ភ្នំពេញ ៖ បុរសម្នាក់ខណៈដែលជិះម៉ូតូចេញពីធ្វើការងារ ជិតដល់ផ្ទះទៅហើយស្រាប់តែលេចមុខជនសុីវិលមួយក្រុមជិះម៉ូតូច្រលនគ្រឿង ប្រដេញតាមស្ទាក់ចាប់ឃាត់ ព្យាយាមដាក់ខ្នោះ ត្រូវបានបងប្អូនប្រជាពលរដ្ឋផ្អើលលើកគ្នាឡោមព័ទ្ធក្រុមសុីវិលទាំងនោះ ដោយកើតទុក្ខមិនសុខចិត្ត មិនដឹងថាជាសមត្ថកិច្ច ឬខាងណាចេះតែចាប់មនុស្សទាំងមិនដឹងអី រហូតដល់សមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍ សម្របសម្រួល ទើបក្រុមនោះប្រាប់ថាច្រឡំមនុស្ស ហើយចែកផ្លូវគ្នាទៅអស់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងក្នុងភូមិប៉ប្រ៉កជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសដែលក្រុមសុីវិលព្យាយាមចាប់ខ្លួន ជាបុគ្គលិកកម្មករ មានទីលំនៅ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្បែរកន្លែងកើតហេតុនោះដែរ ។

តាមការរៀបរាប់ពីបុរសខាងលើបានឱ្យដឹងថា គ្រាដែលគាត់ជិះម៉ូតូចេញពីធ្វើការងារ នៅក្បែរវត្តភ្នៀត សង្កាត់ស្នោ ខណ្ឌកំបូល វិលត្រឡប់មកផ្ទះ កាត់តាមផ្លូវបេតុងក្នុងភូមិប៉ប្រ៉កជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ជិតដល់ផ្ទះទៅហើយ ស្រាប់តែលេចមុខជនសុីវិលមួយក្រុម ជិះម៉ូតូច្រើនគ្រឿងតាមស្ទាក់ឃាត់ ចាប់ក្រៀកច្របាច់ក បម្រុងដាក់ខ្នោះ ដោយចោទថា គាត់បង្កគ្រោះថ្នាក់ចរាចរណ៍ ហើយជិះម៉ូតូរត់ ទោះជាព្យាយាមលើកហេតុផលយ៉ាងណាក្តី គិតតែព្រួតគ្នាចាប់ រហូតផ្អើលបងប្អូនប្រជាពលរដ្ឋ អ្នកភូមិ ចេញមកឆោឡោ ធ្វើការឡោមព័ទ្ធក្រុមសុីវិលទាំងនោះវិញ សួររកហេតុផល សួររកស្ថាប័ន ឬជាកងកម្លាំងសមត្ថកិច្ចខាងណា។

ហេតុការណ៍ខាងលើ ពលរដ្ឋកាន់តែច្រើនឡើងៗ ឡោមព័ន្ធក្រុមសុីវិលទាំងនោះ រហូតដល់មិនហ៊ានដោះមួកសុវត្តិភាព ខ្លះរត់ទៅយកកាតពីក្រោមកែបម៉ូតូមកពាក់ រហូតដល់សមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍សាកសួរ ដោយក្រុមជនសុីវិលឆ្លើយថាចាប់មនុស្សច្រឡំ ។

បើតាមពលរដ្ឋខ្លះថា ក្រុមជនសុីវិលទាំងនោះ ជាកម្លាំងមន្ទីរគ្រឿងញៀន ព្រោះកន្លងមកតាមចាប់មនុស្ស បើចាប់ខុសគេថាចាប់ច្រឡំ តែបើចាប់ត្រូវមែន មានវត្ថុតាងមានថ្នាំញៀន គេថាបង្ក្រាបបាន ហើយកន្លងមកមានក្រុមជនសុីវិល ប្រដេញតាមបុរស២នាក់ រហូតដល់មានម្នាក់លោតទម្លាក់ខ្លួនពីលើស្ពានព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ ស្លាប់ផងដែរ ហើយក៏នាំគ្នាទៅបាត់អស់។

ករណីផ្អើលឆោឡោខាងលើ បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះទៅសម្របសម្រួល សាកសួរ ហៅទាំងក្រុមជនសុីវិល ហៅទាំងបុរសម្នាក់ខាងលើទៅប៉ុស្តិ៍ តែត្រូវបានក្រុមសុីវិលទាំងនោះជិះម៉ូតូចេញទៅអស់ ទាំងមិនអស់ចិត្ត ថាជាសមត្ថកិច្ចមែនទែន ឬសមត្ថកិច្ចលេងៗ បានត្រឹមផ្អើលរួច ចែកផ្លូវគ្នាទៅអស់៕

អត្ថបទ៖ តាតុងសែនជ័យ

Share.