ទីក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យក្រុមហាម៉ាស់ ទទួលយកកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា នៅខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដាន ខណៈក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានព្រមានថា កិច្ចចរចាសម្រាប់បទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងមិនអាចបន្ត «ដោយគ្មានកំណត់»។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ CNA នាថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០២៤។​​​

នៅពេលដែលគ្រោះទុរ្ភិក្សបានគំរាមកំហែងដល់តំបន់ហ្គាហ្សា យន្តហោះដឹកជំនួយរបស់សហរដ្ឋអាមេរិក និងហ្ស៊កដានី បានទម្លាក់ជំនួយស្បៀងអាហារម្តងទៀតចូលទៅក្នុងទឹកដីដែលមានមនុស្សចំនួន ២.៤លាននាក់រស់នៅ នៅក្នុងប្រតិបត្តិការរួមគ្នាជាមួយប្រទេសអេហ្ស៊ីប និងបារាំង។

ក្រសួងសុខាភិបាលក្នុងតំបន់គ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា ការទម្លាក់គ្រាប់បែក និងការប្រយុទ្ធគ្នានៅក្នុងសង្គ្រាមដែលបង្កឡើងដោយការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា បានសម្លាប់មនុស្សចំនួន ៩៧នាក់ទៀតនៅក្នុងតំបន់ហ្គាហ្សា ជាកន្លែងដែលអ៊ីស្រាអែលបាននិយាយថា យន្តហោះរបស់ពួកគេបានវាយប្រហារគោលដៅចំនួន៥០កន្លែង ក្នុងរយៈពេលមួយថ្ងៃកន្លងមក។

ដោយឡែកនៅទីក្រុងគែរ បេសកជនអាមេរិក និងក្រុមហាម៉ាស កំពុងជួបអ្នកសម្រុះសម្រួលអេហ្ស៊ីប និងកាតា ក្នុងការចរចារ ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា និងដោះលែងចំណាប់ខ្មាំង មុនពេលបុណ្យរ៉ាម៉ាដានចាប់ផ្តើមនៅថ្ងៃទី១០ ឬថ្ងៃទី១១ ខែមីនា ខាងមុខដ៏ខ្លីនេះ។

សារព័ត៌មាន Al-Qahera របស់ប្រទេសអេហ្ស៊ីប ដែលនៅជិតសេវាស៊ើបការណ៍សម្ងាត់របស់ប្រទេស បាននិយាយថា កិច្ចពិភាក្សាកំពុងបន្ត ហើយនឹងបន្តសម្រាប់រយៈពេល ៤ថ្ងៃជាប់ៗគ្នាចាប់ពីថ្ងៃពុធ សប្ដាហ៍នេះ។ ភាគីនានាក្នុងប្រទេសអេហ្ស៊ីប រហូតមកដល់ពេលនេះ ដោយមិនរាប់បញ្ចូលអ៊ីស្រាអែល បានពិភាក្សាអំពីផែនការសម្រាប់បទឈប់បាញ់រយៈពេល ៦សប្តាហ៍ ការផ្លាស់ប្តូរចំណាប់ខ្មាំងរាប់សិបនាក់ ជាមួយនឹងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ និងការបង្កើនជំនួយទៅកាន់តំបន់ហ្គាហ្សា។

យ៉ាងណាម៉ិញលោក បៃដិន បានព្រមានក្រុមហាម៉ាស ឱ្យយល់ព្រមលើបទឈប់បាញ់នៅតំបន់ហ្គាហ្សា នៅខែរ៉ាម៉ាដាន បន្ទាប់ពីអ្នកការទូតកំពូលរបស់លោក គឺលោក Antony Blinken បានជំរុញឱ្យវាទទួលយក «បទឈប់បាញ់ជាបន្ទាន់»។

ប្រធានាធិបតី​អាមេរិក​រូបនេះ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​៖ «​វា​ស្ថិត​ក្នុង​ដៃ​ក្រុម​ហាម៉ាស​នៅ​ពេល​នេះ»។ លោក​ បៃដិន មិន​បាន​បញ្ជាក់​លម្អិត​ទេ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​កាល​ពី​សប្តាហ៍​មុន​ បាន​ជំរុញ​ឲ្យ​អ៊ីស្រាអែល​អនុញ្ញាត​ឲ្យ​ជន​មូស្លីម​គោរព​បូជា​នៅ​បរិវេណ​វិហារ​អ៊ីស្លាម Al-Aqsa ក្នុង​ក្រុង Jerusalem ក្នុង​អំឡុង​ខែ​រ៉ាម៉ាដាន។

សូមជម្រាបថា សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស បានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែតុលា វាយប្រហារទៅលើភាគខាងត្បូងអ៊ីស្រាអែល ដែលបណ្តាលឱ្យមានអ្នកស្លាប់ប្រហែល ១,១៦០នាក់ ដែលភាគច្រើនជាជនស៊ីវិល ហើយមនុស្សជាង ២០០នាក់ទៀតត្រូវបានក្រុមហាម៉ាស ចាប់ជាចំណាប់ខ្មាំង នេះបើយោងតាមការបូកសរុបរបស់ AFP ដោយផ្អែកលើតួលេខផ្លូវការរបស់អ៊ីស្រាអែល។ ខណៈការវាយលុកសងសឹករបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ៣០,៦៣១នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ នេះបើយោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស៕

ប្រភព៖ CNA

Share.