ឯកឧត្តម ខូវ ឆាយ អគ្គលេខាធិការ Tiffy Army FC បានផ្តល់កិច្ចសម្ភាសន៍ ដល់អ្នកសារព័ត៌មា​ន​ក្រោយច​ប់កម្មវិធី​​មហាសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ ដែល​រៀបចំ​ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ ថាលោកគាំទ្រចំពោះផែនការប្រើប្រាស់ VAR នៅលីគកំពូលកម្ពុជា ប៉ុន្តែបើយកលុយនោះទៅអភិវឌ្ឍយុវជន ឬក្លិបវិញល្អជាង។

ឯកឧត្តម ខូវ ឆាយ បានលើកឡើងបែបនេះ ក្រោយ ឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានថ្លែងថាកំពុងពិចារណាប្រើប្រាស់ Video Assistant Referees (VAR) វីដេអូជំនួយអាជ្ញាកណ្ដាល នៅលីគកំពូលកម្ពុជា Cambodian Premier League និងពានរង្វាន់នាៗ។

មូលហេតុសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពិចារណាប្រើប្រាស់ Video Assistant Referees (VAR) វីដេអូជំនួយអាជ្ញាកណ្ដាល គឺដោយសារការកាត់ក្តីរបស់លោកអាជ្ញាកណ្តាល នៅលីគកំពូលកម្ពុជា និងពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤នេះ តែងតែមានបញ្ហាពីមួយប្រកួតទៅមួយប្រកួត ធ្វើឲ្យថ្នាក់ដឹកនាំក្លិបនីមួយៗ កីឡាករ និងអ្នកគាំទ្រ មិនសប្បាយចិត្ត។

បញ្ហាខាងលើបានធ្វើឲ្យក្លិប​បាល់ទាត់​វិសាខា ម្ចាស់​ជើង​ឯក​ពានរង្វាន់​បាល់ទាត់​សម្តេច​តេជោ ហ៊ុន សែន ៣​សម័យកាល បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​គ្រប់​ពានរង្វាន់​ដែល​ខ្លួន​នៅ​សេសសល់ ក្នុង​រដូវកាល​ឆ្នាំ​២០២៣-២៤ នេះ ពោល​គឺ​គ្រប់​ពានរង្វាន់​ដែល​រៀបចំ​ឡើង​ដោយ​​ក្រុម​ហ៊ុន Cambodian Premier League (លីគ​ទី១ និង​លីគ​ទី២) និង​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។

ស្របពេលជាមួយគ្នានោះ ឯកឧត្តម ខូវ ឆាយ អគ្គលេខាធិការ Tiffy Army FC គាំទ្រចំពោះផែនការប្រើប្រាស់ VAR នៅលីគកំពូលកម្ពុជា។ ប៉ុន្តែលោកថា VAR មានតម្លៃថ្លៃ និងចំណាយច្រើនណាស់ បើសិនយើងយកលុយនោះទៅអភិវឌ្ឍថ្នាលយុវជន ឬក្លិប វិញល្អជាង ព្រោះការដាក់ VAR គឺដើរលើសពីសមត្ថភាពរបស់យើង។

ឯកឧត្តម ខូវ ឆាយ អគ្គលេខាធិការ Tiffy Army FC បានបន្តទៀតថាតែបើសិនមានប្រទេសណាផ្តល់ជំនួយជាថវិកា ឬឧបរណ៍ប្រើប្រាស់ ចាំយើងដាក់ VAR វិញល្អជាង៕

ចុះប្រិយមិត្តយល់យ៉ាងណាដែលសម្រាប់គម្រោងថ្មីរបស់សហព័ន្ធបាល់ទាត់កម្ពុជា ដែលថានឹងពិចារណាក្នុងការប្រើប្រាស់ VAR នៅកម្ពុជា?

Share.