្លាំងនៃអារម្មណ៍ជាតិនិយមក្នុងការមិនទៅទស្សនារឿងថៃ ឆ្លើយតបនឹងយុវជនថៃដែលធ្វើយុទ្ធនាការមិនទៅមើលរឿងខ្មែរ។ ជាទស្សនៈផ្ទាល់ខ្លួនខ្ញុំ ថៃនឹងខាត ហើយខ្មែរចំណេញ ហេតុផលគឺមិនមែនលុយនៃការលក់សំបុត្រទេព្រោះទីផ្សារខ្មែរតូចណាស់ មិនបានជះឥទ្ធិពលលើប្រាក់ចំណូលគេទេ អ្វីដែលខាតនោះគឺ….(អ្នកអានយល់ហើយ)។

តើខ្មែរយើងចំណេញត្រង់ណា? ផលិតករខ្មែរអាចមានឱកាសពង្រឹងសមត្ថភាព និងពង្រីកខ្លួនជាថ្មី ព្រោះបច្ចុប្បន្នយុវជនជំនាន់ក្រោយ មានសមត្ថភាពកាន់តែល្អហើយ ដើម្បីប្រជែងជាមួយផលិតករក្នុងតំបន់។ អ្វីដែលនៅខ្វះគឺ ឱកាស ទុន ទីផ្សារ និងការជួយបន្ថែមពីរដ្ឋ។

តើត្រឹមត្រូវទេដែលបិទរឿងថៃក្នុងទីផ្សារខ្មែរ?

វាជាការសម្រេចចិត្តដោយហ្មត់ចត់របស់រាជការ របស់អ្នកទស្សនាខ្លួនឯងផ្ទាល់ តែសម្រាប់ខ្ញុំ យើងពុំចាប់បាច់បិទរឿងថៃ ឬរឿងបរទេសទេ តែរដ្ឋគួរកំណត់ចំនួន និងប្រភេទរឿងដែលអាចអនុញាតិអោយបញ្ចាំង កំណត់ពេលវេលាក្នុងការចាក់ផ្សាយ និងតម្លើងពន្ធលើរឿងបរទេសអោយខ្ពស់ ដើម្បីជម្រុញដល់ទូរទស្សន៍ និងរោងកុននានា ងាកមកផលិតរឿងក្នុងស្រុកអោយបានច្រើន។ យើងអាចទិញរឿងបរទេសក្នុងតម្លៃថោកៗ ហើយបញ្ចាំងទទួលបានប្រាក់ចំណូលខ្ពស់ ខណៈដែលការផលិតរឿងខ្មែរត្រូវចំណាយទុនច្រើនជាង៤ដង នៃការនាំចូលរឿងបរទេសដែលមានគុណភាពល្អស្រាប់។

ហេតុអីរឿងខ្មែរមិនមានគុណភាព?

ធនធានមនុស្ស ធនធានថវិកាផលិត និងការជួយពីរាជការ គឺជារឿងសំខាន់ ខ្ញុំឃើញផលិតករជំនាន់ក្រោយ ពួកគេមានសមត្ថភាពហើយ តែបញ្ហាគឺធនធានថវិកាក្នុងការផលិតគឺជាឧបសគ្គ ដោយភាពយន្តបរទេសមានទាំងសមត្ថភាព និងថវិកាច្រើន ចំណែកយើងគឺពិបាកនិយាយណាស់។

បន្ទោសអ្នកណា?

– បន្ទោសរោងកុន ឬស្ថានីយ៍ទូរទស្សន៍ក៏មិនត្រូវដែរ ពួកគាត់ត្រូវការចំណូលដើម្បីទ្រទ្រង់ស្ថាប័ន គាត់រើសជម្រើសដែលល្អបំផុតហើយ។ ពួកគាត់ក៏បានប្រឹងប្រែងគាំទ្រផលិតករក្នុងស្រុកច្រើនណាស់ដែរ តែ…។

– បន្ទោសអ្នកមើលក៏មិនបានដែរ បញ្ហាគឺរឿងល្អគាត់មើលហើយ បើមិនល្អគាត់ក៏មិនគាំទ្រដែរ។

ការបណ្តុះស្មារតីជាតិនិយម និងការទប់ស្កាត់ការនាំចូលច្រើនហួសហេតុ ការជួយជ្រោមជ្រែងពីរាជការដល់ការផលិតករក្នុងស្រុក ក៏គឺជារឿងមួយល្អ ដែលនឹងជួយអោយអ្នកក្នុងស្រុកមានឱកាសប្រកួតប្រជែងច្រើន បានចំណូលចូលរដ្ឋតាមរយៈការកំណត់ពន្ធខ្ពស់ ហើយអាចបង្វែរចំណូលពីនេះយកមកជួយផលិតករក្នុងស្រុកបានថែមទៀត។

គួរមានជាតិនិយមក្នុងខ្លួន (តែកុំជ្រុលហួសហេតុ)​ ព្រោះប្រទេសជាច្រើនដែលបានអភិវឌ្ឍជាតិគេបានរីកចម្រើន ដោយសារយុវជនគេមានជាតិនិយមនេះឯង។

ដោយក្តីគោរព

សូម​ជំរាបជូន​ថា​ លោក​ ខាំ ភូរិ គឺជាអ្នក​ដឹកនាំ​ អ្នក​និពន្ធ​មាន​ឈ្មោះ​បោះ​សំឡេង​មួយ​រូប​ ដោយ​លោក​មាន​ទាំង​ស្នាដៃ​ភាពយន្ត​ ស្នាដៃ​ចម្រៀង​ និង​ស្នាដៃ​ស្ពតពាណិជ្ជកម្មជាច្រើន​ផង​ដែរ​៕

Share.