បន្ទាប់​ពី​​មាន​ការធានា​​ពី​​លោក ខូវ ឆាយ អនុប្រធានទី១​​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ អ្នកលេងគុនចម្រុះនារីកម្ពុជា នៅ ស្រីពៅ នឹង​ដាក់​ពាក្យ​លា​ឈប់​ពី​ការងារ​នៅ​រោង​កុន​មួយ​កន្លែង ​​ដើម្បី​ ​ចូល​អាជីព​ប្រដាល់​វិញ។

កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ លោក ខូវ ឆាយ អនុប្រធាន​ទី១​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ បាន​ធានា​ថានឹងរៀបចំ​​​ឱ្យកីឡាការនី​ នៅ ស្រីពៅ ​បាន​ឱកាស​ឡើង​ប្រកួត​​ទៀង​ទាត់​ ប្រសិន​បើ​កីឡាការិនី​រូប​នេះ​វិល​ត្រឡប់​ចូល​សង្វៀន​វិញ។

លោក​អនុប្រធាន​គុន​ខ្មែរលើកឡើងដូចនេះថា ៖«ខ្ញុំគាំទ្រ​ឱ្យ ស្រីពៅ ត្រឡប់​មកហ្វឹកហាត់​ និងឡើងសង្វៀន​ប្រកួត​វិញ ហើយខ្ញុំធានាថា នឹងសម្របសម្រួលក្នុងការចាប់គូ​ឱ្យ​ស្រី​ពៅ ​បាន​ឡើង​ប្រកួតទៀង​ទាត់។

សូមជម្រាប់ថា កីឡាការនី នៅ ស្រីពៅ ជាអតីត​កម្មការិនី​រោង​ចក្រ​កាត់​ដេរម្នាក់ ​ដែល​មាន​​ជំនាញ​ប្រដាល់​សកល គុន​ខ្មែរ Kickboxing និង​គុន​ចម្រុះ គ្រានោះនាង​ផ្ទុះ​ល្បី​ខ្លាំង​នៅ​ពេល​​ប្រកួត​ Lethwei នៅ​ប្រទេស​មីយ៉ាន់ម៉ា​ចន្លោះ​​​ឆ្នាំ​២០១៧-២០១៨ នៅ​ប្រទេស​មីយ៉ាន់ម៉ា ​​ដោយ​​បាន​ប្រកួត​២​ដង​គឺ​ឈ្នះ​ទាំង​​២ដង។

កីឡាការនី នៅ ស្រីពៅ ក៏ជាម្ចាស់​ខ្សែ​ក្រវាត់​គុន​ខ្មែរ ​អន្តរជាតិ Kun Khmer World Champion ឈ្នះ​មេដាយ​មាស ​ប្រដាល់​សកល​ថ្នាក់​ជាតិ ​និង​​ឈ្នះ​មេដាយ​សំរិទ្ធ​ស៊ីហ្គេម។

កញ្ញាធ្លាប់​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​ ពី​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ ឆ្នាំ​២០១៩​ នៅ​ប្រទេសហ្វីលីពីន​ និង​បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ជា​ច្រើន​ ​ដូច​ជា​នៅ​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ២០១៨​ នៅ​ប្រទេស​ ថៃ​ មីយ៉ាន់ម៉ា​ ឥណ្ឌូណេស៊ី​ និង​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន ទៀតផង។

​គួរ​រំលឹក​ថា​ ​ នៅ ស្រីពៅ ​​មាន​កំណត់​ត្រា​ប្រកួត​​បាន​ចំនួន​​ ១០០ ​ដង​ក្នុង​ការ​ប្រកួត​លើ​សង្វៀន​​​ប្រដាល់​​គុន​ខ្មែរ ​សកល និង ​គុន​ចម្រុះ។ ​​ប៉ុន្តែ​​​​បើ​និយាយ​អំពី​ការ​ចេញ​ទៅ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​​មិន​មែន​ស៊ីហ្គេម​ ​រូប​គេ​​​ប្រកួត​បាន​ចំនួន​ ៤ដង​ ​ក្នុង​នោះ​ឈ្នះ​​ ៣ ដង​ ​និង​ចាញ់ ​១​ ដង។ ​នៅ ស្រីពៅ ជា​កីឡាការិនី មាន​ទេពកោសល្យ​ម្នាក់​ក្នុង​ទម្ងន់ ​៥៣ គីឡូក្រាម ​ហើយ​អាច​ប្រកួត​បាន​ទាំង​ប្រដាល់​គុន​ខ្មែរ វ៉ៃ​សកល និង វ៉ៃ​​គុន​ចម្រុះ។

កីឡាការិនី នៅ​ ស្រីពៅ បានចូលរោងជ័យការជាមួយកីឡាករ សុខ រិទ្ធ កាលពីខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ៕

Share.