ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ក្រោយពីធ្វើសកម្មភាពគាស់ទ្វារចូលលួចយកម៉ូតូ៣គ្រឿងបានសម្រេចនៅក្នុងភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ហើយគេចខ្លួន អស់រយៈពេល១១ថ្ងៃ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលស្រុកអង្គស្នួល ស្រាវជ្រាវតាមចាប់ខ្លួនបាន កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២៤ នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យទាំង៣នាក់ ទី១ ឈ្មោះ ប៊ូ រ៉ាវិន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ទី២ ឈ្មោះ អ៊ូ សុភ័ក្រ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ទី៣ ឈ្មោះ ថេរ យ៉ាងគួ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ជនសង្ស័យទាំង៣នាក់ ស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ចំណែកជនរងគ្រោះមាន៣នាក់ ៖ ទី១ ឈ្មោះ ភួន វិន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលជាន់ទី១ កន្លែងកើតហេតុ ម៉ូតូដែលបាត់ ម៉ាកហុងដាឌ្រីម សេរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1AB-0813 ។ ទី២ ឈ្មោះ ហ៊ុល ហ៊ន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលជាន់ទី១ កន្លែងកើតហេតុ ម៉ូតូដែលបាត់ ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IB-4621 ។ ទី៣ ឈ្មោះ គៀន សុភាព ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ ម៉ូតូដែលបាត់ ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1M-7947 ។

តាមសមត្ថកិច្ចបានឱ្យដឹងថា នៅវេលារំលងអធ្រាត្រចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ជនសង្ស័យទាំង៣នាក់ ប្រដាប់ដោយឧបករណ៍សម្រាប់កាច់សោ ទៅធ្វើសកម្មភាព គាស់សោទ្វាររបងផ្ទះជួល ចូលកាច់សោ ក ម៉ូតូ លួចយកបាន៣គ្រឿង ហើយគេចខ្លួនបាត់ ។ ក្រោយពីកើតមានចោរកម្មនៅចំណុចខាងលើ ជនរងគ្រោះប្តឹងទៅសមត្ថកិច្ច ធ្វើការស្រាវជ្រាវ អស់រយៈពេល១១ថ្ងៃ ទីបំផុតនៅរសៀលថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២៣នេះ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលស្រុកអង្គស្នួល ស្រាវជ្រាវចាប់ខ្លួនបាន៣នាក់ ដកហូតបានឧបករណ៍សម្រាប់កាច់សោ ។

តាមចម្លើយសារភាព ជនសង្ស័យបានធ្វើសកម្មភាព លួចម៉ូតូបាន៣គ្រឿងខាងលើពិតមែន ។

ជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួននាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅទី៣ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញខណ្ឌ ចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.