ឆ្លើយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី ស្ថានភាព​សេដ្ឋកិច្ច និង​អចលនទ្រព្យ​កាលពី​ថ្ងៃ​ទី ១១ ខែ​មីនា ឆ្នាំ ២០២៤ លោក​ឧកញ៉ា តែ តាំងប៉ និង​លោក​បណ្ឌិត គី សិរីវឌ្ឍន៍ លើក​ឡើង​ស្រដៀង​គ្នា​ថា ផលិតផល​ខ្មែរ ដែល​ផលិត​ដោយ​សហគ្រាស​ធន់​តូច និង​មធ្យម​ភាគ​ច្រើន​មិន​អាច​ដាក់​លក់​នៅ​ក្នុង​ផ្សារ​ទំនើប ឬ​ម៉ាត​បាន​ទេ ព្រោះ​សហគ្រាស​ទាំង​នោះ​ស្ថិត​នៅ​ក្រៅ​ប្រព័ន្ធ ពោល​គឺ​មិន​បាន​ចុះ​បញ្ជី​ពាណិជ្ជកម្ម បញ្ជី​ពន្ធ និង​បញ្ជី​ផលិតផល ព្រមទាំង​លក្ខន្តិកៈ​ផ្សេង​ទៀត​។

លោក​ឧកញ៉ា តែ តាំងប៉ ថា មូលហេតុ​ដែល​អាជីវកម្ម​ទាំង​នោះ​មិន​ព្រម​ចុះ​បញ្ជិកា​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ធុរកិច្ច ឬ​មិន​ព្រម​ចុះ​បញ្ជី​ផលិតផល​របស់​ខ្លួន ក៏​ព្រោះ​តែ​ទទួល​បាន​កម្រៃ​ចំណេញ​តិច​ពេក ឬ​មិន​ចំណេញ​តែ​ម្ដង ខណៈ​ផលិតផល​បរទេស​ក៏​មាន​ដាក់​លក់​ច្រើន​លើសលប់​។ លោក​ឧកញ៉ា​ពន្យល់​ថា « ខណៈ​ប្រទេស​យើង​មាន​សន្តិភាព​ពេញ​បរិបូណ៌ និង​ការអភិវឌ្ឍន៍ យើង​ក៏​ចូល​ទៅ​ក្នុង​សមាហរណកម្ម​អាស៊ាន​ទាំង​​យើង​ត្រៀម​ខ្លួន​មិន​ទាន់​រួចរាល់ ដូច្នេះ​លំហូរ​នៃ​វិនិយោគិន ដែល​រកស៊ី​លើ​វិស័យ​នាំ​ចេញ​នាំ​ចូល​ទំនិញ ផ្សារ​ទំនើប និង​ម៉ាត បាន​ហូរ​ចូល​មក​ក្នុង​ប្រទេស​យើង​យ៉ាង​ច្រើន ដែល​វា​ជា​ឱកាស​ក្នុង​ការ​ជញ្ជូន​ផលិតផល​ស្រុក​គេ​ចូល​មក​ក្នុង​ស្រុក​យើង »

លោក​ឧកញ៉ា តែ តាំងប៉ ជា​ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធន់​តូច និង​មធ្យម​កម្ពុជា

ចំណែក​លោក​បណ្ឌិត គី សិរីវឌ្ឍន៍ ពន្យល់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​សហគ្រាស​ធន់​តូច និង​មធ្យម​មិន​ព្រម​ចុះ​បញ្ជិកា ដោយ​សារ​ចំណេញ​តិច​ពេក​។ «ចំណេញ​តិច​ក៏​ព្រោះ​ថ្លៃ​ដើម​នៃ​ការ​ផលិត​ខ្ពស់ វត្ថុ​ធាតុ​ដើម និង​រូបមន្ត​នាំ​ចូល​ពី​បរទេស គុណភាព​អន់ ខ្វះ​អ្នក​បច្ចេកទេស និង​ស្ថាប័ន​ដើម្បី​ជួយ​គាំទ្រ​ផ្នែក​បច្ចេកទេស​។ បញ្ហា​ទាំង​អស់​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​សហគ្រាស​ធន់​តូច និង​មធ្យម​ដែល​មាន​ដើម​ទុន​ល្មមៗ ផុត​ពី​សមត្ថភាព និង​គ្មាន​លទ្ធភាព​ទប់ទល់​បាន ហើយ​ក៏​សម្រេច​ចិត្ត​មិន​ចុះ​បញ្ជិកា »​។

ចំណែក​លោក​បណ្ឌិត គី សិរិវឌ្ឍន៍ ជា​អ្នក​ជំនាញ​សេដ្ឋកិច្ច នៃ​រាជបណ្ឌិត្យសភា​កម្ពុជា

សូម​បញ្ជាក់​ថា លោក​ឧកញ៉ា តែ តាំងប៉ ជា​ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធន់​តូច និង​មធ្យម​កម្ពុជា។ ចំណែក​លោក​បណ្ឌិត គី សិរិវឌ្ឍន៍ គឺ​ជា​អ្នក​ជំនាញ​សេដ្ឋកិច្ច នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​។

ទោះ​ជា​យ៉ាង​ណា អ្នក​ជំនាញ​សេដ្ឋកិច្ច​ទាំង​ពីរ លើកឡើង​ស្រប​គ្នា​ថា បើ​តាម​ទ្រឹស្ដី​ពាណិជ្ជកម្ម យើង​មិន​អាច​ហាមឃាត់​ការ​ហូរ​ចូល​ទំនិញ​ពី​បរទេស​បាន​ទេ ដើម្បី​ទប់​នឹង​បញ្ហា​ហូរ​ចូល​ទំនិញ​ពី​បរទេស​នេះ យើង​មាន​តែ​ពង្រឹង​សមត្ថភាព​ខ្លួន និង​ខិតខំ​ប្រឹងប្រែង​ផលិត​ឲ្យ​ច្រើន ហើយ​ផលិតផល​ត្រូវ​តែ​មាន​បទដ្ឋាន​គុណភាព និង​តម្លៃ​សមរម្យ។ ជា​មួយ​គ្នា​នេះ បណ្ដា​ស្ថាប័ន និង​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​ជួយ​គាំទ្រ លើកស្ទួយ​ផលិតផល​ជាតិ ប្រកប​ដោយ​ស្មារតី​ជាតិ​និយម​។

អត្ថបទ៖ ឈិន ធារ៉ាត់

Share.