តៃប៉ិ៖ តៃវ៉ាន់ និងចិនបានបញ្ជូនក្រុមក្នុងបេសកកម្មរួមគ្នាដ៏កម្រមួយ ដើម្បីជួយសង្គ្រោះទូកដែលបានលិចនៅជិតកោះ Kinmen ដែលគ្រប់គ្រងដោយតៃវ៉ាន់ នាថ្ងៃព្រហស្បតិ៍ នេះ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងច្រកសមុទ្រតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤។

ឆ្មាំឆ្នេរសមុទ្រតៃវ៉ាន់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាជ្ញាធរពីភាគីទាំង២ បានបញ្ជូនទូកជួយសង្គ្រោះ បន្ទាប់ពីនាវានេសាទចិន ១គ្រឿង បានក្រឡាប់លិចនៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ។ សេចក្តីរាយការណ៍​បន្ត​ថា មនុស្ស​២នាក់​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់ ខណៈមនុស្ស ២​នាក់​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ និង២​នាក់​ទៀត​កំពុង​បាត់​ខ្លួន។

តៃវ៉ាន់បានបញ្ជូនទូកឆ្មាំឆ្នេរសមុទ្រ ដើម្បីចូលរួមជួយសង្រ្គោះបន្ទាប់ពីអាជ្ញាធរចិន បានសុំជំនួយពួកគេ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់តៃវ៉ាន់ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ។

ឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសចិន កាលពីខែមុន បានចាប់ផ្តើមល្បាតជាប្រចាំនៅជុំវិញកោះ Kinmen ដែលនៅជិតឆ្នេរសមុទ្ររបស់ប្រទេសចិន បន្ទាប់ពីជនជាតិចិន ២នាក់បានស្លាប់ ដោយសារព្យាយាមរត់គេចពីឆ្មាំឆ្នេរសមុទ្រតៃវ៉ាន់បន្ទាប់ពីទូករបស់ពួកគេបានចូលទៅក្នុងដែនទឹកហាមឃាត់។

ឆ្មាំសមុទ្រតៃវ៉ាន់បាននិយាយថា ទូកនេសាទចិន បានក្រឡាប់នៅចម្ងាយប្រហែលជាង ១ម៉ាយក្នុងសមុទ្រភាគខាងលិចនៃកោះ Dongding របស់តៃវ៉ាន់។ ពេលនោះកងកម្លាំងប្រដាប់អាវុធរបស់តៃវ៉ាន់ ដែលឈរជើងនៅលើកោះនោះ ក៏ចូលរួមក្នុងការជួយសង្រ្គោះដែរ ដោយមិនបានបញ្ជាក់លម្អិតអ្វីបន្ថែមទេ។

ក្នុងប្រតិបត្តិការនេះតៃវ៉ាន់​ បាន​បញ្ជូន​ទូក​ឆ្មាំ​ឆ្នេរសមុទ្រ​ ៤​គ្រឿង ចំណែក​សមភាគី​ចិន បាន​បញ្ជូន​ទូក​ចំនួន​៦គ្រឿង ​សម្រាប់​ជួយ​សង្គ្រោះ​។

ទាក់ទិននឹងបញ្ហានេះ ស្ថាប័នបង្កើតគោលនយោបាយចិនកំពូលរបស់តៃវ៉ាន់បានជំរុញប្រទេសចិន កាលពីសប្តាហ៍មុនកុំឱ្យផ្លាស់ប្តូរ «ស្ថានភាព» នៅជុំវិញដែនទឹកនៅទីនោះ ដោយបញ្ជូនទូកឆ្មាំឆ្នេរសមុទ្រទៅកាន់តំបន់ហាមឃាត់ដោយនិយាយថា ភាពតានតឹងគួរតែ «អាចគ្រប់គ្រងបាន»៕

ប្រភព៖ CNA

Share.