សិល្បៈជាតិ៖ ថ្មីៗនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំសិក្ខាសាលាស្តីពី «អាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីវាគ្មិនកិត្តិយសចូលរួមដូចជា អ្នកស្រាវជ្រាវ អ្នកភ្លេងការ អ្នកផ្នួង និងលោកតាអាចារ្យ សរុបចំនួន១២រូប។

នៅក្នុងសិក្ខាសិលានេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗរួមមាន ៖

១. រួមគ្នាសិក្សាស្វែងយល់ចែករំលែកបទពិសោធន៍ អំពី “អាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ” ដ្បិតកិច្ចពិធីមានច្រើនបែបច្រើនយ៉ាងប្លែកៗគ្នា ពីតំបន់មួយទៅតំបន់មួយ។

២. រួមគ្នាគិតអំពីយន្តការអភិរក្សមរតកវប្បធម៌ ពោល “អាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ” ឲ្យបានគង់វង្សទៅអនាគត។ រួមគ្នាគិតនោះ គឺមិនសំដៅតែម្ចាស់មរតក ឬអ្នកប្រតិបត្តិដូចជាលោកតាអាចារ្យ អ្នកភ្លេង អ្នកផ្នួងនោះទេ គឺត្រូវមានការចូលរួមពីគ្រប់ភាគីទាំងអស់។

៣. ប្រមូលធាតុចូលដើម្បីជាប្រយោជន៍ក្នុងការរៀបចំឯកសារអំពីអាពាហ៍ពិពាហ៍ខ្មែរដើម្បីស្នើសុំចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

៤. ផ្សព្វផ្សាយទូទៅអំពីមរតកវប្បធម៌អរូបីនៅកម្ពុជា និងអំពីអនុសញ្ញា២០០៣នៃអង្គការយូណេស្កូ ស្តីអំពី “កិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី” ដែលកម្ពុជាបានចូលជារដ្ឋភាគីតាំងពីឆ្នាំ២០០៦។

សូមជម្រាប តាមក្បួនច្បាប់ពីបុរាណក្នុង​អាពាហ៍ពិពាហ៍​ខ្មែរមានពិធីជា​ច្រើនសំខាន់ៗដូចជា ពិធី​ពុះ និង​ដោត​ផ្កាស្លា ពិធី​ជុំ​ពេលា ពិធី​ជូន​ប្រាក់​ស្នាប់​ទឹកដោះ ពិធី​អប់រំ​កូនស្រី (​កូនក្រមុំ​) ពិធី​អង្គុយ​លើ​អង្ករ​រាប ពិធី​បញ្ជាន់​អង្ករ​រាប ពិធី​មង្គល​ធ្វើ​ធ្មេញ​បំពេញ​ល័ក្ដ ពិធីសំពះផ្ទឹម និងពិធីសំខាន់ៗជាច្រើនផ្សេងទៀត។ យ៉ាងណាមិញ ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ខ្មែរ ត្រូវមានការរៀបចំឲ្យមានរបៀបរាបរយ តាមលំដាប់លំដោយ និងតាមប្រពៃណីទំនៀមទំលាប់ខ្មែរ ទោះបីក្នុងពិធីរៀប អាពាហ៍ពិពាហ៍ខ្មែរនាសម័យបច្ចុប្បន្ន ដែលពិធីខ្លះពុំត្រូវបានគេប្រារព្ធក៏ដោយ តែពិធីសំខាន់ៗផ្សេងទៀតក្នុងពិធីរៀបអាពាហ៍ពិពាហ៍ខ្មែរនៅតែត្រូវបានគេធ្វើ ឡើងដោយខានពុំបានឡើយ៕

Share.