ច្បាស់ការហើយ ក្រោយចប់បេសកម្មនៅពានរង្វាន់តេជោលីគ កីឡាករ គួន ម៉ុម នឹងចេញដំណើរទៅវៀតណាម នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ខាងមុខ។

កីឡាករ គួន ម៉ុម សមាជិករបស់សមាគមបាល់ទះវិសាខា នឹងផ្ទេរទៅចូលរួមជាមួយក្លិបបាល់ទះ Lavie Long An នៅប្រទេសវៀតណាម (ក្នុងលក្ខខណ្ឌខ្ចីជើង) ជាលើកទី២ ដើម្បីចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់បាល់ទះ ជើងឯកថ្នាក់ជាតិ ជុំទី១ ឆ្នាំ២០២៤ ។

ស្របពេលកីឡាករ គួន ម៉ុម ក៏ធ្លាប់ផ្តល់កិច្ចសម្ភាសន៍ប្រាប់សារព័ត៌មានត្រយងដូច្នេះថា៖«ខ្ញុំ​បាន​ចុះ​កុងត្រា​រួច​រាល់​ហើយ ដើម្បីផ្លាស់​ទៅចូលរួមជាមួយ​​ក្លិប Long An ដែលខ្ញុំ​បាន​ទៅ​លេង​លើក​មុន។ ខ្ញុំ​ទៅ​លើក​នេះ​រយៈ​ពេល​មិនដល់១​ខែនោះ​ទេ​។ គេ​លេង​១​ជុំ​ គេ​សម្រាក​សិន ចូល​ជុំ​ទី២​បាន​គេ​ចុះ​កុងត្រា​ម្តង​ទៀត ប៉ុន្តែ​ខ្ញុំ​បាន​ចុះ​កុងត្រា​តែ​ជុំទី១​ទេ ខាង​ក្លិប​សុំ​ចុះ​កុងត្រា​ទាំង​២ជុំ​ដែរ ដោយសារ​គោល​ដៅ​របស់​ខ្ញុំ​គឺ​ទៅ​ប្រទេស​​​​ធំ​មួយ​ទៀត តែ​សុំ​លាក់​សិន​ចំពោះ​ប្រទេសនោះ»។

សម្រាប់កីឡាករ គួន ម៉ុម បច្ចុប្បន្នមានវ័យ​២៦នាំ ជា​កីឡាករ​ដែល​មាន​បទពិសោធន៍​ខ្លាំង​របស់​កម្ពុជា ដោយ​​រូប​គេ​ធ្លាប់​បាន​ចេញ​ទៅ​ប្រកប​អាជីព​នៅ​ប្រទេស​​ឥណ្ឌូណេស៊ី នៅ​ឆ្នាំ​២០២០ ​កន្លង​ទៅ​ជាមួយ​ក្រុម Garuda Jakarta ក្នុង​រដ្ឋធានី​ហ្សាកាតា។ យ៉ាងណាក្ដី​កីឡាក​រូប​នេះ​ដុះ​ចេញ​ពី​ក្រុម​បាល់ទះ​ក្រសួង​មហាផ្ទៃ​ចន្លោះ​ឆ្នាំ​២០១៥ ដល់​២០១៨ មុន​ផ្ទេរ​ចូលរួម​ជាមួយ​ក្រុម​វិសាខា ពី​ឆ្នាំ​២០១៨ រហូតដល់បច្ចុប្បន្ន។

ដូច្នេះកីឡាករ គួន ម៉ុម គឺជាកីឡាករខ្មែរទី២ ដែលផ្លាស់ទៅចូលក្រុមនៅក្រៅប្រទេស បន្ទាប់ពីកីឡាករ វឿន វាសនា បច្ចុប្បន្នកំពុងប្រកបអាជីពនៅលីគបាល់ទះ​តៃវ៉ាន់ Enterprise Volleyball League។

គួន ម៉ុម កីឡាករ​មាន​កម្ពស់​ ១.៩៨​ម៉ែត្រ បាន​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា តាំងពី​ឆ្នាំ​២០១៩ ដល់​បច្ចុប្បន្ន ស្រប​ពេល​ដែល​គេ​ក៏​ជា​តួរ​សំខាន់​ជួយ​ឱ្យ​បាល់ទះ​បុរស​ក្នុង​សាល​របស់​កម្ពុជា ឈ្នះ​មេដាយ​សំរឹទ្ធិ ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម និង​មេដាយ​ប្រាក់​ស៊ីហ្គេម លើក​ទី​៣២ ក្នុង​រាជធានី​ភ្នំពេញ៕

Share.