លោក ដូណាល់ ត្រាំ បានព្រមានថា «វានឹងក្លាយជាការបង្ហូរឈាម» សម្រាប់អាមេរិក ប្រសិនបើលោក មិនឈ្នះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនាពេលខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Independent នាថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤។

ការព្រមានរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក វ័យ ៧៧ឆ្នាំរូបនេះ បានធ្វើឡើងនៅពេលថ្លែងទៅកាន់អ្នកគាំទ្រនៅឯការជួបជុំ Buckeye Values ​​PAC Rally នៅទីក្រុង Dayton រដ្ឋ Ohio កាលពីថ្ងៃសៅរ៍ ទី១៦ ខែមីនា។

ក្នុងការជួបជុំនោះ លោក ត្រាំ បានជំរុញឱ្យប្រជាជនអាមេរិកបោះឆ្នោតឱ្យលោក ដោយនិយាយថា «​ធ្វើ​ឲ្យ​អាមេរិក​អស្ចារ្យ​ម្ដង​ទៀត» ប្រសិនបើលោកជាប់ឆ្នោត ប៉ុន្ដែ លោក ត្រាំ បាន​ព្រមានដែរ​ថា៖ «ឥឡូវ​នេះ ប្រសិនបើ​ខ្ញុំ​មិន​ជាប់​ឆ្នោត​ទេ វា​នឹង​ក្លាយ​ជា​ការ​បង្ហូរ​ឈាម​សម្រាប់​ប្រទេសទាំងមូល»។

យ៉ាងណាម៉ិញ ឆ្លើយតបទៅនឹងលោក ត្រាំ ក្រុមយុទ្ធនាការរបស់ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លោក ចូ បៃដិន បានចាត់ទុកការព្រមានបង្ហូរឈាមនេះថា ជាការគំរាមកំហែងនៃអំពើហិង្សាផ្នែកនយោបាយ ពីគូប្រជែង។

សូមជម្រាបថា ការប្រកួតប្រជែងដើម្បីក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក សម្រាប់អាណត្តិថ្មី រវាងលោក ត្រាំ និងលោក បៃដិន នឹងចាប់ផ្ដើមនៅថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខនេះ៕

ប្រភព៖ Independent

Share.