ក្រោយពីបានផលិតរឿងរ៉ាវស្នេហាស្ត្រីនិងស្ត្រីរឿង «សង្សារខ្ញុំ» ហើយទទួលបានគាំទ្រល្អនោះពេលនេះផលិតកម្មសាស្ត្រាហ្វីលម៍បានបន្តផលិតរឿងរ៉ាវស្នេហារវាងបុរសនិងបុរសវិញម្ដងដែលរឿងថ្មីនេះមិនទាន់បង្ហាញឱ្យដឹងនៅឡើយទេថាតើតារារូបណានឹងមកសម្ដែងនេះ។
Poster ចំនួនពីរហើយដែលផេកផ្លូវការ Sastrafilm App Cambodia បានបង្ហោះបង្ហាញដល់អ្នកគាំទ្ររបស់ខ្លួនឱ្យបានដឹងថារឿងរ៉ាវស្នេហាថ្មីរវាងបុរសនិងបុរស «មេឃខៀវ» នឹងមានបញ្ចាំងឱ្យអ្នកគាំទ្របានទស្សនានាពេលខាងមុខនេះ។

Poster ចំនួនពីរដែលទាក់ចិត្តអ្នកគាំទ្រជាពិសេសអ្នកនិយមទស្សនារឿងរ៉ាវស្នេហាភេទដូចគ្នានេះគឺមិនបានបង្ហាញឱ្យដឹងទេថាតើតារាសម្ដែងបុរសពីររូបណានឹងមកសម្ដែងនូវរឿងរ៉ាវស្នេហារវាងបុរសនិងបុរសនេះ។
ក្រៅពីមិនបង្ហាញពីសមាសភាពតួសម្ដែងក្នុងរឿងនេះដែលធ្វើឱ្យអ្នករងចាំទស្សនាអន្ទះសាហើយនោះ ក៏មានផុសអមនូវសំណេរខ្លីស៊ីអារម្មណ៍ដូចជា៖ «បើមនុស្សគ្រប់គ្នាមានក្តីសុខនឹងមានស្នេហាអញ្ចឹងខ្ញុំក៏មិនខុសដែរ…បើគ្រាន់តែខ្ញុំស្រលាញ់គេនោះ… »។ «ខ្ញុំជាមនុស្សធម្មតា ដែលគ្រាន់តែចង់បានស្នេហាបែបធម្មតាៗ…»។
យ៉ាងណាដែរបងប្អូនស៊ីអារម្មណ៍ដែរទេ? ចង់ដឹងណាស់មែនទេថាតារាប្រុសពីរដួងណានឹងមកសម្ដែងរឿងភាគពិសេសរបស់ផលិតកម្មសាស្ត្រាហ្វីលម៍?