ទីក្រុងកៀវ៖ ប្រទេសអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ បានថ្កោលទោសការអំពាវនាវរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស ដែលមានបន្ទូលថា អ៊ុយក្រែនគួរតែមានភាពក្លាហាន «លើកទង់ស» ដើម្បីចរចាជាមួយរុស្ស៊ី ក្រោយសង្រ្គាមឈ្លានពានរយៈពេល២ឆ្នាំ ប៉ុន្ដែអ៊ុយក្រែនបានប្តេជ្ញាថា «មិនចុះចាញ់សង្រ្គាម»។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយថា «ទង់ជាតិរបស់យើងមានពណ៌លឿង និងពណ៌ខៀវ។ នេះគឺជាទង់ដែលតំណាងឱ្យយើងរស់នៅ, ការស្លាប់ និងការឈ្នះ។ យើងនឹងមិនលើកទង់ពណ៌ផ្សេងទៀតឡើយ»។

សម្តេចប៉ាប ហ្វ្រង់ស៊ីស មានព្រះបន្ទូលនៅក្នុងបទសម្ភាសមួយនៅទីក្រុងវ៉ាទីកង់ ថា «ខ្ញុំជឿថា អ្នកខ្លាំងបំផុត គឺជាអ្នកដែលមើលឃើញស្ថានភាព គិតអំពីប្រជាជន ហើយមានភាពក្លាហានក្នុងការលើកទង់ស និងចរចាបញ្ចប់ជម្លោះ»។

ពាក់ព័ន្ធនឹងសង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែននេះដែរ នៅពេលត្រូវបានសាកសួរពីគោលជំហររបស់ព្រះអង្គចំពោះការជជែកវែកញែករវាងអ្នកដែលថាអ៊ុយក្រែន គួរតែចុះចាញ់ ដោយសារតែមិនមានសមត្ថភាពវាយបណ្ដេញកងទ័ពរុស្ស៉ី និងអ្នកដែលថាការធ្វើបែបនេះ គឺជាការលើកទឹកចិត្តដល់អ្នកឈ្លានពាន សម្ដេចប៉ាប បានមានបន្ទូលដូច្នេះថា «ខ្ញុំគិតថាអ្នកដែលយល់ថាអ៊ុយក្រែនគួរតែចុះចាញ់ គឺពួកគេកំពុងគិតលើស្ថានភាពជាក់ស្ដែង គិតអំពីជីវិតមនុស្ស និងភាពក្លាហាន លើកទង់ស និងការចរចាបញ្ចប់សង្រ្គាម ហើយកិច្ចចរចាគួរតែធ្វើឡើងដោយមានការជួយពីមហាអំណាចផ្សេងទៀត»។

ក្នុងន័យ នៃពាក្យចរចា របស់សម្ដេច គឺចង់សំដៅលើពាក្យក្លាហានមួយ ត្បិតនៅពេលដែលគេមើលឃើញខ្លួនឯងកំពុងបរាជ័យ គេត្រូវតែមានភាពក្លាហានដើម្បីចរចា។

បន្ថែមពីលើនេះ ជាផ្នែកនៃបទសម្ភាសន៍នេះដែរ ពោលនៅពេលនិយាយពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស សម្ដេចប៉ាបបានសង្កត់ធ្ងន់ថា «ការចរចាមិនមែនមានន័យថាជា ការសុំចុះចាញ់នោះទេ»។

សូមជម្រាបថា មេដឹកនាំកាតូលិកវ័យ ៨៧ឆ្នាំរូបនេះបានបញ្ឆេះកំហឹងនៅក្នុងទីក្រុងកៀវ នាចុងសប្តាហ៍នេះ បន្ទាប់ពីសម្ដេចបានមានព្រះបន្ទូលនៅក្នុងបទសម្ភាសន៍មួយថា អ៊ុយក្រែនគួរតែចរចាជាមួយរុស្ស៊ី ដែលនេះមិនមែនជាសេចក្ដីថ្លែងការណ៍លើកដំបូងរបស់សម្ដេងប៉ាប ហ្វ្រង់ស៊ីស នោះឡើយ។ ប៉ុន្ដែយ៉ាងណាម៉ិញ សម្តេចសង្ឃ ហ្វ្រង់ស៊ីស ក៏បានចេញសេចក្តីថ្លែងការណ៍ស្តីបន្ទោសរុស្ស៊ីផងដែរ៕

ប្រភព៖ CNA

Share.