ផ្លរីដា៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលជ័យជម្នះក្នុងការប្រកួតប្រជែងជ្រើសរើសបេក្ខជនប្រធានាធិបតីនៅក្នុងថ្ងៃបោះឆ្នោត Super Tuesday កាលពីថ្ងៃអង្គារទី៥ ខែមីនា ដោយជារៀបចំការប្រកួតឡើងវិញជាប្រវត្តិសាស្ត្រនៅក្នុងការបោះឆ្នោតផ្លូវការនៅខែវិច្ឆិកា ខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០២៤។

យ៉ាងណាម៉ិញ ជ័យជម្នះរបស់លោក ត្រាំ នាពេលនេះ បានយកឈ្នះ នឹងបញ្ចប់ក្ដីសង្ឃឹមក្នុងការឈរឈ្មោះជាបេក្ខជនប្រធានាធិបតីតំណាំងឱ្យបក្សសាធារណរដ្ឋរបស់លោកស្រី Nikki Haley ដែលជាគូប្រជែងតែមួយគត់របស់លោក ដែលយុទ្ធនាការរបស់ពួកគេលែងមានផ្លូវឆ្ពោះទៅរកការតែងតាំងទៀតហើយ។

លោក ត្រាំ និងលោក បៃដិន ត្រូវបានគេរំពឹងកាន់តែខ្ពស់ថា គូប្រជែងទាំង២ នឹងត្រូវតតាំងគ្នាសារជាថ្មី ក្នុងការបោះឆ្នោតប្រធានាធិបតីផ្លូវការនៅខែវិច្ឆិកា ខាងមុខនេះ។

ទោះបីជាលោក ត្រាំ កំពុងប្រឈមមុខនឹងការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌក៏ដោយ អតីតប្រធានាធិបតីរូបនេះ ហាក់បីដូចជាទទួលបានការគាំទ្រជាច្រើនលើក ដោយបានជាប់ឆ្នោតជាប្រធានាធិបតីជាប់ៗគ្នាជាលើកទី៣ ក្នុងរដ្ឋសំខាន់ៗជាច្រើនរបស់អាមេរិក។

ក្នុង​សុន្ទរកថា​ជ័យ​ជម្នះ​មួយ​ដែល​បាន​ថ្លែង​ពី​ផ្ទះ​របស់​លោក Mar-A-Lago ក្នុង​រដ្ឋ Florida លោក ត្រាំ បាន​វាយ​ប្រហារ​គោល​នយោបាយ​អន្តោប្រវេសន៍​របស់លោក បៃដិន ហើយ​បាន​ហៅ​លោក បៃដិន ​ថា​ជា «ប្រធានាធិបតី​ដ៏​អាក្រក់​បំផុតក្នុង​ប្រវត្តិសាស្ត្រ»។ ទន្ទឹមនោះលោក ដូណាល់ ត្រាំ បន្ដថា «ថ្ងៃទី៥ ខែវិច្ឆិកា នឹងក្លាយជាថ្ងៃដ៏សំខាន់បំផុតតែមួយគត់នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសរបស់យើង»។

ដោយឡែកនៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក បៃដិន បានចាត់ទុកលោក ត្រាំ ថាជា «ការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យរបស់អាមេរិកជាថ្មីម្តងទៀត។ ខណៈលទ្ធផលនៅយប់នេះ ទុកឱ្យប្រជាជនអាមេរិក មានជម្រើសច្បាស់លាស់៖ តើយើងនឹងបន្តដំណើរទៅមុខទៀត ឬតើយើងនឹងអនុញ្ញាតឱ្យលោក ដូណាល់ ត្រាំ អូសយើងដើរថយក្រោយទៅក្នុងភាពវឹកវរ ការបែងចែក និងភាពងងឹត ពេលលោកស្ថិតក្នុងតំណែងជាប្រធានាធិបតីអាមេរិក»។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក លោក ដូណាល់ ត្រាំ បានទទួលជ័យជម្នះក្នុងការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋ ក្នុងរដ្ឋ Alabama, Arkansas, Colorado, Maine, North Carolina, Oklahoma, Tennessee, Texas និងរដ្ឋ Virginia ខណៈលោក បៃដិន ទទួលបានជ័យជម្នះយ៉ាងងាយស្រួលក្នុងរដ្ឋ Alabama, Arkansas, Colorado, Iowa, Maine, Massachusetts, North Carolina, Oklahoma, Tennessee, Texas, Vermont និងរដ្ឋ Virginia។

សូមជម្រាបថា ថ្ងៃបោះឆ្នោត Super Tuesday គឺជាថ្ងៃដ៏សំខាន់មួយដែលរដ្ឋចំនួន១៥ នៅក្នុងសហរដ្ឋអាមេរិក បោះឆ្នោតជ្រើសរើសបេក្ខជនប្រធានធិបតីក្នុងថ្ងៃតែមួយ ខណៈរដ្ឋមួយចំនួនរបស់អាមេរិកកំពុងតែស្រង់ភាគរយនៃការគាំទ្រពីប្រជាជន ដោយបច្ចុប្បន្នគណបក្សរបស់មេដឹកនាំទាំង២ កំពុងប្រកៀកប្រកិត ឬស្មើគ្នា៕

ប្រភព៖ CNA

Share.