សិល្បៈជាតិ៖ Influencer ល្បី​ឈ្មោះ​ ដែល​និយម​ផលិត​មាតិកា​វីដេអូ​បែប​ដើរ​កម្សាន្ត​ កញ្ញា ពេជ្រ ពិសី បាន​បង្ហោះ​វីដេអូ​មួយ​សន្លឹក​ជាមួយ​គូស្នេហ៍​របស់​ខ្លួននៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ ប៉ុន្តែ​​អ្នក​គាំទ្រ​ជាច្រើន​បាន​បង្ហាញ​ពី​ក្ដី​ព្រួយ​បារម្ភ​ ចំពោះ​សុខ សុវត្ថិភាព​របស់​កញ្ញា និង​គូស្នេហ៍​ ព្រោះ​តែ​ប្រទេស​ឥណ្ឌា កំពុង​​ផ្ទុះ​ករណី​រំលោភ​លើ​ស្ត្រី​ភេទ​ជា​ច្រើន​ករណី។

កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២៤ ទំព័រហ្វេសប៊ុក​របស់​កញ្ញា ពេជ្រ ពិសី បាន​បង្ហោះ​រូប​ភាព​មួយ​សន្លឹក​ព្រម​ទាំង​ភ្ជាប់​ដោយ​សំណេរ «ឥណ្ឌា ខលហៅ»។ យ៉ាងណាមិញ​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ជូន​ពរ​ឱ្យ​កញ្ញា​ធ្វើ​ដំណើរ​ប្រកប​ដោយ​ក្ដី​សុខ​សប្បាយ តែ​ក្នុងនោះ​ក៏​មាន​អ្នក​គាំទ្រ​ និង​សាធារណៈ​បាន​បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​សុខសុវត្ថិភាព​របស់​អ្នក​ទាំង​ពីរ​ព្រោះ​ថ្មីៗ​ទើប​តែ​មាន​ដំណឹង​ថា​ស្ត្រី​អេស្ប៉ាញ ដែល​និយម​ធ្វើ​ដំណើរ​ត្រាច់​ចរ​តាម​ម៉ូតូជាមួយ​ស្វាមី​ត្រូវ​បាន​បុរស​​ឥណ្ឌា​ចំនួន​៧​នាក់​ បុកចូល​ក្នុង​តង់​រំលោភបំពាន។ អ្វី​ដែល​មហាជន​ ព្រួយ​បារម្ភ​ខ្លាំង​នោះ​ដោយសារ​តែ ​កំណើន​ករណី​រំលោភ​បំពាន​លើ​ស្ត្រី​ភេទ​កាន់​តែ​មើល​ទៅមាន​ចំនួន​​កើន​ឡើងខ្លាំង​​ មិន​ថាលើ​ស្ត្រីជា​​អ្នក​ទេសចរណ៍​បរទេស
​​ឬ​ស្ត្រីជនជាតិ​​ឥណ្ឌានោះ​ឡើយ។

យ៉ាងណា​មិញ​សាមីខ្លួន​ កញ្ញា​ ពេជ្រ ពិសី បាន​ថ្លែងអំណរគុណចំពោះទឹក​ចិត្ត​ស្រលាញ់​និង​បារម្ភ​ដែល​អ្នក​គាំទ្រ​មាន​ចំពោះ​ខ្លួន តែ​កញ្ញា ក៏​បាន​ប្រាប់​ឱ្យ​ដឹង​ដែរថា​កញ្ញា​បាន​ត្រៀម​លក្ខណៈ​សម្បត្តិ​រួចរាល់​ ក៏ដូចជា​ទៅ​តែ​តំបន់​ទីប្រជុំ​ជន​ ឬ​កន្លែង​ដែល​មាន​សុវត្ថិភាព មិន​ទៅ​តំបន់ណាដែល​ស្ងាត់ ឬក៏អសុវត្ថិភាព​នោះ​ឡើយ៕

Share.