សិល្បៈ​ជាតិ​៖ រឿង​រ៉ាវ​ដែល​កំពុង​តែ​ផ្ទុះ​នូវ​ការ​ជជែក​វែក​ញែក​គ្នា​ពេញ​បណ្ដាញ​សង្គម​ ដោយ​មាន​ទាំង​អ្នក​រិះគន់​ និង​អ្នក​លើក​ឡើង​ថា​ហូប​អ្វីជា​សិទ្ធិ​របស់​គេ​ព្រោះ​ជា​លុយ​គេ​ និង​មាត់​គេ ដោយ​ក្នុង​ចំណោម​នោះ​តារា​ចម្រៀង​មេម៉ាយ​កូន​មួយ​អ្នក​នាង​ ពេជ្រ សូលីកា ក៏​ស្ថិត​ក្នុង​ចំណោម​អ្នក​មិន​គាំទ្រ​ឱ្យ​ទទួល​សាច់​ឆ្កែ ដោយ​បាន​ចេញ​មក​ប្រកាស​ជា​សាធារណៈ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​ផង​ដែរ​។

នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ខណៈ​ដែល​រឿង​រ៉ាវ​ចម្រូងចម្រាស​ពាក់ព័ន្ធ​នឹង​ករណី​ហូច​សាច់​ពិសេស (សាច់​ឆ្កែ) កំពុង​ត្រូវ​បាន​អ្នក​ស្រលាញ់​សត្វ​ ពិសេស​អ្នក​ស្រលាញ់​សុនខ ផ្ទាល់ ក្រោយ​នារី​ជា​អ្នក​បកប្រែ​ភាសាកូរ៉េ​មួយ​រូប​បាន​បង្ហោះ​វីដេអូញ៉ាំ​សាច់​ឆ្កែ​ហើយ​ត្រូវ​បាន​គេ​ជេរដៀល រួច​កញ្ញា​ចេញ​មក​ប្រតិកម្ម​តបតវិញ​ ដោយ​លើក​ឡើង​ថា​គ្រួសារ​កញ្ញា​ញ៉ាំ​តាំង​ពី​ដើម​។ល។

ដោយ​សារ​តែ​រឿង​នេះ​គឺជា​រឿង​ដែល​កំពុង​ត្រូវ​បាន​មហាជន​ផ្ដោត​ការ​ចាប់​អារម្មណ៍ជា​ពិសេស​ផង​នោះ​ គេ​ឃើញ​​អ្នក​នាង​ ពេជ្រ​ សូលីកា បាន​ចេញ​មក​បង្ហាញ​គោលជំហរ​ ទាក់ទងនឹង​រឿង​នេះ​ដែរ​ថា៖ «មានលុយចង់ហូបអីក៏ហូបចុះ​​បើឃ្លានហូបណាស់ ហូបស្ងាត់ៗទៅ ប្រកាច់ផុសធ្វើអី? ហើយបើជៀសបានជៀសទៅ» មាន​ទាំង​ភ្ជាប់​ជាមួយ​នឹង​រូបថត​ សុនខ ដាក់​ថា​កុំ​ហូប​ខ្ញុំ​អី និង​ពាក្យ​ស្លោក «ចូលរួម​លុបបំបាត់ការ​បរិភោគសាច់​សុនខ និង​ការ​ជួញដូរ»

មែនទែន​ទៅ​ការ​ជ្រើសរើស​ទទួល​ទាន​អ្វី​មួយ​នោះ​គឺជា​សិទ្ធិ​របស់​បុគ្គ​ល​ ប៉ុន្តែ​ការ​ដែល​បុគ្គល​ចេញ​មក​បង្ហោះ​ជា​សាធារណៈ​ ហើយ​ការ​បង្ហោះ​នោះ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​គេ​នោះ​ ប្រាកដ​ណាស់​បុគ្គល​ខ្លួន​ឯង​អាច​នឹង​គេច​មិន​ផុត​ពី​ពាក្យ​ដៀល​ត្មេះ​និង​រិះគន់​នោះ​ឡើយ​ ដូច្នេះ​មុន​បង្ហោះ​ ឬ​ធ្វើ​អ្វី​មួយ​តោង​គិត​គូរ​ឱ្យ​បាន​ម៉ត់ចត់​ជា​មុន​សិន​ថា​ ទង្វើ​ឬ​សកម្មភាព នោះ​អាច​នឹង​ប៉ះពាល់​ដល់​បុគ្គល​ខ្លួន​ឯង​ ឬ​ក៏អ្នក​ដទៃ​ដែរឬអត់?

Share.