បើក​ក្បាល​ខែ​មីនា ឆ្នាំ​២០២៤ ភ្លាម​ បុរស​សង្ហា ​សុវត្ថិ មុនីវណ្ណ បានបញ្ចេញ​បទ​ចម្រៀង​ថ្មី​ «នាងអើយ» មក​អង្រួន​អារម្មណ៍​អ្នក​គាំទ្រ​ ជា​ពិសេស​អ្វីដែលធ្វើ​បទ​ចម្រៀង​នេះ​កាន់​ផ្ទុះ​បាន​នូវ​ការ​គាំទ្រ​​ និង អាច​​ទាក់ទាញ​បេះដូង​មហាជន​ឱ្យ​ចង់​ទស្សនា​​កាន់​តែ​ខ្លាំងនោះ​​ ក៏​ដោយ​សារ​តែ​ក្រុម​ការងារបាន​ជ្រើសរើស​តួឯក​ស្រី​មក​សម្ដែង​ក្នុង ​MV ជា​ស្រីស្អាត​លំដាប់​ប្រទេស ​យុវតី ​ល្អហួស​ មាន​តំណែង​ជា Miss Teen ជាតឹកតាងស្រាប់​។

បទ​ចម្រៀង​ថ្មី​ ស្ថិត​នៅ​ក្នុង​ផលិតកម្ម Galaxy Navatra ត្រូវ​បាន​អ្នក​ទស្សនា​មើល​ឃើញ​ថា​ ផលិតកម្មបាន​សម្រិតសម្រាំង​គុណភាព​ ទាំងខ្លឹមសារ​​បទ​ចម្រៀង ចង្វាក់​ភ្លេង បច្ចេកទេសថត និង​ការ​កាត់​ត អាច​និយាយ​បាន​ថា​ជា​បទ​ចម្រៀង​ស្ថិត​ក្នុង​កម្រិត​ស្ដង់ដារ​មួយ​។ លើស​ពី​នេះការ​គោចរមក​សម្ដែង​រួម​គ្នា​ជា​លើក​​ដំបូងនៅ​ក្នុង​បទ​ចម្រៀង​ថ្មី រវាង​បុរស​សង្ហា​ និង​ស្រីស្អាត កាន់តែ​ធ្វើ​ឱ្យ​បទ​ចម្រៀង​ថ្មី​របស់​សុវត្ថិ មុនី​វណ្ណ ក្ដោបបាន​ដួងចិត្ត​អ្នក​ទស្សនា​ទាំង​ជាតិ និ​ងអន្តរជាតិ​។

បទ​ចម្រៀង​ថ្មី ​របស់​កូនប្រុស​ច្បង​ ឧកញ៉ា ព្រាប សុវត្ថិ មួយ​នេះ បាន​ជំរុញ​ឱ្យ​ប្រជាប្រិយភាព​របស់​គេ​ហក់ឡើង​ខ្ពស់​ហួស​ពី​ការ​ស្មាន ជា​ពិសេស​គឺ​នៅ​លើ​បណ្ដាញសង្គម​ Tiktok ផ្ទាល់តែម្ដង​ ព្រោះ​តែ​បទ​នេះ​ កំពុង​ស្ថិត​ក្នុង​ Trend ជាបទ​ចម្រៀង​ពេញ​និយម​ដែល​ត្រូវ​បាន​​ក្រុម​អ្នក​លេង​ tiktok យក​ទៅ​ច្រៀង​ និង​យក​ទៅ​សម្ដែង​ត្រាប់​តាម​យ៉ាង​ច្រើន​រាប់​មិន​អស់។ ក្រោយ​ពេល​ចេញ​បទ​ចម្រៀង​នេះ​រួច​ធ្វើ​ឱ្យ​ ម្ចាស់​បទ​ «Don’t Compare» កាន់តែ​មមាញឹក​ក្នុង​ការ​ងារ​សិល្បៈ​ មាន​ទាំង​ការ​សម្ដែង​ចម្រៀង​តាម​កម្មវិធី​ខន​សឺត​ធំៗ​ទាំង​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​និង​តាម​បណ្ដាខេត្តនានា។ ត្បិត​ថា​មាន​ភាព​មមាញឹក​ច្រើន​នៅ​ក្នុង​សិល្បៈ​ក្ដី​ ប៉ុន្តែ​សុវត្ថិ​ មុនីវណ្ណ បាន​ទម្លាយតម្រុយថាខ្លួន​នឹង​មាន​ត្រៀម​បទ​ចម្រៀងគ្រប់​ចង្វាក់​ដើម្បី​ ​អបអរសាទរ​បុណ្យុ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ ដែល​នឹង​ឈាន​មក​ដល់ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ​។

គួរដឹងថាតារា​ចម្រៀង​យុវវ័យ​ សុវត្ថិ​ មុនីវណ្ណ ​កូន​ប្រុស​ច្បង​របស់​ឧកញ៉ា ព្រាប សុវត្ថិ តាំង​ពី​ឈាន​ជើង​ចូលជា​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ Galaxy Navatra មក​លោក​បាន​ចេញ​បទ​ចម្រៀង​ជា​ច្រើន​បទ​ ហើយ​សុទ្ធសឹង​ជាបទ​កំពុង​ល្បី​និង​ពេញ​និយម​ក្នុង​ស្រទាប់​យុវវ័យដូច​ជា​ «Don’t Compare» «My Angle» «In The Club» និង «Talk To me»៕

Share.