នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសថានៅម៉ោង ៣:៣០រសៀល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការពន្យល់បកស្រាយអំពីការកាត់ សេចក្តីរបស់អជ្ញាកណ្តាលក្នុង ការប្រកួតរបស់ពានសម្តេច និងការប្រកួតលីគកំពូលកម្ពុជា។

មូលហេតុសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រៀបចំសន្និសីទសារព័ត៌មានខាងលើ គឺដោយសារកាលពីថ្ងៃសុក្រ ទី៨ ខែមីនា ឆ្នាំ២០២៤ ក្លិបបាល់ទាត់វិសាខា បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​គ្រប់​ពានរង្វាន់​ដែល​ខ្លួន​នៅ​សេសសល់ ក្នុង​រដូវកាល ​ឆ្នាំ​២០២៣-២៤ នេះ ពោល​គឺ​គ្រប់​ពានរង្វាន់​ដែល​រៀបចំ​ឡើង​ដោយ​​ក្រុម​ហ៊ុន Cambodian Premier League (លីគ​ទី១ និង​លីគ​ទី២) និង​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន។

ស្របពេលក្រុមហ៊ុន CPL ក៏បានចេញសេចក្តីជូនដំណឹង ជុំវិញការប្រកួតរបស់វិសាខា៖
– វិសាខា ប្រកួតជាមួយ ព្រះខ័នរាជ ស្វាយរៀង ហ្វូតបល ក្លិប ឯ.ក នៅលីគកំពូលកម្ពុជា ឆ្នាំ២០២៣-២០២៤ សប្តាហ៍ទី២៤ នៅថ្ងៃអាទិត្យ ទី១០ ខែមីនា គឺមិនមានការប្រកួតនោះទេ។
– សៀមរាប អេហ្វសុី ប្រកួតជាមួយ វិសាខា (ខ) នៅលីគ២ ឆ្នាំ២០២៣-២០២៤ សប្តាហ៍ទី២០ នៅថ្ងៃសៅរ៍ ទី៩ ខែមីនា គឺមិនមានការប្រកួតនោះទេ។

ខណ:អតីតខ្សែការពារបឹងកេត Taher Jahanbakhsh សំណូមពរឱ្យអ្នកគាំទ្រលើកទឹកចិត្តក្លិបបាល់ទាត់វិសាខា ដើម្បីវិលត្រលប់មកប្រកួតប្រជែងនៅលីគកំពូលកម្ពុជាវិញ ដោយសារវិសាខា គឺជាក្លិបដ៏អស្ចារ្យ ធ្វើឱ្យលីគកំពូលកម្ពុជា កាន់តែមានភាពទាក់ទាញ។

ដោយឡែកឯកឧត្តម ខូវ ឆាយ អគ្គលេខាធិការក្លិបបាល់ទាត់ Tiffy Army FC ក៏បានបង្ហាញភាពសោកស្តាយ និងសង្ឃឹមថាបញ្ហានឹងដោះស្រាយបាន ហើយក្លិបវិសាខា នឹងវិលត្រលប់មកចូលរួមនៅលីគកំពូលកម្ពុជាវិញ។

លោក Akihiro Kato ប្រធានក្លិបអង្គរថាយហ្គឺរ ស្នើសុំឲ្យមានការកែសម្រួលរឿងអាជ្ញាកណ្ដាល កាត់ក្តីឲ្យសុក្រឹត និងយុត្តិធម៌ជាងមុន។

លោក ស៊ីថូ ណាថាន់ ពិធីការបាល់ទាត់ដ៏ល្បីនៅកម្ពុជា ថ្លែងថា៖«ខ្ញុំសូមក្លិបវិសាខា វិលមកប្រកួតវិញដោយក្តីគោរព»។

ក្លិប​បាល់ទាត់​វិសាខា បាន​​ឡើង​មក​លេង​លីគ​កំពូល​កម្ពុជា នៅ​រដូវកាល​ឆ្នាំ​២០១៨ ក្រោយ​ឈ្នះ​ជើង​ឯក​លីគ​ទី២ នៅ​រដូវកាល​ឆ្នាំ​២០១៧។ ក្នុង​រដូវកាល​ដំបូង​​ក្នុង​លីគ​កំពូល​កម្ពុជា ក្លិប​មួយ​នេះ​បាន​ខ្ចី​កីឡដ្ឋាន​ក្លិប​វេស្ទើន ធ្វើ​ជា​ទឹកដី​ខ្លួន​បណ្ដោះអាសន្ន ស្រប​ពេល​ខ្លួន​បាន​កសាង​កីឡដ្ឋាន​ស្តង់ដារ នៅ​ម្តុំ​ហ្រ្គេនភ្នំពេញ ហើយ​ក្រោយ​សាងសង់​រួចរាល់ ក្លិប​បាន​ដាក់​ឈ្មោះ​ថា​កីឡដ្ឋាន​ព្រីនស៍។

កីឡដ្ឋាន​ព្រីនស៍ ធ្លាប់​ទទួល​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ថ្នាក់​ជាតិ​និង​អន្តរជាតិ​ជា​ច្រើន​ ជា​ពិសេស​ជា​ទីតាំង​សំខាន់​មួយ​ក្នុង​បេសកកម្ម​របស់​កម្ពុជា ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ កន្លង​ទៅ​ថែម​ទៀត​ផង។

ក្រុម​ថ្មីថ្មោង​មួយ​នេះ​ធ្លាប់​ឈរ​ជា​ក្រុម​ជើង​ឯក​រង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា ២សម័យកាល​គឺ​នៅ​ឆ្នាំ​២០១៩ និង​២០២២ ខណៈ​​ជា​ក្រុម​ឈ្នះ​ជើង​ឯក​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ៣​សម័យកាល​ជាប់ៗគ្នា​គឺ​នៅ​ឆ្នាំ​២០២០, ២០២១, ២០២២ ព្រម​ទាំង​ធ្លាប់​រង​ជើង​ឯក​ពានរង្វាន់ Cambodian Super Cup នៅ​ឆ្នាំ​២០២២ និង ២០២៣ និង​រង​ជើង​ឯក​ពានរង្វាន់ Cambodian League Cup ឆ្នាំ​២០២២ ទៀត​ផង។

ក្រុម​វិសាខា ធ្លាប់​តំណាង​ឱ្យ​កម្ពុជា ចូល​ប្រកួត​ពានរង្វាន់​​ទ្វីប​អាស៊ី AFC Cup នៅ​ឆ្នាំ​២០២២ កន្លង​ទៅ តែ​នៅ​ឆ្នាំ​២០២១ ក្លិប​នេះ​ក៏​ជា​បេក្ខភាព​ដែរ ត្រូវ​បាន​​សហព័ន្ធ​បាល់ទាត់​អាស៊ី រំសាយ​ដោយ​សារ​តែ​​ស្ថានភាព​រីករាលដាល​នៃ​ជំងឺ​​កូវីដ-១៩។

ក្លិប​វិសាខា បាន​បណ្តុះ​យុវជន​គ្រប់​កម្រិត និង​ក្រុម​នារី ថែម​ទៀត ខណៈ​បច្ចុប្បន្ន​នេះ​ក្លិប​ហៀប​នឹង​សាងសង់​មជ្ឍមណ្ឌល Visakha Dream រួចរាល់​នៅ​ម្តុំ​កប់ស្រូវ៕

Share.