ភ្នំពេញ ៖ ជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនចំនួន៣៥៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលជាតិឃាត់ខ្លួនក្នុងសប្ដាហ៍កន្លងទៅនេះ គិតចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។ នេះបើតាមលោកទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ ចំនួនជនសង្ស័យ បានកើនឡើង៣៤នាក់ ប៉ុន្តែករណីគ្រៀងញៀនសរុបមានការធ្លាក់ចុះ បើធៀបនឹងសប្ដាហ៍មុន។

បើធៀបនឹងសប្ដាហ៍មុនដែលមានចំនួន១៦១ករណី ករណីគ្រឿងញៀននៅសប្ដាហ៍ចុងក្រោយនេះ មានចំនួន១៣៦ករណី ក្នុងនោះរាជធានីភ្នំពេញ មាន៣០ករណី ស្មើនឹងជនសង្ស័យ៥០នាក់។ សម្រាប់ករណីទ្រង់ទ្រាយធំ លោក ទូច សុឃៈ (សុខៈ) បានឱ្យដឹងថាមានមាន៣ករណី ក្នុងនោះរាជធានីភ្នំពេញមាន១ករណី រឹបអូសគ្រឿងញៀនជាង២គីឡូក្រាម និងខេត្តស្វាយរៀងមាន២ករណី រឹបអូសគ្រឿងញៀនជាង២គីឡូក្រាម អាវុធ៣ដើម រយន្តមួយគ្រឿង និងម៉ូតូ៨គ្រឿង។

គ្រឿងញៀនគឺជាប្រភពបង្កមហន្តរាយជាច្រើនក្នុងសង្គម ពីព្រោះមិនថានៅប្រទេសកម្ពុជា ឬប្រទេសផ្សេងទៀតនោះទេ អ្នកពាក់ព័ន្ធនឹងបទល្មើសនេះ ងាយនឹងទៅប្រព្រឹត្តបទល្មើសផ្សេងទៀត ដូចជាការលួច ឆក់ ប្លន់ ហិង្សា ឃាតកម្ម និងឧក្រិដ្ឋកម្មអន្តរជាតិផ្សេងៗទៀត។ ហេតុដូច្នេះហើយ ទើបបានជារាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ ចាត់ទុកបញ្ហានេះជាកិច្ចការអាទិភាពដែលត្រូវដោះស្រាយជាបន្ទាន់ ទាំងកម្រិតផ្ទៃក្នុងប្រទេស និងកម្រិតកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ក្នុងក្របខ័ណ្ឌផ្ទៃក្នុងប្រទេស កម្ពុជា មានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបាននិងកំពុងដឹកនាំយុទ្ធនការប្រយុទ្ធប្រឆាំងគ្រឿងញៀនយ៉ាងសកម្ម។ ជាមួយគ្នានោះ កម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋានរហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ ទូទាំងប្រទេស ក៏បាននិងកំពុងយកចិត្តទុកដាក់ផ្សព្វផ្សាយអប់រំ និងបង្ក្រាបបទល្មើសគ្រឿងញៀនយ៉ាងផុលផុស ស្រាបតាមគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពផងដែរ។

ចាប់ពីដើមអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដៅយកបញ្ហាគ្រឿងញៀនជាកិច្ចការអាទិភាពមួយក្នុងចំណោម៦ការងារអាទិភាព ក្នុងនោះការប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏បាននឹងកំពុងអនុវត្តក្នុងក្របខ័ណ្ឌមន្រ្តីផ្ទៃក្នុងក្រសួង រហូតមានការបណ្ដេញមន្រ្តីមួយចំនួនផងដែរ បន្ទាប់ពីរកឃើញពាក់ព័ន្ធនឹងគ្រឿងញៀន។ យុទ្ធនាការនេះ កំពុងត្រូវបានអនុវត្តយ៉ាងសកម្ម ខណៈ សម្ដេចធិបតី បានចេញបទបញ្ជាលេខ០០១ ឱ្យគ្រប់ស្ថាប័នរដ្ឋ ធ្វើតេស្តរកសាធាតុញៀនលើមន្រ្តីរាជការទាំងអស់ និងបញ្ជាក់ច្បាស់ថាមន្រ្តីដែលប្រើប្រាស់គ្រឿងញៀន ឬរកឃើញថាពាក់ព័ន្ធនឹងបទល្មើសនេះនឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ៕

អត្ថបទ៖ សង្គម

Share.