ត្បូងឃ្មុំ៖ ក្រៅពីដំណាំម្រេច កៅស៊ូ កសិករឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃុំ បានដាំស្វាយចន្ទីប្រមាណជាង២ពាន់ហិកតា នៅដើមខែមីនា ឆ្នាំ២០២៤នេះ កសិករចាប់ប្រមូលផលជាបណ្តើរៗហើយ ស្វាយចន្ទីឆ្នាំនេះឱ្យផលដូចឆ្នាំទៅដែរ ដោយអាកាសធាតុមិនសូវមានអំណោយផលល្អ មិនសូវមានភ្លៀង ជាហេតុបណ្តាលឱ្យស្វាយចន្ទីមិនទទួលបានផលល្អនោះទេ រយៈពេល៣ឆ្នាំជាប់ៗគ្នាមកហើយ ដូចគ្នានេះដែរ តម្លៃវិញក្នុង១គីឡូក្រាមជាង៤ពាន់រៀលក៏មិនប្រែប្រួលដែរ។

លោកស្រី ណយ ស្រី ម្ចាស់ចម្ការស្វាយចន្ទីនៅក្នុងភូមិសាទុំ ឃុំ ជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឱ្យរៀបរាប់ដឹងថា ឆ្នាំនេះស្វាយចន្ទីឱ្យផលផដូចឆ្នាំទៅ តែតម្លៃទីផ្សារក៏មិនខុសពីឆ្នាំទៅដែរ ការប្រមូលផលដើមដៃនេះ កសិករលក់បាន១គីឡូក្រាម លក់ទាំងនៅក្នុងភូមិ ក៏ដូចក្នុងចម្ការលក់បានតម្លៃ៤ពាន់៦រយរៀល។

លោកស្រីបានឱ្យដឹងទៀតថា ចំពោះទីផ្សារគ្រាប់ស្វាយច័ន្ទី មានទីផ្សារច្បាស់លាស់ មានថៅកែគេចូលទិញដល់ចម្ការ ឬតាមភូមិតែម្ដង ហើយគេដឹកយកទៅលក់បន្តទៅឲ្យថៅកែធំៗនៅក្នុងស្រុក ហើយដឹកយកទៅលក់ឱ្យបន្តនៅតាមរោងចក្របកគ្រាប់ស្វាយចន្ទីក្នុងស្រុក និងឈ្មួញខ្លះដឹកយកទៅលក់ឱ្យប្រទេសជិតខាងផងដែរ ។

លោក អ៊ួច យឿន មេឃុំជាំក្រវៀនបានឱ្យដឹងថា នៅក្នុងឃុំជាំក្រវៀនទាំងមូល មានចំនួន១៨ភូមិ កសិករដាំដំណាំស្វាយច័ន្ទីនៅលើផ្ទៃដី ២ពាន់ហិកតា បច្ចុប្បន្នកសិករកំពុងតែប្រមូលផលជាបណ្ដើរៗហើយ រយៈពេល៣ឆ្នាំ មកហើយ ស្វាយចន្ទីមិនសូវឱ្យផលទេ ដោយសារកត្តាអាកាសធាតុក្តៅពេក ដែលជាហេតុធ្វើឱ្យផ្កាវាក្រៀមគ្មានផ្លែតែម្តង ទិន្នផលក្នុង១ហិកតា បាន១តោនជាងតែប៉ុណ្ណោះ រីឯតម្លៃវិញ កសិកករលក់បាន១គីឡូក្រាមជាង៤ពាន់រៀល តម្លៃនេះ៣ឆ្នាំមកហើយ មានឈ្មួញចុះទិញដល់ចម្ការតែម្តង មិនចោទបញ្ហាទេទីផ្សារនោះ ពោលគឺស្រួលលក់ណាស់ ពួកគាត់អាចដោះស្រាយជីវភាពគ្រួសារបាន៕

អត្ថបទ៖ សាន វីឡែម

Share.