សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ FIFA បាន​រៀបចំ​បង្កើត​ពានរង្វាន់ FIFA Series សម្រាប់​ប្រទេស​ជា​សមាជិក​របស់​ខ្លួន​ចំនួន​​២០​ក្រុម​ចែក​ជា​៥ពូល ប្រកួត​ប្រជែង​ក្នុង​ថ្ងៃ FIFA Day ស្រប​ពេល​ដែល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ស្ថិត​ក្នុង​ពូល​ជាមួយ​ក្រុម​ជម្រើស​ជាតិ កាប់វែរ (Cape Verde), ប្រទេស​ (គុយយ៉ាន) Guyana និង​ប្រទេស (ហ្គីណេអេក្វាទ័រ) Equatorial Guinea។

ខណៈកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ សហព័ន្ធកីឡាបាល់ទាត់នៃប្រទេសហ្គីណេអេក្វាទ័រ បានចេញបញ្ជីឈ្មោះកីឡាករ ត្រៀមប្រកួតប៉ះក្រុមកម្ពុជា ខាងមុខ។

តាម​គម្រោង​ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​ទីក្រុង Jeddah ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ពី​ថ្ងៃ​ទី​​២១​ ដល់​២៦ ខែ​មីនា ឆ្នាំ​២០២៤ ដោយ​មាន​កម្មវិធី​ដូចជា៖

កម្មវិធីប្រកួត

ថ្ងៃ​ទី​២១ មីនា ២០២៤ ប្រទេស​កាប់វែរ Vs ប្រទេស​គុយយ៉ាន
ថ្ងៃ​ទី​២២ មីនា ២០២៤ ប្រទេស​ហ្គីណេអេក្វាទ័រ Vs ប្រទេស​កម្ពុជា
ថ្ងៃ​ទី​២៥ មីនា ២០២៤ ប្រទេស​កាប់វែរ Vs ប្រទេស​ ហ្គីណេអេក្វាទ័រ
ថ្ងៃ​ទី​២៦ មីនា ២០២៤ ប្រទេស​កម្ពុជា Vs ប្រទេស​គុយយ៉ាន

ប្រកួត​បើក​ឆាក​របស់​កម្ពុជា ត្រូវ​ប៉ះ​​ប្រទេស​ហ្គីណេអេក្វាទ័រ ដូច្នេះ​សារព័ត៌មាន​ត្រយង សូម​ណែនាំ​ព័ត៌មាន​ខ្លះៗ​ពី​ប្រទេស​មក​ពី​ទ្វីប​អាហ្វ្រិក មួយ​នេះ​ជូន​ប្រិយមិត្ត​ជ្រាប៖
១) ទីក្រុង​ឈ្មោះ៖ Malabo
២) ភាសា​ផ្លូវការ៖ អេស្ប៉ាញ, បារាំង, ព័រទុយហ្គាល់
៣) សាសនា៖ គ្រិស្តសាសនា
៤) ប្រធានាធិបតី៖ Teodoro Obiang
៥) ទទួល​ឯករាជ្យ៖ ១២ តុលា ១៩៦៨ ពី​ប្រទេស​អេស្ប៉ាញ
៦) ផ្ទៃ​ដី៖ ២៨,០៥០គីឡូម៉ែត្រក្រឡា
៧) ប្រជាជន៖ ១,៦៧៩,១៧២ នាក់ (ទិន្នន័យ​ឆ្នាំ​២០២២)
៨) ព្រំប្រទល់៖ ខាង​ជើង​ជាប់​​កាមេរ៉ូន, ខាង​ត្បូង​និង​ខាង​កើត ជាប់​ហ្គាបុង, ខាង​លិច​ជាប់​ឈូង​សមុទ្រ​ហ្គីណេ
៩) ចម្ងាយ៖ ពី​កម្ពុជា ទៅ​ហ្គីណេអេក្វាទ័រ មាន​​១០,៤៨០ គីឡូម៉ែត្រ (distancefromto)

អំពី​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ហ្គីណេអេក្វាទ័រ វិញ​មាន៖
១) លេខ៧៩ ពិភពលោក
២) ប្រកួត​ដំបូង៖ ១៩៧៥ ចិន ៦-២ ហ្គីណេអេក្វាទ័រ
៣) ឈ្នះ​ច្រើន​គ្រាប់​បង្អស់៖
ហ្គីណេអេក្វាទ័រ ៤-០ អាហ្រ្វិកកណ្តាល (២០១៤)
ហ្គីណេអេក្វាទ័រ ៤-០ ស៊ូដង់ខាងត្បូង (២០១៦)
ហ្គីណេអេក្វាទ័រ ៤-០ កូឌីវ័រ (២០២៤)
៤) ចាញ់​ច្រើន​គ្រាប់៖ កុងហ្គោ ៦-០ ហ្គីណេអេក្វាទ័រ (១៩៩០)
៥) ប្រធាន​ក្រុម​និង Top Scores៖​ Emilio Nsue (លេង​ឱ្យ​អេស្ប៉ាញ ឈុត​U16 ដល់ U21) ធ្លាប់​លេង​Mallorca, Middlesbrough, Birmingham City, APOEL ក្នុង​ទ្វីប​អឺរ៉ុប។ ធ្លាប់​ឈ្នះ​ពាន​ឯកត្តជន Africa Cup of Nations Golden Boot ឆ្នាំ​២០២៣ និង Africa Cup of Nations Team of the Tournament ឆ្នាំ​២០២៣ ខណៈ​គិត​ត្រឹម​ពេល​នេះ​គេ​រក​គ្រាប់​បាល់​អោយ​ក្រុម​ជម្រើស​ជាតិ​បាន​២២​គ្រាប់​ម្នាក់​ឯង។
៦) គ្រូ​បង្វឹក៖Federico Bikoro ធ្លាប់​ដឹកនាំ​ឈុត​នារី, គ្រូ​ក្រុម​បុរស​ U17, U23 និង​គ្រូ​បណ្តោះអាសន្ន​របស់​ហ្គីណេអេក្វាទ័រ មុន​ចុះ​កិច្ចសន្យា​​ជា​គ្រូ​បង្គោល​ផ្លូវការ​នៅ​ថ្ងៃ​ទី​ ២៣ មីនា ឆ្នាំ​២០២១ មក​ទល់​បច្ចុប្បន្ន។ បុរស​វ័យ​៤៨​ឆ្នាំ​រូប​នេះ ធ្លាប់​លេង​ឱ្យ​ជម្រើស​ជាតិ ហ្គីណេអេក្វាទ័រ ចំនួន​៣លើក​ចន្លោះ​ឆ្នាំ​១៩៩៨ ដល់​២០០២ ក្នុង​នាម​ជា​ខ្សែ​ប្រយុទ្ធ។
៧) ៥​ប្រកួត​ចុងក្រោយ​របស់ហ្គីណេអេក្វាទ័រ៖
– ៩ មករា ហ្គីណេអេក្វាទ័រ ១-១ ជីប៊ូទី (មិត្តភាព​អន្តរជាតិ)
– ១៤ មករា នីហ្សេរីយ៉ា ១-១ ហ្គីណេអេក្វាទ័រ (ពូល A ជើង​ឯក​ទ្វីប​អាហ្វ្រិក – 2023 AFCON)
– ១៨ មករា ហ្គីណេអេក្វាទ័រ ៤-២ ហ្គីណេ-ប៊ីសាវ (ពូល A ជើង​ឯក​ទ្វីប​អាហ្វ្រិក – 2023 AFCON)
– ២២ មករា ហ្គីណេអេក្វាទ័រ ៤-០ កូឌីវ័រ (ពូល A ជើង​ឯក​ទ្វីប​អាហ្វ្រិក – 2023 AFCON)
– ២៨ មករា ហ្គីណេអេក្វាទ័រ ០-១ ហ្គីណេ (វគ្គ​១៦​ក្រុម​ជើង​ឯក​ទ្វីប​អាហ្វ្រិក – 2023 AFCON)

៨) ​កោះហៅ​​ក្នុង​បញ្ជី​២៣​នាក់​ចុង​ក្រោយ​ក្នុង​ខែ​មករា មាន​តែ​​ខ្សែ​ប្រយុទ្ធ​វ័យ​១៨​ឆ្នាំ ​José Nabil Ondo ម្នាក់​ប៉ុណ្ណោះ ដែល​ប្រកប​អាជីព​ក្នុង​ស្រុក ក្រៅ​ពី​នោះ​ភាគ​ច្រើន​ប្រកប​អាជីព​នៅ​ទ្វីប​អឺរ៉ុប។

ក្រុម​ជ្រាប​ព័ត៌មាន​ខ្លះៗ​​ហើយ តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ពី​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​José Nabil Ondo ហ្គីណេអេក្វាទ័រ?

Share.