បើ​យោង​តាម​ការ​ផ្សាយ​របស់ Sweeper បាន​បញ្ជាក់​ថា​កោះ​ Nauru ដែល​ស្ថិត​នៅ​កណ្តាល​មហាសមុទ្រ​ប៉ាស៊ីហ្វិក ទើប​តែ​ទទួល​បាន​​សិទ្ធ​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) ​បង្កើត​ជា​សហព័ន្ធ​ប្រចាំ​កោះ​ជា​ផ្លូវការ ខណៈ​ដែល​ផែនការ​នឹង​យក​គ្រូ​បង្វឹក​ម្នាក់​ធ្លាប់​ដឹកនាំ​ក្រុម​នៅ​លីគ​ទី២​របស់​កម្ពុជា (Cambodian League 2)។

ទីលានត្រៀមសម្រាប់ទឹកដីរបស់ក្រុមជម្រើសជាតិ Nauru

បើ​តាម​ប្រភព​ខាង​លើ​​បញ្ជាក់​ថា​​ប្រទេស​មួយ​ក្នុង​ចំណោម​២ នៅ​លើ​ផែនដី​​នេះ មិន​ដែល​ធ្លាប់​បាន​ប្រកួត​លើ​ឆាក​អន្តរជាតិ​នៅ​ឡើយ​នោះ​ទេ ដោយ​ក្នុង​នោះ​មាន​កោះ Marshall និង​កោះ Nauruផ្ទាល់​តែ​ម្តង។ សហព័ន្ធ​កីឡា​បាល់ទាត់​កោះ Nauru សង្ឃឹម​ថា​នឹង​​​ចាប់​ផ្តើម​​វិស័យ​បាល់ទាត់​ ជាមួយ​នឹង​ការ​តែងតាំង​​គ្រូ​បង្វឹក​ជនជាតិ​អង់គ្លេស Darren Pomroy។

លោក Darren Pomroy

លោក Darren Pomroy ធ្លាប់​បាន​ចាប់​អាជីព​នៅ​ប្រទេស​កម្ពុជា ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​លោក​បាន​បង្កើត​ក្រុម​បាល់ទាត់ Next Step (ប្តូរ​ឈ្មោះ​ជា Angkor City) សមាជិក​ពានរង្វាន់​លីគ​ទី២​របស់​កម្ពុជា។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី២០ ខែ​កុម្ភៈ ថ្មីៗនេះ​ ក្លិប​អង្គរស៊ីធី បាន​ប្រកាស​ពី​ការ​ដក​សិទ្ធិ​ចេញ​ពី​ពានរង្វាន់​លីគ​ទី២​រដូវកាល​២០២៣-២៤ នេះ ដោយ​សារ​វិបត្តិ​ហិរញ្ញវត្ថុ។

ជាមួយ​គ្នា​ក្លិប​​អង្គរស៊ីធី​ត្រូវ​ពិន័យ​មិន​អោយ​ប្រកួត​រយៈ​ពេល​១ឆ្នាំ, ពិន័យ​ទឹក​ប្រាក់​១ពាន់​ដុល្លារ​អាមេរិក និង​ពិន័យ​លោក Darren Pomroy ដែល​ជា​​គ្រូ​បង្វឹក​រយៈ​ពេល​១ឆ្នាំ ដែរ។ គ្រា​នោះ​ក្លិប​ក៏​បាន​បញ្ជាក់​ពី​ការ​ប្តឹង​ឧទ្ធរណ៍​ ចំពោះ​ការ​សម្រេច​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា និង Cambodian Premier League ខាង​លើ​នេះ។

បើ​តាម​ប្រភព​មក​ពី​​សហព័ន្ធ​កីឡា​បាល់ទាត់ Nauru ថា​លោក Darren Pomroy នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​កោះ​​របស់​ខ្លួន​ក្នុង​ពេល​ឆាប់ៗ ដើម្បី​រៀបចំ​ក្រុម បើ​ទោះ​ជា​​នៅ​លើ​កោះ​នេះ​គ្មាន​កីឡាករ​សូម្បី​១នាក់​ក្ដី។ ក្នុង​ផែនការ​ក្រុម​កោះ Nauru ត្រៀម​ណាត់​ក្រុម​ American Samoa ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ខ្លួន​នៅ​អំឡុង​ខែ​សីហា ឆ្នាំ​២០២៤ ខាង​មុខ​​នៅ​ទឹកដីAmerican Samoa។

ក្នុង​ពេល​ចុះ​ឈ្មោះ​ស្នើសុំ​ពី FIFA កោះNauru ស្ថិត​នៅ​ក្រោយ​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីបអូសេអានី។ កោះ​នេះ​មាន​ផ្ទៃ​ដី​២១​គីឡូម៉ែត្រ​ការ៉េ ដោយ​មាន​ប្រជាជន​រស់​នៅ​ប្រមាណ​​ជាង​១ម៉ឺន​នាក់។ កោះ Nauru ទទួល​បាន​ឯករាជ្យ​ពី​បក្ស​សម្ព័ន្ធ United Nations trust territories ដែល​មាន​ចក្រភព​អង់គ្លេស,​អូស្ត្រាលី និង​នូវែលហ្សេឡង់ ជា​សម្ព័ន្ធ​មិត្ត ក្នុង​ថ្ងៃ​ទី៣១ ខែ​មករា ឆ្នាំ​១៩៦៨៕

Share.