ក្លិប​បាល់ទាត់​វិសាខា ម្ចាស់​ជើង​ឯក​ពានរង្វាន់​បាល់ទាត់​សម្តេច​តេជោ ហ៊ុន សែន ៣​សម័យកាល បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​គ្រប់​ពានរង្វាន់​ដែល​ខ្លួន​នៅ​សេសសល់ ក្នុង​រដូវកាល​ឆ្នាំ​២០២៣-២៤ នេះ ពោល​គឺ​គ្រប់​ពានរង្វាន់​ដែល​រៀបចំ​ឡើង​ដោយ​​ក្រុម​ហ៊ុន Cambodian Premier League (លីគ​ទី១ និង​លីគ​ទី២) និង​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ជាប់ៗគ្នា​នៅ​ល្ងាច​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០២៤ នៅ​លើ​បណ្ដាញ​សង្គម​ផ្លូវការ​របស់​ក្លិប ស្រប​ពេល​ដែល​​ក្លិប​ត្រូវ​កំពុង​ស្ថិត​នៅ​ក្នុង​បញ្ជី Top4 នៃ​ពានរង្វាន់​លីគ​កំពូល និង ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន។ តែ​យ៉ាងណា​គេ​មិន​បាន​ដឹង​ពី​មូលហេតុ​ជាក់​លាក់​នៃ​ការ​ដក​ខ្លួន​របស់​ក្លិប​វិសាខា នេះ​នោះ​ទេ។

ប្រសិន​បើ​ក្លិប​បាល់ទាត់​វិសាខា ដក​ខ្លួន​នេះ​មិន​ត្រឹម​ជា​​អស់​បេក្ខភាព​ក្នុង​បានរង្វាន់​លីគ​កំពូល និង​ពានរង្វាន់​សម្តេច​តេជោ នោះ​ទេ ពោល​គឺ​បាត់​បង់​ក្លិប​ឈុត​«ខ» ដែល​កំពុង​តែ​ប្រកួត​ក្នុង​ពានរង្វាន់​លីគ​ទី២ ថែម​ទៀត​ផង។

ក្លិប​បាល់ទាត់​វិសាខា បាន​​ឡើង​មក​លេង​លីគ​កំពូល​កម្ពុជា នៅ​រដូវកាល​ឆ្នាំ​២០១៨ ក្រោយ​ឈ្នះ​ជើង​ឯក​លីគ​ទី២ នៅ​រដូវកាល​ឆ្នាំ​២០១៧។ ក្នុង​រដូវកាល​ដំបូង​​ក្នុង​លីគ​កំពូល​កម្ពុជា ក្លិប​មួយ​នេះ​បាន​ខ្ចី​កីឡដ្ឋាន​ក្លិប​វេស្ទើន ធ្វើ​ជា​ទឹកដី​ខ្លួន​បណ្ដោះអាសន្ន ស្រប​ពេល​ខ្លួន​បាន​កសាង​កីឡដ្ឋាន​ស្តង់ដារ នៅ​ម្តុំ​ហ្រ្គេនភ្នំពេញ ហើយ​ក្រោយ​សាងសង់​រួចរាល់ ក្លិប​បាន​ដាក់​ឈ្មោះ​ថា​កីឡដ្ឋាន​ព្រីនស៍។

កីឡដ្ឋាន​ព្រីនស៍ ធ្លាប់​ទទួល​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ថ្នាក់​ជាតិ​និង​អន្តរជាតិ​ជា​ច្រើន​ ជា​ពិសេស​ជា​ទីតាំង​សំខាន់​មួយ​ក្នុង​បេសកកម្ម​របស់​កម្ពុជា ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ កន្លង​ទៅ​ថែម​ទៀត​ផង។

ក្រុម​ថ្មីថ្មោង​មួយ​នេះ​ធ្លាប់​ឈរ​ជា​ក្រុម​ជើង​ឯក​រង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា ២សម័យកាល​គឺ​នៅ​ឆ្នាំ​២០១៩ និង​២០២២ ខណៈ​​ជា​ក្រុម​ឈ្នះ​ជើង​ឯក​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ៣​សម័យកាល​ជាប់ៗគ្នា​គឺ​នៅ​ឆ្នាំ​២០២០, ២០២១, ២០២២ ព្រម​ទាំង​ធ្លាប់​រង​ជើង​ឯក​ពានរង្វាន់ Cambodian Super Cup នៅ​ឆ្នាំ​២០២២ និង ២០២៣ និង​រង​ជើង​ឯក​ពានរង្វាន់ Cambodian League Cup ឆ្នាំ​២០២២ ទៀត​ផង។

ក្រុម​វិសាខា ធ្លាប់​តំណាង​ឱ្យ​កម្ពុជា ចូល​ប្រកួត​ពានរង្វាន់​​ទ្វីប​អាស៊ី AFC Cup នៅ​ឆ្នាំ​២០២២ កន្លង​ទៅ តែ​នៅ​ឆ្នាំ​២០២១ ក្លិប​នេះ​ក៏​ជា​បេក្ខភាព​ដែរ ត្រូវ​បាន​​សហព័ន្ធ​បាល់ទាត់​អាស៊ី រំសាយ​ដោយ​សារ​តែ​​ស្ថានភាព​រីករាលដាល​នៃ​ជំងឺ​​កូវីដ-១៩។

ក្លិប​វិសាខា បាន​បណ្តុះ​យុវជន​គ្រប់​កម្រិត និង​ក្រុម​នារី ថែម​ទៀត ខណៈ​បច្ចុប្បន្ន​នេះ​ក្លិប​ហៀប​នឹង​សាងសង់​មជ្ឍមណ្ឌល Visakha Dream រួចរាល់​នៅ​ម្តុំ​កប់ស្រូវ៕

Share.