ភ្នំពេញ ៖ ជនសង្ស័យ០២នាក់ ជិះម៉ូតូធ្វើសកម្មភាពលួចខ្ទឹមស និង ខ្ទឹមបំពងពីលើកង់បី ត្រូវបានម្ចាស់ឃើញទាន់ ហក់ធាក់ធ្លាក់ពីលើម៉ូតូឃាត់ខ្លួនបានភ្លាមៗប្រគល់អោយសមត្ថកិច្ច ។ ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលនាវេលាម៉ោង ០២ និង២០នាទីរសៀលថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៤ តាមបណ្តោយផ្លូវ ១៩០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី០២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីជនរងគ្រោះជាម្ចាស់ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គាត់បានបើកកង់បីដឹកទំនិញ តាមបណ្តោយផ្លូវ ១៩០ មកយកឥវ៉ាន់នៅឃ្លាំង ខណៈនោះគាត់បានចូលទៅជញ្ជូនឥវ៉ាន់ ពីខាងក្នុងឃ្លាំងពេលគាត់ចេញមកវិញ បានឃើញជនសង្ស័យ០២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៏ខ្មៅ ពាក់ស្លាកលេខ1A-2871 បានធ្វើសកម្មភាពលើកយកខ្ទឹមស មួយថង់ និងខ្ទឹមបំពងមួយថង់ បម្រុងនិងជិះគេចខ្លួនតែត្រូវគាត់រត់ ហក់ធាក់ជនសង្ស័យខាងលើធ្លាក់ពីលើម៉ូតូ រួចបានស្រែកឆោរឡោរផ្អើល ប្រជាពលរដ្ឋជួយឃាត់ខ្លួនជនសង្ស័យបានប្រគល់ជូនសមត្ថកិច្ចតែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ រួមនិងម៉ូតូ បញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋានបាលទួលស្វាយព្រៃ២ដើម្បីសាកសួររួចបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទ៖ សេង សាវី

Share.